website_news:2020200201

ឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌកើន ៨% ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេស

https://www.postkhmer.com/ ម៉ិច ដារ៉ា | Publication date 20 February 2020 | 09:33 ICT

ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា បទល្មើសព្រហ្មទណ្ឌនៅឆ្នាំ ២០១៩ គឺមានការកើនឡើងចំនួន ៨ ភាគរយ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២១១ នាក់ ដោយសារតែមានការហូរចូលយ៉ាងគំហុកនៃជនបរទេស ខណៈដែលក្រុមប្រឆាំង ប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោក ស ខេង បានថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាត ត្រួតពិនិត្យការងារឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃពុធម្សិលមិញដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតប្រមាណ ៧០០ នាក់។ លោកបញ្ជាក់ថា៖ «ជាក់ស្តែងទោះបីបទល្មើសព្រហ្មទណ្ឌនៅឆ្នាំ ២០១៩ មានការឡើងបន្តិចគឺ ៨ ភាគរយ ដោយសារការហូរចូលយ៉ាងគំហុកនៃជនបរទេស ដែលនាំមកជាមួយនូវបទល្មើសដែលប្រព្រឹត្តនៅក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយក៏កម្លាំងនគរបាលជាតិប្រឹងប្រែងបង្ក្រាបរហូតដល់ទៅ ៨៩ ភាគរយ នៃបទល្មើសដែលកើតមានឡើងគឺមានអត្រាខ្ពស់ជាងឆ្នាំ ២០១៨»។ លោកបន្តថា៖ «ព្រមជាមួយនេះបទល្មើសមួយចំនួនដែលប៉ះពាល់ចិត្តសាស្ត្រសង្គមដូចជា លួចមានស្ថានទម្ងន់ទោស រំលោភសម្លាប់អំពើហិង្សាដោយចេតនា ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះគួរឲ្យកត់សម្ពាល់។ វិធានការបង្ការ និងបង្ក្រាបបទល្មើស គ្រឿងញៀនត្រូវបានបន្ត ជំរុញយ៉ាងសកម្ម និងផុលផុសស្របតាមផែនការនៃការអនុវត្តនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន»។ លោកបន្តថា កម្លាំងនគរបាលជាតិដោយមានកិច្ចសហការចូលរួមកម្លាំងអនុវត្តច្បាប់នានាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានតាមរយៈការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការនឹងទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។

បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលបានផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាតឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៣១៩៦ ករណីបើធៀបកាលពីឆ្នាំ ២០១៨ មានចំនួន ២៩៦៩ ករណី កើនឡើង ២២៨ លើកដែលបានបណ្តាលឲ្យមនុស្សស្លាប់ ២១១ នាក់ របួស ៨២៩ នាក់ និងរងគ្រោះ ១៤១២ នាក់ បាត់រថយន្ត ៥៥ គ្រឿង ម៉ូតូ ៣៤១ គ្រឿង និងសម្ភារទ្រព្យសម្បត្តិមួយចំនួន។ របាយការណ៍បន្ថែមថា កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបាន ២៨៤២ ករណីស្មើនឹង ៨៩ ភាគរយនៃបទល្មើស ដែលកើតមានឡើងឃាត់ខ្លួនជនល្មើសបាន ៤១១៩ នាក់ ហើយនៅក្នុងចំណោមជនសង្ស័យនេះមាន ១០៧៤ នាក់ជាប់ពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន ហើយបទល្មើសដែលទាញតួលេខឲ្យមានកំណើនរួមមានលួចបង្ខាំងមនុស្សខុសច្បាប់ រំលោភសេពសន្ថវៈ បំពានផ្លូវភេទ ហិង្សាដោយចេតនា ឃាតកម្ម មនុស្សឃាតដោយអចេតនា និងបង្ខាំងមនុស្សជំរិតទារប្រាក់។ ជាមួយគ្នានេះបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបង្ក្រាបបាន ១៦៣ ករណីឃាត់ខ្លួនបាន ២១៩ នាក់ក្នុងនោះមានជនបរទេស ៣៤ នាក់កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបាន ៤៣៨ នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច ១៦៥ នាក់ និងបញ្ជូនទៅព្យាបាលចំនួន ២៧៣ នាក់។

ជាមួយគ្នានេះលោក ស ខេង បានលើកឡើងថាកាលពីឆ្នាំ ២០១៩ កម្ពុជាបានទទួលរងឥទ្ធិពលមួយចំនួនពីក្រុមប្រឆាំងជ្រុលនិយមទាំងពីក្រៅប្រទេសទាំងនៅផៃ្ទក្នុងប្រទេសដោយលោកបញ្ជាក់ថា៖ «ពួកប្រឆាំងជ្រុលនិយម ព្យាយាមធ្វើសកម្មភាព ប៉ុនប៉ុងបង្កភាពចលាចលក្នុងសង្គម និងរៀបចំផែនការធ្វើរដ្ឋប្រហារប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។ លោកបន្ថែមថា របបរាជានិយមនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដោយមានការគាំទ្រ និងការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងមូលបានរួមគ្នាបំផ្លាញឲ្យបរាជ័យទាំងស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់ទាំងនេះហើយបន្ដរួមគ្នាការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សការពារព្រះមហាក្សត្រការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងពីម្សិលមិញថា ការរីករាលដាល និងការកើនឡើងនៃការប្រើប្រាស់និងការជួញដូរគ្រឿងញៀន សមត្ថកិច្ចអនុវត្តច្បាប់នៅមានកម្រិត ការខ្វះខាតនិងការអប់រំផ្សព្វផ្សាយផ្នែកច្បាប់ជាកត្តាបណ្តាលឲ្យបទល្មើសព្រហ្មទណ្ឌនៅឆ្នាំ ២០១៩ មានការកើនឡើងយ៉ាងគំហុក។ លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញកត្តាគ្រឿងញៀនជាកត្តាមួយធំចំពោះការកើនឡើងនូវបទល្មើសហ្នឹងហើយកត្តាសីលធម៌នៅក្នុងសង្គម ធ្លាក់ចុះ និងការខ្វះខាតការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាច្បាប់ដែលបានអនុម័តកន្លងមកហើយឲ្យប្រជាពលរដ្ឋយល់ដឹងបានជ្រាបពីបញ្ហាច្បាប់ទាំងនោះ និងការឆកល្វែងនៃការអនុវត្តច្បាប់»។ លោកបន្ថែមថា ដើម្បីកាត់បន្ថយបទល្មើសព្រហ្មទណ្ឌកម្លាំងសមត្ថកិច្ចត្រូវធ្វើយ៉ាងណា ទប់ស្កាត់ និងបង្ក្រាបការចរាចរ ការផលិត ឬការចែកចាយគ្រឿងញៀនកុំឲ្យរីករាលដាលកាន់តែខ្លាំង៕

website_news/2020200201.txt · Last modified: 2020/02/20 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki