website_news:2020180510

ពលករខ្មែរមួយគ្រួសារមានកូនតូច២នាក់ទ្រាំនៅប្រទេសថៃអត់ការងារធ្វើអំឡុងវិបត្តិជំងឺកូវីដ-១៩

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2020-05-17

ពលករខ្មែរមួយគ្រួសារមានកូនតូច២នាក់បន្តស្នាក់នៅប្រទេសថៃអត់ការងារធ្វើជាង ២ខែហើយ បណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។ អំឡុងពេលអត់ការងារធ្វើនេះ ពួកគាត់បានឱ្យឪពុកម្ដាយខ្ចីប្រាក់ធនាគារផ្ញើពីស្រុកកំណើតយកទៅចាយវាយនៅប្រទេសថៃ។ តើពួកគាត់ជួបការលំបាកបែបណាអំឡុងពេលអត់ការងារធ្វើនេះ? ពលករខ្មែរមួយគ្រួសារមានសមាជិក៤នាក់ ក្នុងនោះមានកុមារអាយុក្រោម ១០ឆ្នាំ ២នាក់ ក៏បានទៅតាមឪពុកម្ដាយធ្វើការនៅប្រទេសថៃដែរ។ ពួកគេមានស្រុកកំណើតនៅ ស្រុកបវេល ខេត្តបាត់ដំបង បានចាកចេញពីផ្ទះទៅធ្វើការងារនៅខេត្តជាប់ទីក្រុងបាងកកប្រមាណ១០មកឆ្នាំហើយ។ នៅថ្ងៃទី១៧ ខែឧសភា ប្រពន្ធនៅមើលកូនក្នុងបន្ទប់ជួលនៅខេត្តនុនថាក់បូរី (Nonthakburi) ហើយប្ដីចេញទៅស៊ីឈ្នួលកាត់ស្មៅឱ្យជនជាតិថៃ។

ពលករវ័យ៣២ឆ្នាំ លោក ឆាន វិឆៃ រៀបរាប់ថា ថៅកែបានផ្អាកការងាររបស់លោកជាង ២ខែហើយ មិនទាន់បើកឡើងវិញនៅឡើយទេ ដោយសារតែវិបត្តិជំងឺកូវីដ១៩។ លោកបន្តថា អំឡុងពេលរាតត្បាតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ លោកស្វះស្វែងរកការងារគ្រប់យ៉ាងមិនរើសមុខឡើយ ហើយយូរម្ដងៗមានជនជាតិថៃហៅទៅធ្វើការ តាមផ្ទះ ដូចជាកាត់មែកឈើ កាត់ស្មៅ និងសំអាតលូទឹកស្អុយជាដើម។ លោកបញ្ជាក់ថា ពេលធ្វើការងារម្ដងបានប្រាក់ចន្លោះពី ២០០ទៅ ៣០០បាតក្នុងមួយថ្ងៃ ក៏ប៉ុន្តែប្រាក់កំរៃនេះមិនគ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំឡើយ៖ «ព្រោះនៅណេះអត់មានការងារធ្វើទៀត ហើយគេបិទអត់ឱ្យទៅណាឆ្ងាយទេ នៅតែមួយខេត្តទៅរកការងារធ្វើឆ្ងាយអត់បាន។ ជួនកាលគេឱ្យជីកប្រឡាយទឹកស្ដារអណ្ដូងអីចេះតែជីកទៅ បួនប្រាំថ្ងៃធ្វើបានមួយថ្ងៃពីរថ្ងៃ។ លំបាកខ្លាំងណាស់ ប្រជាពលរដ្ឋថៃក៏គេបិទ គេបិទអស់ហើយ គេបិទរោងចក្រស្ទើរគ្រប់កន្លែងហើយ ។ ខ្ញុំត្រូវតែតស៊ូទៅមុខទៀត ខំប្រឹងរកការងារតិចៗ ដើម្បីដោះស្រាយបញ្ហាក្រពះ»។ លោកបន្តថា មុនពេលមានវិបត្តិជំងឺកូវីដ១៩ លោកនិងប្រពន្ធធ្វើការនៅក្រុមហ៊ុនលក់គ្រឿងសង្ហារិម ដោយបានប្រាក់ឈ្នួលម្នាក់ ១ម៉ឺន២ពាន់(១.២០០០)បាតក្នុងមួយខែ ហើយប្រាក់នេះ ក្រោយពីបង់ថ្លៃបន្ទប់ជួល និងចាយវាយហើយលោកសន្សំបានប្រាក់ប្រមាណ ១ម៉ឺនបាត(១០.០០០) ផ្ញើទៅឱ្យឪម្ដាយនៅផ្ទះ ក៏ប៉ុន្តែពេលនេះមិនមានប្រាក់ផ្ញើទៅផ្ទះដូចពេលមុននោះទេ ផ្ទុយទៅវិញ ក្រុមគ្រួសារថែមទាំងបានខ្ចីប្រាក់ពីធនាគារនៅស្រុកខ្មែរផ្ញើទៅឱ្យចាយវាយទៀតផង។

លោកស្រី រ៉េន បញ្ញា ថ្លែងថា សព្វថ្ងៃនេះប្ដីរបស់លោកស្រីធ្វើការម្នាក់ឯងបានម្ដងម្កាល ដូច្នេះមិនគ្រប់បង់សម្រាប់ចាយវាយនោះទេ ទើបលោកស្រីទូរស័ព្ទទៅម្ដាយរបស់ខ្លួនឱ្យខ្ចីប្រាក់ពីធនាគារ ៥ពាន់បាត(៥.០០០)ក្នុងមួយខែបន្ថែមទៀត ដើម្បីដោះស្រាយជីវភាពគ្រួសារនៅប្រទេសថៃ។ លោកស្រីបញ្ជាក់ថា រហូតមកពេលនេះម្ដាយរបស់លោកស្រី បានផ្ញើប្រាក់ពីស្រុកកំណើតចំនួនពីរលើកមកហើយ ដោយប្រាក់៣ពាន់ បាតបង់ថ្លៃបន្ទប់ជួល និង២ពាន់(២.០០០) បាតទុកទិញអាហារហូបចុកអំឡុងពេលអត់ការងារធ្វើនៅថៃ៖ «ដូចថា មួយខែទល់មួយខែ សឹងតែយើងរកអត់បានប្រាក់ចំណូលអីសោះ ប្រាក់បង់ថ្លៃផ្ទះអត់គ្រប់ផង អីចឹងមានតែឱ្យម្ដាយផ្ញើប្រាក់ពីផ្ទះមក។ ខ្ញុំហូបត្បិតត្បៀតណាស់ មានត្រីខ និងមីកញ្ចប់ ហើយជូនកាលប្ដីខ្ញុំគាត់ទៅរកចាប់ត្រីទៅបានហូបត្រីអីខ្លះ ខ្ញុំលំបាក ២ដងនៅប្រទេសថៃ កាលឆ្នាំទឹកលិចទីក្រុងបាងកក ក៏ខ្ញុំនៅទីនេះដែរ ព្រោះទឹកលិចខ្លាំងយើងទៅផ្ទះអត់កើត»។ គ្រួសារមួយនេះមានកូន៣នាក់ ដោយកូនប្រុសម្នាក់កូនស្រីម្នាក់អាយុក្រោម ១០ឆ្នាំ ទៅតាមឪពុកម្ដាយធ្វើការងារនៅប្រទេសថៃ ហើយកូនម្នាក់ទៀតស្នាក់នៅជាមួយជីដូននៅខេត្តបាត់ដំបង។

លោកស្រី រ៉េន បញ្ញា ឱ្យដឹងថា លោកស្រីចង់នាំកូនត្រឡប់ទៅផ្ទះវិញដែរ ក៏ប៉ុន្តែមិនអាចឆ្លងដែនទៅបាន ព្រោះអាជ្ញាធរថៃបានបិទច្រកព្រំដែនមិនទាន់បើកវិញនៅឡើយ ហើយម្យ៉ាងនៅពេលទៅដល់ផ្ទះក៏គ្មានការងារធ្វើ ទើបសម្រេចចិត្តនាំគ្នាខាំស្មៅនៅក្រៅប្រទេសរហូតមក។ លោកស្រីព្រួយបារម្ភអំពីអនាគតរបស់កូនខ្លាចមិនបានរៀនជ្រៅជ្រះ លោកស្រីនិងប្ដីធ្វើការងារលំបាក ជាពលករចំណាកស្រុកនេះ ហើយក៏មិនចង់ឱ្យកូនលំបាកដូចពួកគាត់ទៀតឡើយ នៅពេលអនាគត៖ «របៀបថា គ្មានអ្នកណាជួយអ្នកណាបានអីចឹងលំបាកគ្រប់គ្នា ដូចថាធ្វើការវាអត់បានពេញលេញល្អទេ ជួលកាលថ្ងៃណាអត់មានគឺអត់បណ្ដោយ ដូចថាអ្នកនៅជិតៗនេះ គេហៅទៅលាងចានហៅជួយដកស្មៅគេឱ្យប្រាក់១០០ពីររយបាត ក៏ចេះតែយកមកដើម្បីផ្គត់ផ្គង់ម្ហូបឱ្យកូនបានហូប។ នៅនេះខ្ញុំរកការងារធ្វើដែរ ប៉ុន្តែយើងខ្មែរផង ម្យ៉ាងទៀតរោគហ្នឹងមកផងគេមិនសូវជាជួលយើងប៉ុន្មានទេ ទាល់តែយើងសុំគេធ្វើមួយថ្ងៃខាងពីរ ឬបីសុំធ្វើមួយថ្ងៃទៀតទៅ»។

រដ្ឋាភិបាលថៃនៅតែបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយហាមឃាត់ប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្ទះចាប់ពីម៉ោង ១០យប់ ទៅដល់ម៉ោង៤ទៀបភ្លឺ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ហើយប្រសិនបើជនណាល្មើសបម្រាមនេះ នឹងមានទោសជាប់គុក ១ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត (៤០.០០០) ឬប្រមាណ១ពាន់ ៣០០ដុល្លារអាមេរិក។

ស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក បានប្រកាសជាបន្តបន្ទាប់ដល់ពលរដ្ឋខ្មែរទាំងឡាយដែលស្នាក់នៅប្រទេសថៃ ឱ្យគោរពតាមការណែនាំរបស់រដ្ឋាភិបាលថៃ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការការរាលដានជំងឺកូវីដ១៩។ ស្ថានទូតខ្មែរបន្ថែមថា ប្រសិនបើពលករខ្មែរណាមានបញ្ហាអំឡុងពេលនេះ សូមទាក់ទងមន្ត្រីស្ថានទូតខ្មែរ ០១២ ៨០៥ ០៥៦១ និង ០៩៤ ០៩២៥៩០៥។

ទាក់ទងនឹងបញ្ហានេះ ប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរជាច្រើននាក់ផ្សេងទៀតអត់ការងារធ្វើ ហើយមួយចំនួនបានដាច់ស្បៀងបណ្ដើរៗហើយ ដោយសារថៅកែផ្អាកការងារបណ្ដាលពីមកជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ គឺរដ្ឋាភិបាលកម្ពុជា និងថៃ ត្រូវសហការគ្នាផ្ដល់ប្រាក់ឧបត្ថម្ភជូនពួកគាត់ ដើម្បីឱ្យពួកគាត់ទិញស្បៀងអាហារហូបចុកបណ្ដោះអាសន្ន ហើយប្រសិនបើមិនមានលទ្ធភាពជួយពួកគាត់ទេ គួរតែសម្រួលឱ្យពលករដែលពុំមានការងារធ្វើត្រឡប់មកផ្ទះវិញ៖ «ហើយការវិលត្រឡប់មកវិញនោះ វាត្រូវមានការសម្របសម្រួលដូចកន្លងមក យើងចុះទៅផ្ទាល់ខ្ញុំសួរពលករ គឺចំណាយថ្លៃជិះឡានឈ្នួលពីកន្លែងគាត់ធ្វើការមកដល់ព្រំដែនកម្ពុជា ខ្លះ២ពាន់បាត ខ្លះ៣ពាន់បាត(៣.០០០) ធម្មតាអស់តែ២០០ ឬបីរយបាតទេ ថ្លៃឡាន។ ត្រូវគិតគួររឿងចំណុចហ្នឹង បើនិយាយឱ្យគឺជាកាតព្វកិច្ចរបស់រដ្ឋត្រូវតែការពារប្រយោជន៍របស់ពលរដ្ឋ ហើយបើអាចគឺសម្រួលក្នុងការដឹកជញ្ជូនពួកគាត់ត្រឡប់មកផ្ទះវិញមក»។

ទោះជាយ៉ាងណាកាលពីថ្មីៗនេះ លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកគ្មានប្រាក់ជួយដល់ប្រជាពលរដ្ឋអត់ការងារធ្វើដោយសារជំងឺកូវីដ១៩នោះទេ ហើយលោកក៏ជំរុញឱ្យអ្នករត់ម៉ូតូឌុបនៅក្នុងប្រទេសដែលជួបវិបត្តិអត់ការងារធ្វើ ឱ្យលក់ម៉ូតូទិញអង្គរហូបសិនទៅ។

របាយការណ៍របស់អង្គការសង់ត្រាល់ ឱ្យដឹងថា មានពលករខ្មែរស្របច្បាប់ និងខុសច្បាប់ប្រមាណ២លាននាក់(២.០០០.០០០)កំពុងធ្វើនៅប្រទេសថៃ ហើយរហូតមកទល់ពេលនេះមានពលករខ្មែរជិត ១០ម៉ឺននាក់ហើយបានត្រឡប់ទៅស្រុកកំណើតវិញ៕

website_news/2020180510.txt · Last modified: 2020/05/18 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki