website_news:2020190506

ក្រសួងសង្គមកិច្ចចុះ MoU ជាមួយអង្គការចំនួន៧ ដើម្បីជួយកុមាររងគ្រោះ និងងាយសង្គ្រោះនៅកម្ពុជា

http://www.freshnewsasia.com/ 2020-05-19

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៧ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើ ការជួយការពារកុមាររងគ្រោះ និងងាយគ្រោះ។

អង្គការទាំង៧នេះ មានសុពលភាពនៃកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច មានរយៈពេល០៣ឆ្នាំ ដែលមានថវិកាអនុវត្តគម្រោងសរុប ៨៣,៩០៣,៣៨៧ ដុល្លារអាមេរិក អង្គការទាំងនោះរួមមាន៖ ១៖ អង្គការ Kaleb e.V,Combodai ២៖ អង្គការ ជីវិតនៅកម្ពុជា ៣៖ អង្គការក្តីសង្ឃឹមប្រជាជនអាស៊ីកម្ពុជា ៤៖ អង្គការក្តីសង្ឃឹមរបស់កុមារងាយរងគ្រោះ ៥៖ អង្គការម្លប់ឬស្សី ៦៖អង្គការអនាគតថ្មីសម្រាប់កុមារ ៧៖ អង្គការដៃគូផ្តល់មេត្តា (ភីស៊ី)។ ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀង (MoU) នាពេលនេះបានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំអង្គការទាំង៧ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ លោក តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ បន្ថែមពីលើនោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់កុមាររងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការទាំង៧ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ចនាពេលនេះ សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែកជួយការពារកុមាររងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្ម កុមារស្នាក់ក្នុងមណ្ឌល កុមារនៅតាមសហគមន៍ កុមារទំនាស់នឹងច្បាប់ កុមារតាមផ្លូវសាធារណៈជាដើម៕ ជាមួយគ្នានោះ លោក តូច ចាន់នី បានក្រើនរំលឹកដល់អង្គការទាំង៧ ដែលបានចុះ MOU នាពេលនេះ សូមបន្តអនុវត្ត ពិធីការពារជំងឺកូវីដ ១៩ តាមការណែនាំរបស់រាជារដ្ឋាភិបាល ក៍ដូចក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច កន្លងមក៕

website_news/2020190506.txt · Last modified: 2020/05/19 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki