website_news:2020190207

ឆ្នាំ២០១៩ កម្ពុជា បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសជិត៧ម៉ឺននាក់ ថយចុះជាង៨០ភាគរយ

http://kampucheathmey.com/ 19/2/2020 2:09 Pm

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា កាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ កម្ពុជា បានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសចំនួន ៦៨ ០៤០ នាក់ ថយចុះចំនួន៨០,១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ ដែលបានបញ្ជូនរហូតដល់ ៣៤២ ១៥៤ នាក់។

ការថយចុះចំនួនពលករដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺភាគច្រើននៅប្រទេសថៃដែលកាលពីឆ្នាំ២០១៨កន្លងទៅ កម្ពុជា បានបញ្ជូនពលករទៅធ្វើការនៅថៃចំនួន ៣៣៣ ៨៧២ នាក់ ខណៈឆ្នាំ២០១៩ បានបញ្ជូនត្រឹមតែ ៥៧ ៨២៣ នាក់ ថយចុះ៨២,៦ភាគរយ។ ក្រៅពីនេះឆ្នាំ២០១៩នេះដែរ ការបញ្ជូនពលករទៅធ្វើប្រទេសសិង្ហបុរីក៏មានការធ្លាក់ចុះចំនួន៥២,៩ភាគរយដែរ ដោយឆ្នាំ២០១៨ បញ្ជូនចំនួន២៨៧នាក់ ខណៈឆ្នាំ២០១៩ បញ្ជូនត្រឹមតែ១៣៥នាក់ប៉ុណ្ណោះ។

តាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបានឲ្យដឹងទៀតថា ផ្ទុយពីប្រទេសថៃ និងសិង្ហបុរី កម្ពុជា បានបង្កើនការបញ្ជូនពលករទៅធ្វើការនៅតាមបណ្ដាប្រទេសចំនួន៥ទៀតផងដែរដូចជា សាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ បានបញ្ជូន៥៩៣៨នាក់ កើនឡើង២១,៩ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន៤៨៧០នាក់ ប្រទេសជប៉ុនបញ្ជូន៣៩៤៥នាក់ នៅឆ្នាំ២០១៩កើនឡើង៣១,៤ភាគរយ ធៀបឆ្នាំ២០១៨ មានចំនួន ៣ ០០២ នាក់ ប្រទេសម៉ាឡេស៊ីបញ្ជូន៣៣នាក់នៅឆ្នាំ២០១៩ កើនឡើង៦៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន២០នាក់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបញ្ជូនចំនួន៥៨នាក់ នៅឆ្នាំ២០១៩ កើនឡើង២៦២,៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន១៦នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុងបញ្ជូនចំនួន៧២នាក់ នៅឆ្នាំ២០១៩ កើនឡើង៣៣,៣ភាគរយ ធៀបនឹងឆ្នាំ២០១៨ មានចំនួន៥៤នាក់។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថាពលករដែលបញ្ជូនទៅធ្វើការនៅក្រៅប្រទេសធ្វើឡើង តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនធ្វើការជ្រើសរើសបណ្ដុះបណ្ដាលបញ្ជូន និងគ្រប់គ្រងពលករទៅធ្វើការនៅបរទេសចំនួន១០៤ក្រុមហ៊ុន និងតាមប្រព័ន្ធរដ្ឋ និងរដ្ឋចំនួន១។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល នៃប្រទេស ទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានា ដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីនានាផងដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំណែកក្រសួង បានបន្តខិតខំយកចិត្តទុកដាក់ដល់ពលករដែលធ្វើការនៅក្រៅប្រទេស និងពង្រីកទីផ្សារនៅក្រៅប្រទេស ដោយបន្តផ្ដល់សេវា៥យ៉ាង ជូនពលករកម្ពុជា នៅឯបរទេស ៖ ទី១-អនុវត្តសេចក្ដីថ្លែងការណ៍អាស៊ាន ស្តីពី ការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍។ បាននិងកំពុងខិតខំជួយពលករដែលធ្វើការនៅបរទេស ដើម្បីធានានូវផលប្រយោជន៍ស្របច្បាប់។ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនស្របច្បាប់។ ចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតនៃ ប្រទេសដែលមានពលករ ដូចជាថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។

ទី២-សហការជាមួយប្រទេសដៃគូ ក្នុងការទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ដូចជា ជាងកំបោរ និង តបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឲ្យពលករទៅរៀនបន្ថែមនៅតាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់វិញ្ញាបនបត្រទទួលស្គាល់។ បន្ទាប់ពី ត្រឡប់មកប្រទេសកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។

ទី៣-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម។

ទី៤-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធនិវត្តដោយពលករអាចផ្ទេរ សមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយ បន្ទាប់ពីចប់កិច្ចសន្យាការងារ និងដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធនិវត្ត។

និងទី៥-បានសម្រួលបែបបទជូនពលករធ្វើការនៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេស ធ្វើជាតំណាង សម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន ដោយមិនចាំបាច់សាមីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា បានបញ្ជូនពលករទៅធ្វើការនៅតាមបណ្តាប្រទេសចំនួន៧ រួមមានប្រទេសថៃ កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយបានផ្ញើ ប្រាក់មកប្រទេសវិញប្រមាណជាង២ពាន់លានដុល្លារអាមេរិក ដែលបានជួយលើកស្ទួយដល់ជីវភាព ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត៕

website_news/2020190207.txt · Last modified: 2020/02/19 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki