website_news:2020200403

ពលករខ្មែរមួយចំនួនមិនទាន់ត្រឡប់ទៅប្រទេសថៃវិញព្រោះមិនមានការងារធ្វើ

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-04-17

ពលករខ្មែរមួយចំនួនដែលបានទៅលេងស្រុកកំណើតអំឡុងពេលបុណ្យឆ្នាំខ្មែរនោះ មិនទាន់ត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញទេ ដោយសារថៅកែជនជាតិថៃមិនទាន់បើកឱ្យធ្វើការវិញនៅឡើយ។ ជាមួយគ្នានេះ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទទ្វារព្រំដែនដោយពុំទាន់បើកឱ្យដំណើរឡើងវិញដែរ។

ពលករមកខេត្តកំពង់ធំលោក ជា ខន ថ្លែងនៅថ្ងៃទី១៧ មេសា ថា លោកនិងអ្នកភូមិជិតខាងប្រមាណ១០នាក់មកពីថៃ កាលពីដើមខែមេសានោះមិនទាន់បានត្រឡប់ទៅកន្លែងធ្វើការវិញ ដោយសារគ្មានការងារធ្វើ៖ «ឥឡូវនេះខ្ញុំនៅខ្មែរសិន បើទៅក៏អត់មានការងារធ្វើដែរ ទាល់តែថៅកែបើក បានខ្ញុំទៅធ្វើការតែម្ដង។ ខ្ញុំខ្វល់ខ្វាយមកនៅខ្មែរអត់ការងារធ្វើ ហើយលុយក៏គ្មានអីចឹងខ្ញុំបន់ឱ្យតែគេបើដំណើរវិញ អាងទៅធ្វើការវិញព្រោះសព្វថ្ងៃប្រពន្ធក៏នៅកូនខ្ចីមិនបានរកស៊ីអី ហើយប្ដីក៏នៅដេកស៊ីមិនបានរកអីចូលមានតែចេញព្រឹកល្ងាចមានអ្នកណាចេញទៅរកអីបានទេ»។

ពលរដ្ឋម្នាក់ទៀតនៅខេត្តសៀមរាបលោកស្រី វ៉ាន់ ហៀវ ឱ្យដឹងថា បងប្អូនរបស់លោកស្រី ៣នាក់មកពីធ្វើការប្រទេសថៃជាង ១ខែ ហើយមិនទាន់ត្រឡប់ទៅធ្វើការវិញនៅឡើយទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ផង និងដោយសារអាជ្ញាធរកម្ពុជា និងថៃបានបិទច្រកទ្វារព្រំដែន។ លោកស្រីបន្ថែមថា អ្នកភូមិនៅតំបន់លោកស្រីប្រមាណ ៥០នាក់ ក៏មិនទាន់បានត្រឡប់ទៅប្រទេសថៃវិញដែរ ដោយពួកគាត់រង់ចាំឱ្យតែស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មីបានធូរស្រាលសិន៖ «ស្រុកខ្ញុំមកទាំងអស់គ្នាក៏នៅដេកស៊ីទាំងអស់គ្នាហ្នឹងឯងមិនមានអ្នកចេញទៅថៃរួចទេ អ្នកណាមកក្រោយគេឃាំង១៤ថ្ងៃ នៅសាលារៀនតែខ្ញុំមកមុនមិនបានដាក់នៅដាច់ដោយឡែកទេ។ ខ្ញុំបន់ឱ្យតែគេបើព្រំដែនវិញខ្ញុំចង់ទៅធ្វើការវិញណាស់ខ្ញុំមិនដឹងរកអីទេស្រុកខ្មែរបើបានទៅប្រទេសថៃមានអីរកប្រាក់បានខ្លះ។ ធ្វើការនៅណាក៏ខ្ញុំធ្វើដែរឱ្យតែមានការងារធ្វើបានប្រាក់សងធនាគារ»។

អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា លោក លឹម តិច ប្រាប់អាស៊ីសេរីថា អាជ្ញាធរថៃបន្តបិទច្រកទ្វារព្រំដែនជាប់កម្ពុជារហូតដល់ថ្ងៃទី១ ឧសភាជាមួយគ្នានេះនៅតាមព្រំដែនប្រទេសកម្ពុជា ក៏ទាន់មានពលករខ្មែរត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនៅឡើយទេ៖ «ទៅម៉េចកើតវាពិបាកចេញទៅណាស់ព្រោះគ្មានសេវាដឹកជញ្ជូនត្រឡប់ទៅថៃវិញ វាមិនងាយទេ។ បើចូលស្រុកខ្មែរចេះតែចូលបានហើយ»។

អាជ្ញាធរកម្ពុជា និងថៃបានសហការគ្នាបិទច្រកទ្វារព្រំដែនរវាងប្រទេសថៃ ចាប់ពីថ្ងៃទី២២ មីនារហូតមកដើម្បីការពារកុំឱ្យរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែកាលពីដើមខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសថា មានពលករខ្មែរជាង ៦ម៉ឺននាក់ហើយដែលបានត្រឡប់មកពីធ្វើការនៅប្រទេសថៃវិញ។

មន្ត្រីអង្គការសង់ត្រាល់ទទួលបន្ទុកផ្នែកពលករចំណាកស្រុកលោក ឌី ថេហូយ៉ា សម្ដែងក្ដីបារម្ភថា ប្រសិនបើស្ថានការណ៍រាតត្បាតជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយយូរទៀត នឹងធ្វើឱ្យពលករនៅថៃរាប់ម៉ឺននាក់នឹងវិលត្រឡប់ទៅកម្ពុជាវិញ ដោយសារថៅកែរបស់ពួកគេបានផ្អាកធ្វើការបណ្ដោះអាសន្ន។ បច្ចុប្បន្នមានពលករខ្មែរប្រមាណ ២លាននាក់កំពុងធ្វើការងារនៅប្រទេសថៃ៕

website_news/2020200403.txt · Last modified: 2020/04/20 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki