website_news:2020190501

អង្គការUNFPA ផ្តល់សម្ភារសម្រាប់ការពារមេរោគកូវីដ១៩ដល់ខេត្តចំនួន៥ នៃប្រទេសកម្ពុជា

http://btv.com.kh/nation-news/ 18/05/2020

ភ្នំពេញ៖ អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ដែលហៅកាត់ថា UNFPA បានផ្តល់សម្ភារៈជាច្រើនដល់ប្រទេសកម្ពុជា ដើម្បីការពារមេរោគកូវីដ១៩ ដោយជំនួយមនុស្សធម៌ទាំងនេះ នឹងផ្តល់ជូនដល់ស្ត្រីមាន ផ្ទៃពោះ. ស្ត្រីក្រីក្រ និងកុមារងាយរងគ្រោះនៃខេត្តចំនួនប្រាំ ដែលខេត្តទាំងនោះ ភាគច្រើនគឺសប្បូរពលករខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ។

ថ្លែងប្រាប់បន្ទាប់ពីពិធីផ្តល់ និងទទួលនូវសម្ភារៈទាំងនោះ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោកជំ ទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា ជំនួនរបស់អង្គការ UNFPAនេះ គឺជាផ្នែកមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បើទោះបីជាមេរោគដ៏កាចសាហាវនេះមាន លក្ខណៈធូរស្រាលនៅប្រទេសកម្ពុជាក៏ដោយនោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រប៊ីធីវី បន្ទាប់ពីកម្មវិធីនេះដែរ លោក Daniel Alemu នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA) បានលើកឡើងថា សម្ភារៈ ដែលអង្គការរបស់លោកបានផ្តល់នេះ គឺសម្រាប់ប្រើប្រាស់ចាំបាច់ សម្រាប់ស្ត្រី និងកុមារ ក្នុងស្ថានភាពប្រឈមនឹងមេរោគកូវិដ១៩ ខណៈមេរោគនេះបានកំពុងផ្ទុះឡើងនៅទូទាំងពិភពលោកនោះ។ លោក Daniel Alemu បានបន្តទៀតថា អង្គការ UNFPAនឹងបន្តសហការជានិច្ចជាមួយរាជរដ្ឋាភិបាល កម្ពុជា ជាពិសេសជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ដើម្បីជួយដល់ស្ត្រីមានផ្ទៃពោះ កុមារងាយរងគ្រោះនៅប្រទេសកម្ពុជាក៏ដូចជាពិភពលោកនោះ។

សូមបញ្ជាក់ថា សម្ភារៈសម្រាប់ប្រើប្រាស់ជាចាំបាច់ក្នុងស្ថានភាពជំងឺកូវីដ១៩នេះ គឺមានចំនួន១៦៧០ កញ្ចប់ ហើយនឹងចែកជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីក្រីក្រ និងកុមារ នៅខេត្តចំនួនប្រាំគឺខេត្តបាត់ដំបង បន្ទាយ មានជ័យ កំពង់ធំ សៀមរាប និងខេត្តព្រៃវែង៕

website_news/2020190501.txt · Last modified: 2020/05/19 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki