website_news:2020191106

រោងចក្រកែច្នៃសាច់មាន់មួយកន្លែង ក្នុងប្រទេសថៃ យល់ព្រមតាមការទាមទារមួយចំនួន របស់ក្រុមពលករខ្មែរ

https://www.rfa.org/khmer/ ដោយ សុជីវី 2020-11-18

រោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃយល់ព្រមតាមការទាមទារមួយចំនួនរបស់ក្រុមពលករខ្មែរ ដែលបានតវ៉ាកាលពីសប្ដាហ៍មុន។ អ្នកសម្របសម្រួលបណ្ដាញពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី១៧ វិច្ឆិកាម្សិលមិញថា មានចំណុចមួយចំនួនដែលភាគីរោងចក្រយល់ព្រមផ្ដល់ដំណោះស្រាយអោយពលករខ្មែរ ហើយក៏នៅសេសសល់ចំណុចមួយចំនួនទៀតមិនទាន់ដោះស្រាយដែរ៖ «អ្វីដែលពលករទាមទារដូចជាការចេញទៅក្រៅ រឿងថ្លៃបន្ទប់ ហើយនឹងរឿងថ្លៃឯកសារ នេះបើតាមពួកគាត់ប្រាប់មក។ ប៉ុន្តែនៅបញ្ហាមួយចំនួនទៀត ដែលគាត់រង់ចាំខាងក្រុមហ៊ុនគេពិភាក្សាគ្នា ហើយខ្ញុំអត់ទាន់ដឹងថា គេមានវិធានការយ៉ាងម៉េចទេ»។

ពលករខ្មែរប្រមាណប្រាំរយ(៥០០)នាក់ក្នុងចំណោមពលករខ្មែរជាងបីពាន់ (៣ ០០០)នាក់ ដែលធ្វើការនៅរោងចក្រផលិត និងកែច្នៃសាច់មាន់ ឈ្មោះជី.អេហ្វ.អិន (GFN) ក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ បាននាំគ្នាតវ៉ាតាំងពីថ្ងៃទី១១ វិច្ឆិកា ដើម្បីទាមទារដំណោះស្រាយ ៣ចំណុចរួមមាន ការទម្លាក់ប្រាក់ឈ្នួលប្រចាំខែចុះទាបជាងមុន ប៉ុន្តែបែរជាតម្លើងថ្លៃជួលបន្ទប់ស្នាក់នៅ និងការហាមពលករ មិនឱ្យចេញទៅក្រៅបរិវេណរោងចក្រ។ នៅក្នុងពេលតវ៉ានោះថៅកែបានសន្យាថានឹងលើកលែងថ្លៃឈ្នួលបន្ទប់ស្នាក់នៅ ដែលមានតម្លៃពីបីរយ (៣០០)បាត ទៅប្រាំមួយរយហាសិប (៦៥០)បាត ឬប្រមាណពី១០ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយខែ ប៉ុន្តែមិនមានដំណោះស្រាយករណីប្រាក់ឈ្នួលប្រចាំខែ ដែលថៅកែកាត់បន្ថយ ដោយហេតុផល វិបត្តិជំងឺកូវីដ-១៩។

ព័ត៌មានពីហ្វេសប៊ុករបស់បណ្ដាញពលករខ្មែរនៅប្រទេសថៃឱ្យដឹងថា នៅថ្ងៃទី១២ វិច្ឆិកា តំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងមន្ទីរការងារខេត្តឈុនបុរីបានចុះទៅដល់ក្រុមហ៊ុន ដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាពលករតវ៉ា គឺបញ្ហាថ្លៃដំណើរការឯកសារ ថ្លៃបន្ទប់ស្នាក់នៅថ្លៃម្ហូបអាហារនៅក្នុងក្រុមហ៊ុន និងការរឹតបន្តឹងក្នុងការចេញចូលក្រុមហ៊ុននេះ៕

website_news/2020191106.txt · Last modified: 2020/11/19 11:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki