website_news:2020190504

រដ្ឋមន្រ្តីសុខាភិបាល អំពាវនាវដល់ពលករដែលត្រឡប់ពីប្រទេសថៃ កុំទាន់ត្រឡប់ទៅវិញនៅដំណាក់កាលនេះ ព្រោះប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូវីដ១៩

https://www.fastnewsdaily.com/d/ ចេញផ្សាយ ថ្ងៃទី10 ខែឧសភា ឆ្នាំ2020

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ ពលករទាំងអស់ដែលបានត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា កុំទាន់ត្រឡប់ទៅកាន់ប្រទេសថៃ នៅក្នុងដំណាក់កាលនេះឱ្យសោះ ព្រោះអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសថៃ។

លោក ម៉ម ប៊ុនហេង បានថ្លែងថា ថ្មីៗនេះយើងសង្កេតឃើញថាមានបងប្អូនពលករដែលបានត្រលប់មកពីប្រទេសថៃកន្លងមកមួយចំនួន បានប្រថុយនឹងគ្រោះថ្នាក់ឆ្លងដែនត្រលប់ទៅ ប្រទេសថៃវិញ។ បងប្អូនមិនគួរត្រលប់ទៅប្រទេសថៃវិញទេនៅពេលនេះ ព្រោះថាការត្រលប់ទៅវិញនៅពេលនេះ គឺដូចជាការដែលបងប្អូនវិលទៅរកការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូវីដ១៩ផងដែរ។ លើសពីនេះទៅទៀត ការធ្វើដំណើរឆ្លងដែននៅរដូវនេះ បងប្អូននឹងប្រឈមមុខខ្ពស់ នឹងការ ឆ្លងជំងឺគ្រុនចាញ់ថែមទៀតផង។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា ជីវិតរបស់យើងម្នាក់ៗសំខាន់ណាស់ បើយើងនៅមានជីវិតរស់នៅ យើងត្រូវប្រើប្រាស់ឱកាសដ៏មានតំលៃនេះ ដើម្បីកសាងជីវភាពរស់នៅប្រកបដោយសុខមាលភាព និងវឌ្ឍនភាពក្នុងគ្រួសារនិង សង្គមរបស់យើង។ មិនគួរប្រថុយប្រថានចំពោះបញ្ហាប្រឈម ដែលអាចគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ហេតុនេះលោកយសូមអំពាវនាវដោយទទូចសូមបងប្អូនពលករទាំងអស់ មេត្តាចូលរួមគោរពតាមការណែនាំរបស់រាជរាដ្ឋាភិបាលក្នុងការទប់ស្កាត់ ការចំលងមេរោគកូវីដ១៩។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរនៅប្រទេសថៃ ប្រមាណជិត៩ម៉ឺននាក់បានត្រឡប់មកប្រទេសកម្ពុជា គិតចាប់តាំងពីប្រទេសនេះ បានឆ្លងរីករាលដាលជំងឺកូវីដ១៩ និងដាក់ចេញវិធានការជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្តី ពលករដែលត្រឡប់មកកម្ពុជាវិញមួយចំនួន ក៏នៅតែព្យាយាមត្រឡប់ទៅកាន់ប្រទេសថៃវិញ ដើម្បីបន្តការងាររបស់ពួកគេ។ គិតរហូតមកដល់ពេលនេះ ប្រទេសថៃ នៅតែរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗជាបន្តបន្ទាប់ ដែលករណីឆ្លងសរុបកើនដល់ ៣,០០៤ករណី ក្នុងនោះស្លាប់ ៥៦នាក់៕

website_news/2020190504.txt · Last modified: 2020/05/19 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki