website_news:2020190204

ក្រសួងការងារបញ្ជាក់ថា កំពុងខិតខំបន្តគ្រប់គ្រងទីផ្សារការងារជូនពលរដ្ឋ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១៣:០៤ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថាក្រសួងបាននឹងកំពុងបន្តខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលបានខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នាទីស្តីការក្រសួង។លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងថា សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំនេះបានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាកាន់តែដើរតួរនាទីយ៉ាងសំខាន់ដល់ការគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងបន្តជម្រុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជាការបន្តនិរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ ។ លោកបានគូសបញ្ជាក់ថា ៖«ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋរហូតមានកម្លាំងពលកម្មសរុបប្រមាណ១០លាននាក់ ក្នុងនោះនៅក្នុងប្រទេសប្រមាណ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្ត្រីសាធារណៈ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង១,២៨លាននាក់» ។

លោកបន្តទៀតថា ដែលកត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋជាង៩៩,៣% មានការងារធ្វើ ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានការចុះបញ្ជីនៅក្រសួងសរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថានដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបានទទួលប្រាក់ឈ្នួល ជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលពលករមកពីក្រៅប្រទេសក្នុង១ឆ្នាំ ជាង ២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង ៦,៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ស្តីពីការងារមន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ចចំនួន៤៩២២លើក, បានដាក់កំហិតចំនួន៩៧៧សហគ្រាស, បានចេញលិខិតផាកពិន័យ ៥៥សហគ្រាស និងប្តឹងទៅតុលាការ ៦សហគ្រាស ជាលទ្ធផលរោងចក្រសហគ្រាសដែលមិនគោរពច្បាប់ស្តីពីការងារ បានធ្លាក់ចុះគួរកត់សម្គាល់ ។ ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព បានធ្វើឲ្យចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់ ៥២០៩ ក្នុងនោះ សហជីពមូលដ្ឋានចំនួន ៤ ៩៤៩, សហព័ន្ធសហជីពចំនួន ២១៦,សហភាពសហជីពចំនួន៣៣ និងសមាគមនិយោជកចំនួន១១ ៕

website_news/2020190204.txt · Last modified: 2020/02/19 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki