website_news:2020200202

ស្ត្រីភាគច្រើននៅភូមិឡពាងចាប់យករបរដេរស្លឹកលក់ ខណៈប្ដីពួកគេទៅធ្វើការតាមទូកនេសាទថៃ

https://www.rfa.org/khmer/ ដោយ សុជីវី 2020-02-19

ស្ត្រីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង នាំគ្នាចាប់យករបរដេរស្លឹកត្នោតលក់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈប្ដីនិងកូនប្រុសពួកគេ ចំណាកស្រុកទៅធ្វើការតាមទូកនេសាទនៅប្រទេសថៃ។ អ្នកភូមិឱ្យដឹងថា ពួកគាត់ប្រកបរបរនេះ ជាច្រើនឆ្នាំមកហើយ ក្រោយពីបាត់បង់ដីធ្វើស្រែចម្ការ ដោយសារភរិយារបស់រដ្ឋមន្ត្រីមួយរូបក្នុងរដ្ឋបាលលោក ហ៊ុន សែន រំលោភយក។ ភូមិឡពាង ដែលស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានគេស្គាល់ថា ជាភូមិមួយដែលមានជម្លោះដីធ្លីអូសបន្លាយយូរឆ្នាំមកនេះ រវាងថៅកែក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) អ្នកស្រី ជា ខេង ត្រូវជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល ជាមួយនឹងពលរដ្ឋរាប់សិបគ្រួសារ។ វិវាទដីធ្លីមួយនេះ បង្កឲ្យមានបញ្ហាប្រឈមជាច្រើនដល់ជីវភាពរស់នៅរបស់អ្នកឡពាង ដោយឪពុកនិងកូនប្រុសក្នុងគ្រួសារ សម្រេចចិត្តចេញទៅធ្វើការតាមទូកនេសាទនៅប្រទេសថៃ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ចំណែក ភរិយានៅចាំផ្ទះ និងដេរស្លឹកត្នោតលក់ ដើម្បីដោះស្រាយជីវភាព ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកស្រី ប៊ន ចាន់នី រស់នៅក្នុងភូមិឡពាងតាំងពីកំណើត។ សព្វថ្ងៃលោកស្រី មានកូនស្រី២នាក់ និងកូនប្រុស១នាក់ ដែលកំពុងរៀនសូត្រ។ លោកស្រី រៀបរាប់ថា មុនពេលមានក្រុមហ៊ុនចូលមកចាប់ដីពួកគាត់ គ្រួសារលោកស្រី និងអ្នកភូមិឯទៀត រស់នៅជួបជុំគ្នាយ៉ាងសុខសប្បាយ។ ពួកគាត់អាចធ្វើស្រែបានស្រូវទុកហូបគ្រប់គ្រាន់ ពីមួយឆ្នាំទៅមួយឆ្នាំ និងគ្មានជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនោះទេ។ លោកស្រី បន្តថា ក្រោយមានវត្តមានក្រុមហ៊ុន ខេ.ឌី.ស៊ី ចូលទៅហ៊ុំព័ទ្ធដីធ្លីអ្នកភូមិ នៅឆ្នាំ២០០៨ ជីវភាពគ្រួសារគាត់ ក៏ដូចជាអ្នកភូមិដទៃទៀត ចាប់ផ្ដើមជួបប្រទះបញ្ហាជីវភាពខ្វះមុខខ្វះក្រោយ ដោយសារគ្មានដីធ្វើស្រែដូចពីមុន៖ « ពីមុនជួបជុំគ្រួសាររស់នៅស្រួលអត់ខ្វះខាត។ ដល់ឥលូវប្ដីខ្ញុំទៅឆ្ងាយ ពិបាកចិញ្ចឹមកូនផង។ ពិបាកណាស់ធ្វើការងារក៏ខ្លួនឯង អត់មានប្ដីនៅជិតអ៊ីចឹង។ ចង់ដើរទៅណាក៏ពិបាកដែរ អត់មានអ្នកណាជួយមើលកូនចៅ។ ដល់ប្ដីនៅជួបជុំគ្នា ពេលខ្វះខាតអី យើងចេះតែទៅជួយរកគ្នាទៅ ដល់ឥលូវអង្ករក៏ឡើងថ្លៃទៀត»។

ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកស្រីត្រូវរស់នៅជាមួយកូន៣នាក់ និងដេរស្លឹកត្នោតលក់ ដើម្បីដូរយកប្រាក់ខ្លះចិញ្ចឹមគ្រួសារ ព្រោះប្ដីរបស់គាត់ត្រូវចេញទៅធ្វើជាកម្មករនៅតាមទូកនេសាទថៃ ដោយ ១ឆ្នាំទើបវិលមកជួបគ្រួសារម្ដង។ ក្នុងមួយថ្ងៃ ស្ត្រីវ័យ ៣៣ឆ្នាំរូបនេះ អាចអាចដេរស្លឹកត្នោតបានពី ២០ ទៅ ៣០ កណ្ដប ដោយមួយ ១កណ្ដប លក់បានតម្លៃ ១៨០រៀល ហើយចំណូលដែលបានពីមុខរបរនេះគឺចន្លោះពី ៣ពាន់រៀល ទៅ ៥ពាន់រៀល៖ « ជីវភាពរាល់ថ្ងៃហ្នឹង ខ្ញុំលំបាកណាស់ ខ្ញុំនៅចិញ្ចឹមកូនតែឯង។ ប្ដីខ្ញុំទៅថៃ មួយខែៗ គាត់ផ្ញើឲ្យតែ៣ពាន់លុយបាត ហើយទូទាត់ទៅលើអង្ករ ម្ហូប កូនចាយរៀន មិនចង់គ្រប់ផង មួយខែហ្នឹងនោះ។ ខ្ញុំដេកស្លឹកផង»។

ស្ត្រីម្នាក់ទៀត ដែលចាប់យករបរដេរស្លឹកត្នោតនេះដែរ គឺលោកស្រី សួន ញ៉េន ប្រាប់ថា ប្ដីលោកស្រី និងកូនប្រុសវ័យ ១៧ឆ្នាំ បានចេញទៅធ្វើការតាមទូកនេសាទថៃជាង ១០ឆ្នាំមកហើយ ដើម្បីរកប្រាក់ជួយគ្រួសារ។ សព្វថ្ងៃ លោកស្រីរស់នៅជាមួយកូនស្រី២នាក់ ហើយតែងតែបារម្ភពីសុវត្ថិភាពប្ដីនិងកូនប្រុសដែលចេញទៅធ្វើការឆ្ងាយ។ ទន្ទឹមគ្នានេះ ស្ត្រីវ័យជិត៥០ឆ្នាំប្លាយរូបនេះ ក៏បារម្ភពីសុវត្ថិភាពគ្រួសាររស់នៅក្នុងភូមិដែរ៖ « ពេលដែលប្ដីទៅអស់អ៊ីចឹង មានភាពភ័យខ្លាច ដូចខ្លាចមានគេធ្វើបាប ខ្លាចអ៊ីចឹងដែរ ហើយនៅជាមួយកូន ពិបាកដែរអត់មានស្រួលទេ ព្រោះអីយើងគិតច្រើន មិនដឹងថាប្ដីទៅនោះ មិនដឹងម៉េចអីអ៊ីចឹង។ ហើយណាមួយនៅផ្ទះហ្នឹង ក៏ពិបាក សូម្បីតែយើងនៅដេកស្លឹកអ៊ីចឹង ដេកទៅ ឥលូវអត់មានទឹកត្រាំទៀត ក៏ពិបាកទៀតហើយ។ សូម្បីតែកូនទៅរៀនម្នាក់ហ្នឹង ក៏ខ្ញុំពិបាកដែរ រកលុយឲ្យកូនចាយ មិនសឹងចង់បានទេ។ មានមាន់អីបន្តិចបន្តួចលួចអស់ហើយ»។ លោក ស្រី សួន ញ៉ែន ស្នើដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លីឲ្យអ្នកភូមិឡពាងដើម្បីឲ្យគ្រួសារពួកគេបានរស់នៅជួបជុំគ្នា ដោយទទួលស្គាល់និងប្រគល់សងដីធ្លីឲ្យអ្នកភូមិវិញ៖ « ចុងក្រោយ ខ្ញុំចង់បានប្ដីឲ្យបានមកជួបជុំគ្រួសារ។ ខ្ញុំចង់បានដីមកវិញ។ បើបានដីមកវិញ ហើយបានជុំគ្រួសារ ពួកខ្ញុំនឹងសប្បាយរីករាយ។ ពួកខ្ញុំអត់មានទុក្ខលំបាកដល់ថ្ងៃមុខទៀតទេ ឲ្យតែបានដីបានអីមែន។ ហើយប្ដីមកជួបជុំគ្នា ពួកខ្ញុំមានភាពកក់ក្ដៅវិញ»។

មេឃុំតាជេស លោក នួន ស៊ន ថ្លែងថា ការធ្វើចំណាកចេញពីភូមិទៅធ្វើការតាមទូកនេសាទ នៅប្រទេសថៃ គីមិនមានតែអ្នកភូមិឡពាងមួយទេ ប៉ុន្តែក៏មានអ្នកភូមិដទៃទៀតចេញទៅដូចគ្នាដែរ។ លោកបន្តថា ក្នុងមួយភូមិអាចមានកម្លាំងមនុស្សប្រុស ចេញទៅធ្វើការនៅថៃចាប់៤ដល់១០នាក់ ព្រោះការងារក្រៅស្រុក បានចំណូលច្រើនជាងក្នុងស្រុក៖ «ខាងគាតមានបញ្ហាខ្លះអ៊ីចឹងក៏មិនដឹង គាត់ធ្លាប់ទៅអ៊ីចឹងដែរ ឃើញតែទៅមកៗ ខ្លះគេរកកប់ គេឆាប់មកអ៊ីចឹងទៅ ខ្លះរកលុយអត់សូវបាន ក៏នៅយូរ។ បញ្ហាដីក៏លែងមានហើយ បញ្ហាដីហ្នឹងនោះ។ រឿងជំទាវ ជា ខេង នៅភូមិឡពាង ភូមិបឹងកក់ មានអ៊ីចឹងមែន រឿងទៅថៃភូមិផ្សេងទៀត ក៏គែដេរ។ គេថា គេធ្លាប់រកស៊ីមានបានអ៊ីចឹង។ ខ្ញុំពិបាកនិយាយប្រាប់ដែរ។ រឿងបញ្ហាវាមានមែនពីមុនមក។ ពីមុនក៏មានដែរ ក្រោយមកមានរឿងរ៉ាវហើយក៏មានទៅថៃអ៊ីចឹងដែរ។ គេមកធ្វើផ្ទះសម្បែងអ៊ីចឹងទៅ»។ លោក នួន ស៊ន ឲ្យដឹងថា មានគ្រួសារមួយស្ថិតក្នុងឃុំតាជេស បាត់បង់ជីវិតកូនប្រុស២នាក់រួចមកហើយ ដោយសារតែឲ្យពួកគេចេញទៅធ្វើការតាមទូកនេសាទថៃ។ មេឃុំរូបនេះ បញ្ជាក់ថា រូបលោក ខំពន្យល់ប្រាប់អ្នកភូមិឲ្យឈប់ធ្វើចំណាកទៅប្រទេសថៃ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ប៉ុន្តែមិនមានអ្នកណាទទួលការណែនាំនេះឡើយ៖ «ពិបាកនិយាយប្រាប់គេណាស់ គេថាធ្វើនៅខ្មែរ លុយបានតិច ទៅថៃធ្វើហត់មែន ដឹងតែបានលុយច្រើនតែម្ដង។ គេនិយាយតែអ៊ីចឹង។ ខ្ញុំចេះតែឲ្យដែរ បងប្អូនជីដូនមួយ គេរកនៅស៊ីនៅស្រុកខ្មែរគគោក គេដាំបន្លែ គេធ្វើផ្ទះធ្វើអី គេធ្វើកម្មករ មានការងារច្រើនដែរ។ ឯងចេះតែទៅអ៊ីចឹង ខ្លះធ្លាក់ទឹកស្លាប់អ៊ីចឹងទៅ។ គេថាធ្វើនៅស្រុកខ្មែរ មិនដឹងថាថ្ងៃណាបានលុយទេ។ គេចូលចិត្តនិយាយអ៊ីចឹងណាស់។ ខ្ញុំឆ្ងល់ដែរ គេធ្វើនៅស្រុកខ្មែរគគោកដែរ តែនិយាយអ៊ីចឹង គាត់ថា អត់ចេះនៅទេ សំបូរណាស់អ្នកនិយាយអ៊ីចឹង»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត លើកឡើងថា បញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺជាដើមចម ដែលធ្វើឲ្យពលរដ្ឋបាត់ដីធ្លី ត្រូវបង្ខំចិត្តចាកចេញពីតំបន់ដែលខ្លួនរស់នៅ ទៅរកការងារធ្វើនៅខេត្តផ្សេង ឬនៅទីក្រុង ហើយភាគច្រើននោះ គឺចេញទៅធ្វើការនៅប្រទេសថៃ។ លោកបន្តថា បញ្ហានេះទៀតសោតក៏ធ្វើឲ្យពលរដ្ឋត្រូវជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារតែដាក់បញ្ចាំ ដីនិងផ្ទះបន្តិចបន្តួចដែលនៅសល់ក្រោយពីការរំលោភយកពីក្រុមអ្នកមានអំណាច និងក្រុមហ៊ុន។ បន្ថែមលើនេះ លោកថា ក្មេងៗ ដែលគ្រប់វ័យរៀនសូត្រ ត្រូវបោះបង់ចោលការសិក្សា ក៏ដោយសារតែបញ្ហាដីធ្លីនេះដែរ៖ «ជាការពិត ការធ្វើការចំណាកស្រុករកមុខរបរ វាមានជាទូទៅ ប៉ុន្តែបើយើងមើលទៅលើបញ្ហាដីធ្លីនេះ វាឃើញភាគច្រើនដែលកើតឡើងសម្រាប់ពួកគាត់។ ហើយមួយទៀតក្រៅពីធ្វើការចំណាកស្រុក អ្នកខ្លះ យើងឃើញមានការកាត់សក់លក់ ឬក៏អីអ៊ីចឹងទៅ បានន័យថា ជាការមួយប៉ះពាល់ដល់ការរំលោភសិទ្ធិរបស់គាត់ទៅទៀត ដោយសារតែបញ្ហាជីវភាព»។ ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនិងសិទ្ធិដីធ្លី ស្នើដល់រដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន និងពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីប្រកបឲ្យមានប្រសិទ្ធិភាព ដើម្បីផ្ដល់លំនឹងជីវភាពរស់នៅដល់ពលរដ្ឋនៅទូទាំងប្រទេស និងដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកតទៅទៀត៕

website_news/2020200202.txt · Last modified: 2020/02/20 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki