website_news:2020191101

សេចក្តីបំភ្លឺព័ត៌មានរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន

http://cambodiapolice.com/policekh/ 4:02 pm 18 វិច្ឆិកា 2020

រាជធានីភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័សនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនពិនិត្យឃើញថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គណនីហ្វេសប៊ុកឈ្មោះ Child Helpline Cambodia បានធ្វើខ្លឹមសារ អមជាមួយរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពាក់ព័ន្ធជាមួយនឹងអំពើហិង្សាលើអនីតិជន ។ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងទទួលការងារជំនាញឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចាត់តាំងមន្ត្រីជំនាញធ្វើការស្រាវជ្រាវស្វែងរកប្រភពពិតប្រាកដនៃករណី និងអនុវត្តជំនាញ ។ នាយកដ្ឋានជំនាញបានហការជាមួយស្នងការដ្ឋាននគរ បាលខេត្តក្រចេះស្រាវជ្រាវរកឃើញថា ករណីហិង្សានេះកើតហេតុនៅភូមិកសាង ឃុំចង្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ និងបានចាត់តាំងកម្លាំងជំនាញចុះអន្តរាគមន៍ និងឈានដល់កោះអញ្ជើញជនសង្ស័យឈ្មោះ រិន ហ៊ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ស្នាក់នៅមូលដ្ឋានកើតហេតុខាងលើ មកសាកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចង្រង់ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តអំពើហិង្សាដោយវាយទៅលើកុមារាឈ្មោះ ម៉េង ហ៊ាង អាយុ ៣ឆ្នាំ ត្រូវជាក្មួយបង្កើត(កូនចិញ្ចឹម) មូលហេតុបណ្ដាលមកពីក្មេងយំពុំដឹងមូលហេតុ និងនោមដាក់ចានបាយ ចានសម្លរទៀតផង។ ជនសង្ស័យរូបនេះបានបញ្ជាក់បន្ថែមថា ក្មេងប្រុសខាងលើ គាត់បានយកមកចិញ្ចឹមតាំងពីកើតមកម្ល៉េះ ដោយសារតែឪពុកម្ដាយបង្កើតរបស់ក្មេងនេះបានលែងលះគ្នា និងបានធ្វើចំណាកស្រុកទៅធ្វើការងារតាមបណ្ដាខេត្តផ្សេង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថាជនសង្ស័យឈ្មោះ រិន ហ៊ា ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្តបុរី ខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះតាមនីតិវិធី។ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន បណ្ដាញទំនាក់ទំនងសង្គម ពិសេសម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលបានសហការផ្ដល់ព័ត៌មានក្នុងការចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការចូលរួមចំណែកគាំពារសិទ្ធិរបស់កុមារកម្ពុជា ៕

website_news/2020191101.txt · Last modified: 2020/11/19 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki