website_news:2020190604

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពង្រឹងវិធានការទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2020

AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានជំរុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនពង្រឹងវិធានការទប់ស្កាត់ការឆ្លងដែន ដោយខុសច្បាប់របស់ពលករកម្ពុជាឱ្យមានប្រសិទ្ធភាពថែមទៀត។ ការជំរុញរបស់លោកជំទាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលពីមន្ត្រីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងអង្គការអន្តរជាតិ ។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្ត ជាពិសេសមន្ត្រី និងកងកម្លាំង នៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនដែលបានប្រឹងប្រែងក្នុងការទប់ស្កាត់និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃរបស់ពលករកម្ពុជាក្នុងពេលដែលស្ថានភាពនៅតាមព្រំដែនត្រូវបានរឹតបន្ដឹងបិទច្រក ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវបានចាត់ទុកការខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះ គឺធ្វើឱ្យកម្ពុជា រក្សាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនេះ គ្រប់ស្ថាប័ន អង្គភាពទាំងអស់ បាននិងកំពុងរួមសាមគ្គីគ្នា ប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ-១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិ ស្រឡាញ់ជាតិ និងប្រជាជន។

លោកជំទាវ ជូ ប៊ុនអេង ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវដាច់ឱ្យនោះដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ និងបន្តតាមដានសុខភាពខ្លួនឯង។ជាមួយគ្នានេះ ប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ឬក្អកផ្តាសាយសង្ស័យថាខ្លួនមានផ្ទុកនូវវីរុសកូវីដ-១៩ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋានផ្ឋាល់ ឬសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ១១៥ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕ ដោយ៖ ឈុន សារ៉ាត

website_news/2020190604.txt · Last modified: 2020/06/19 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki