website_news:2020200203

ក្រសួងសង្គមកិច្ច និងស្ថាប័នពាក់ព័ន្ធ បើកយុទ្ធនាការបញ្ចប់អំពើហិង្សាលើកុមារ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 20 February 2020 | 10:56 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងមានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គការដៃគូបានប្រកាសបើកយុទ្ធនាការ «គ្រួសាររឹងមាំ» ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។

សេចក្ដីប្រកាសព័ត៌មានរួមស្ដីពីយុទ្ធនាការនេះដែលធ្វើឡើងពីម្សិលមិញនៅសណ្ឋាគារកាំបូឌីយ៉ាណាបានបង្ហាញថា យុទ្ធនាការនេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មានគោលដៅរួមគ្នាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារដែលជាការបោះជំហានទៅមុខដ៏វិជ្ជមានមួយផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើកុមារ និងការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់។ យុទ្ធនាការនេះមានគោលបំណងដោះស្រាយនូវបញ្ហាសង្គម និងវប្បធម៌ដែលធ្វើឲ្យមានអំពើហិង្សាលើកុមារ និងធ្វើឲ្យមានជំនឿថា មណ្ឌលថែទាំជាទីកន្លែងដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ។ សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ «អំពើហិង្សាគឺជាកង្វល់ដ៏ធំមួយដែលមានកុមារជាងពាក់កណ្ដាលក្នុងប្រទេសធ្លាប់ទទួលរងអំពើហិង្សាយ៉ាងហោចណាស់ក៏មាន ១ ទម្រង់ដែរ មុនពេលពួកគេអាយុ ១៨ ឆ្នាំ។ អំពើហិង្សាលើកុមារជះឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់សុខុមាលភាពកុមារក្នុងទិដ្ឋភាពផ្សេងៗទាក់ទងនឹងអាកប្បកិរិយា ផ្លូវចិត្ដ និងរាងកាយនៅក្នុងវ័យជំទង់ និងនៅពេលពេញវ័យ»។ សេចក្ដីប្រកាសបន្តថា ខណៈពេលដែលមានភាពក្រីក្រ កង្វះខាតការទទួលបានការអប់រំ និងការគាំទ្រសុខុមាលភាពសង្គមជំរុញឲ្យក្រុមគ្រួសារមួយចំនួនបានយកកុមារទៅដាក់នៅមណ្ឌលថែទាំ។ កត្តាជំរុញមួយទៀតអាចបណ្ដាលមកពីជំនឿដែលយល់ថា កុមារនឹងទទួលបានការថែទាំ និងការអប់រំល្អប្រសើរពីមណ្ឌលថែទាំផងដែរ។

ប៉ុន្ដែក្រសួង និងអង្គការពាក់ព័ន្ធបញ្ជាក់ថា៖ «ការដាក់កុមារនៅមណ្ឌលថែទាំធ្វើឲ្យកុមារប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា ការកេងប្រវ័ញ្ច និងការមិនអើពើដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍកុមារ»។ ដោយមើលឃើញបញ្ហាខាងលើនេះក្រសួងសង្គមកិច្ចបានគាំទ្រយុទ្ធសាស្ដ្រប្រាស្រ័យទាក់ទងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា ឬហៅថា (យុទ្ធសាស្ដ្រប្រាស្រ័យទាក់ទង Cambodia PROTECT) ហើយយុទ្ធនាការគ្រួសាររឹងមាំគឺបង្កើតឡើងដោយផ្អែកលើយុទ្ធសាស្ដ្រ Cambodia PROTECT នេះ។ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថាយុទ្ធសាស្ដ្រប្រាស្រ័យទាក់ទងបានសហការរៀបចំដោយក្រសួងសង្គមកិច្ច ជាមួយយូនីសេហ្វក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ និងធានាឲ្យប្រជាជនយល់ដឹងថា បរិយាកាសគ្រួសារមានសុវត្ថិភាពគឺជាទីកន្លែងដ៏ល្អប្រសើរបំផុតសម្រាប់កុមារលូតលាស់ និងអភិវឌ្ឍ។ លោកថ្លែងថា៖ «តាមរយៈយុទ្ធនាការគ្រួសាររឹងមាំ សារអប់រំសំខាន់ៗនឹងផ្សព្វផ្សាយទៅដល់ទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រព័ន្ធឆ្លើយតបតាមបច្ចេកវិទ្យា ព័ត៌មានវិទ្យា សកម្មភាពផ្សព្វផ្សាយនៅតាមសហគមន៍ និងការស្វែងរកមតិគាំទ្រជាដើម។ យុទ្ធនាការនេះគឺផ្ដោតលើកុមារ ឪពុកម្ដាយ អាណាព្យាបាល អ្នកថែទាំកុមារ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ អ្នកផ្ដល់សេវា អ្នកធ្វើគោលនយោបាយ អ្នកធ្វើការលើវិស័យយុត្ដិធម៌ និងអ្នកសារព័ត៌មានជាដើម»។

លោកស្រី គ្រីស្លៀន ម៉ុនឌ័រតេ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានថ្លែងថា យុទ្ធនាការនេះគឺជាឱកាសដើម្បីកៀរគរប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យនិយាយថាទេចំពោះអំពើហិង្សា និងថែរក្សាបរិស្ថានឲ្យមានសុវត្ថិភាព និងសុខភាពល្អសម្រាប់កូនៗ និងគ្រួសាររបស់ពួកគេ។ លោកស្រីបានថ្លែងថា៖ «យើងត្រូវធ្វើយុទ្ធនាការនេះឲ្យដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ គ្រប់សាលារៀន គ្រប់សហគមន៍ គ្រប់បណ្ដាញផ្សព្វផ្សាយព័ត៌មាន។ អំពើហិង្សាប៉ះពាល់យើងគ្រប់គ្នា»៕

website_news/2020200203.txt · Last modified: 2020/02/20 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki