website_news:2020190607

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការឆាលហ្វាន់

https://www.facebook.com/ អគ្គនាយកដ្ឋានបច្ចេកទេស 18-06-2020

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការឆាលហ្វាន់ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយផ្តោតសំខាន់លើ ការជួយការពារកុមាររងគ្រោះ និងងាយរងគ្រោះ។ អង្គការឆាលហ្វាន់នេះ មានសុពលភាពនៃកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច មានរយៈពេល០៣ឆ្នាំ ដែលមានថវិកាអនុវត្តគម្រោងសរុប ៦៨៩,៧៤០ ដុល្លាអាមេរិក។

ពិធីចុះហត្ថលេខានៃកិច្ចព្រមព្រៀង (MoU) នាពេលនេះបានរៀបចំឡើងជាផ្លូវការ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការរួមពីថ្នាក់ដឹកនាំក្រសួងនិងថ្នាក់ដឹកនាំអង្គការឆាលហ្វាន់ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម តូច ចាន់នី បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ បន្ថែមពីលើនោះ ឯកឧត្តម តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការដែលសហការនាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើបាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ចជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់កុមាររងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា អង្គការឆាលហ្វាន់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលនេះ សុទ្ធសឹងតែដែលបានចូលរួមចំណែកជួយការពារកុមាររងគ្រោះពីការជួញដូរមនុស្ស ករណីកេងប្រវ័ញ្ចលើកុមារ ការរំលោភបំពានផ្លូវភេទ ការជួញដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្ម កុមារស្នាក់ក្នុងមណ្ឌល កុមារនៅតាមសហគមន៍ កុមារទំនាស់នឹងច្បាប់ កុមារតាមផ្លូវសាធារណៈជាដើម។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់នី បានក្រើនរំលឹកដល់អង្គការឆាលហ្វាន់ ដែលបានចុះកិច្ចព្រមព្រៀង (MOU) នាពេលនេះ សូមបន្តអនុវត្ត វិធីការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច កន្លងមក៕

website_news/2020190607.txt · Last modified: 2020/06/19 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki