website_news:2020180509

ថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ បើកអាជីវកម្ម និងធ្វើដំណើរទូទាំងប្រទេសថៃឡើងវិញ

https://thmeythmey.com/ 17, May 2020 , 4:28 pm

ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅប្រទេសថៃ អាចបើកអាជីវកម្មមួយចំនួនបានឡើងវិញ និងអាចធ្វើដំណើរបានគ្រប់ពេលវេលា នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយ បញ្ជាក់ថា ការអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញ និងធ្វើដំណើរបានគ្រប់ពេលវេលានេះ គឺជាការបន្ធូរបន្ថយនៃវិធានការរឹតបន្តឹង និងផ្លាស់ប្តូរពេលវេលាបម្រាមគោចរទូទាំងប្រទេសថៃ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារតែជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ភោជនីយដ្ឋាន សួនអាហារ មជ្ឈមណ្ឌលអាហារ អាហារដ្ឋាន ផ្សារទំនើប កន្លែងលក់ទំនិញ ហាងសហគមន៍ ហាងលក់រាយ-បោះដុំ កន្លែងផ្តល់សេវាថែក្មេង-មនុស្សចាស់ កន្លែងស្នាក់នៅ ការថតផ្សាយកម្មវិធីទូរទស្សន៍ ភាពយន្ត វីដេអូ បន្ទប់ប្រជុំក្នុងសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទ ជាដើម ត្រូវបានរដ្ឋាភិបាលថៃអនុញ្ញាតឲ្យបើកឡើងវិញ។ ប៉ុន្តែ ស្ថានទូតកម្ពុជា សង្កត់ធ្ងន់ក្នុងសេចក្តីជូនដំណឹងថា កន្លែងទាំងនេះ ហាមដាច់មិនឲ្យលក់គ្រឿងស្រវឹងឡើយ។

ជាមួយគ្នានេះ គ្លីនិកថែទាំសម្រស់ ហាងកែសម្ផស្ស ហាងធ្វើសក់-ក្រចក ក៏ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការវិញដែរ ប៉ុន្តែហាមការកែសម្ផស្សលើផ្ទៃមុខ។ ចំណែក កន្លែងហាត់ប្រាណ ដែលមិនស្ថិតនៅក្នុងផ្សារទំនើប កន្លែងលើកទំនិញ និង ហាងតាមសហគមន៍ ក៏ទទួលការអនុញ្ញាតឲ្យបើកដែរ តែអនុញ្ញាតឲ្យបើកហាត់តែយូហ្កា ឬហាត់ប្រាណដែលមិនប្រើឧបករណ៍កីឡា។ នៅទីកន្លែងផ្សេងៗទៀត ដែលទទួលការអនុញ្ញាតឲ្យបើកវិញ ដូចជា អាងហែលទឹកសាធារណៈ សួនផ្កា សារមន្ទីរ មជ្ឈមណ្ឌលអប់រំ ទីតាំងប្រវត្តិសាស្ត្រ បណ្ណាល័យសាធារណៈ និង រោងភាបយន្ត។

ថ្វីដ្បិត អាជីវកម្មទាំងនោះអនុញ្ញាតឲ្យដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលថៃនៅតែតម្រូវឲ្យបុគ្គលិក ឬម្ចាស់ទីតាំងអាជីវកម្មនីមួយៗ អនុវត្តវិធានការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទៅតាមសេចក្តីណែនាំ លក្ខខណ្ឌ និងពេលវេលាដែលភិបាលក្រុង-ខេត្ត បានកំណត់។ លើសពីនេះ អាជ្ញាធរ មានសិទ្ធត្រួតពិនិត្យ ណែនាំ ដាស់តឿន និងហាមឃាត់ ឬចាត់វិធានតាមផ្លូវច្បាប់៕

website_news/2020180509.txt · Last modified: 2020/05/18 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki