website_news:2020190603

អនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស៖ ប្រជាពលរដ្ឋកុំប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់ គួរធ្វើការនៅក្នុងប្រទេសប្រសើរជាង

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2020

AKP សៀមរាប ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកនៅតែប្រឈមនឹងមេរោគកូវីដ-១៩ ហើយនៅរាល់ការធ្វើដំណើរឆ្លងដែន គឺត្រូវបានធ្វើពិនិត្យពីមន្រ្តីជំនាញយ៉ាងយកចិត្តទុកដាក់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ផងដែរ។ ថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួន១០០នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេស ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលស្ថិតនៅក្នុងវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ខណៈដែលកំពុងតែប្រឈមនឹងបញ្ហាមេរោគកូវីដ-១៩ នេះ យើងឃើញថា មានប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមានការលួចឆ្លងដែនដោយខុសច្បាប់តាមរយៈការចាញ់បោកមេខ្យល់។

លោកជំទាវបានណែនាំឱ្យប្រជាពលរដ្ឋដែលមានបំណងឆ្លងដែនដោយខុសច្បាប់គួរបញ្ឈប់ជាបន្ទាន់ ព្រោះការលួយឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឱ្យបងប្អូនប្រឈមនឹងបញ្ហាជាច្រើន ដូចជា ងាយឆ្លងមេរោគកូវីដ-១៩ ចាញ់បោកមេខ្យល់ខាតបង់ប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ពេលគេចាប់បាននឹងធ្វើបាប់គ្រប់សព្វបែបយ៉ាង។ លោកជំទាវបានបន្ដថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យទៅធ្វើការក្រៅប្រទេសនោះទេ ប៉ុន្តែបងប្អូនត្រូវចាំឱ្យស្ថានភាពជំងឺកូវីដចប់សិន ហើយត្រឡប់ទៅធ្វើការក្រៅប្រទេសវិញតាមរយៈក្រសួងការងារ ឬក្រុមហ៊ុនដោយស្របច្បប់។ លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ស្ថានភាពបច្ចុប្បន្ននេះ បងប្អូនគួរងាកមកធ្វើការងារនៅក្នុងស្រុកសិនល្អជាង ដូចជាការដាំបន្លែបង្ការ ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ខេត្ដសៀមរាបបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅស្រុកក្រឡាញ់មានប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កក្នុងវិទ្យាល័យក្រឡាញ់មានចំនូន៦៥៤នាក់ ស្រី ២៩៤នាក់។ លោកស្រីបានបន្ដថា អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កមកដល់ថ្ងៃនេះមានចំនួន៥០៥នាក់ ស្រី២២៦នាក់ ក្នុងនោះ កុមារា ៣១នាក់ កុមារី ២៥នាក់ និងស្ត្រីមានផ្ទៃពោះ ១២នាក់។ លោកស្រីអភិបាលស្រុកបានបន្ថែមទៀតថា បច្ចុប្បន្ននៅសល់ចំនួន១៤៩នាក់ ស្រី ៦៨នាក់ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក ហើយរៀងរាល់ថ្ងៃនេះ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកមកពីប្រទេសថៃជាបន្តបន្ទាប់៕ ដោយ៖ឃុត សៅ

website_news/2020190603.txt · Last modified: 2020/06/19 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki