website_news:2020200408

ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ីជួបការលំបាកផ្នែកជីវភាព

https://www.rfa.org/khmer/news/ ដោយ ហេង រស្មី 2020-04-17

ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ី ត្អូញត្អែរថា ពួកគេជួបការលំបាកក្នុងជីវភាព និងនៅតែស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យពួកគេបានវិលត្រឡប់ចូលប្រទេសវិញ។ មន្ត្រីសង្គមស៊ីវិល យល់ថា ជម្រើសល្អបំផុត គឺរដ្ឋាភិបាល ត្រូវតែបើកផ្លូវឱ្យពួកគាត់បានវិលត្រឡប់មកខ្មែរវិញ។ ពលរដ្ឋខ្មែរដែលជាប់នៅម៉ាឡេស៊ី ប្រាប់អាស៊ីសេរីនៅថ្ងៃ១៧ ខែមេសា ថា ពួកគាត់មិនទាន់ទទួលបាន ដំណឹងពីខាងស្ថានទូតកម្ពុជា ឬពីខាងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការជួយសម្របសម្រួលឱ្យពួកគាត់ បានវិលត្រឡប់ទៅកម្ពុជាវិញនៅឡើយទេ។

និស្សិតខ្មែររៀននៅប្រទេសម៉ាឡេស៊ីម្នាក់ គឺលោក ស្លេះ សាព្រី រៀបរាប់ថា លោក និងពលរដ្ឋខ្មែរដទៃទៀត នៅតែមានបំណងចង់ទៅកម្ពុជាវិញឆាប់ៗដដែល ព្រោះថា ប្រទេសម៉ាឡេស៊ី បិទសាលារៀនបណ្ដោះអាសន្ន និងបិទកន្លែងការងារ បន្តទៅមុខទៀត ដើម្បីទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩។ លោកបន្តថា សម្រាប់លោកជានិស្សិតមិនសូវជួបការលំបាកទេ ដោយសារបានជួលកន្លែងស្នាក់នៅ រយៈពេលមួយឆ្នាំ និងមានជនជាតិម៉ាឡេស៊ី ជួយផ្ដល់អាហារហូបចុក ប៉ុន្តែលោកថា សម្រាប់ប្រជាពលករវិញ គឺជួបការលំបាកខ្លាំង ដោយសារពួកគេ គ្មានការងារធ្វើ ដើម្បីបានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិតឡើយ៖ «ខ្ញុំសួរទៅកន្លែងទិញសំបុត្រយន្តហោះ គេថា ទាល់តែខាងខ្មែរបើកឱ្យទៅ បានយើងទៅបាន។ ខ្ញុំដឹងតែប៉ុណ្ណឹង។ នៅពេលនេះ ខ្ញុំនៅតែចង់ទៅ ប៉ុន្តែបើសិនជា កៀកថ្ងៃទៀត ខ្ញុំអត់ទៅទេ ព្រោះទៅគេឃុំយើង១៤ថ្ងៃទៀត ដូច្នេះដល់ពេលល្មមមករៀននៅម៉ាឡេស៊ីវិញ»។

រីឯពលការិនីមួយរូប ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី កញ្ញា ខុន ស្រីមុំ ថ្លែងថា រដ្ឋាភិបាល ម៉ាឡេស៊ី បានផ្អាកការងារស្ទើរគ្រប់ទីកន្លែង ហើយមិនដឹងពេលណាបើកដំណើរធម្មតាវិញនោះទេ។ កញ្ញាថា បញ្ហានេះធ្វើឱ្យពលករខ្មែរប្រមាណ៨០ភាគរយជួបការលំបាកខ្លាំងក្នុងជីវភាព និងការរស់នៅ។ កញ្ញា រៀបរាប់បន្តថា សម្រាប់កម្មករដែលធ្វើការតាមរោងចក្រ អាចនៅទទួលបានប្រាក់ខែខ្លះ ប៉ុន្តែសម្រាប់ កម្មករដែលធ្វើការតាមផ្ទះ តាមភោជនីយដ្ឋាន និងតាមទូកនេសាទ គឺភាគច្រើនមិនទទួលបាន ប្រាក់ខែនោះទេ។ កញ្ញា ស្នើសុំឱ្យរដ្ឋាភិបាល និងស្ថានទូត សម្របសម្រួលបញ្ជូនពលករណាដែលមានបំណងចាកចេញពីប្រទេសម៉ាឡេស៊ីទៅកម្ពុជាវិញ៖ «រដ្ឋាភិបាល ត្រូវនាំអ្នក១៥០នាក់ទៅខ្មែរវិញ ព្រោះមិនត្រូវបោះបង់គ្នាចោលនៅនេះទេ។ ខាងស្ថានទូតទាល់តែគេបុកខ្លាំងណាស់ បានមកជួបពួកគាត់នៅ ព្រលានយន្តហោះម៉ោង១២ យប់ ហើយបានឱ្យលុយគាត់ទៅកន្លែងស្នាក់នៅវិញ ។ចុះបើគាត់ទៅកន្លែងស្នាក់នៅហើយដាច់ប៉ាស្ព័រ ហើយអត់ការងារធ្វើ តើឱ្យគាត់រស់នៅ បែបម៉េច។ រដ្ឋាភិបាលធ្វើបែបនេះអត់ល្អហ្មង»។

កាលពីថ្ងៃទី៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្អាកជើងយន្តហោះដឹកពលរដ្ឋខ្មែរ ១៥០នាក់ពីប្រទេសម៉ាឡេស៊ី ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ-១៩។ លោក ណែនាំឱ្យពលរដ្ឋខ្មែរ ទ្រាំរស់នៅក្នុងប្រទេសម៉ាឡេស៊ី បន្តទៀត ដោយលោក យល់ថា មិនលំបាកដល់ថ្នាក់ស្លាប់នោះទេ។

ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ បានចាត់ទុកការសម្រេចរបស់លោក ហ៊ុន សែន នេះ ថាបង្ហាញពីភាពទន់ខ្សោយ ការមិនទទួលខុសត្រូវ និងជាទង្វើអមនុស្សធម៌ មកលើពលរដ្ឋខ្លួនឯង ដែលផ្ទុយពីមេដឹកនាំដទៃទៀតនៅលើពិភពលោក។ អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៧ ខែមេសា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកលេខទូរស័ព្ទសម្រាប់កិច្ចការពលករ និងកិច្ចការកុងស៊ុល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក៏មិនមានអ្នកទទួលដែរ។ ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុករបស់ស្ថានទូត បានបង្ហោះសារលិខិតថ្លែងអំណរគុណដល់ជនជាតិម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភស្បៀងអាហារ និងកន្លែងស្នាក់នៅដល់ពលករខ្មែរមួយចំនួននៅរដ្ឋស្លាង៉រ (Selangor) និងក្នុងរដ្ឋចូហូ (Johor)។

មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា នៅតែយល់ថា ការអនុញ្ញាតឱ្យពលរដ្ឋទាំងនោះ បានវិល ចូលប្រទេសកម្ពុជាវិញ គឺជាជម្រើសល្អបំផុត ព្រោះថា ពេលនេះកម្ពុជា មានតួលេខល្អក្នុងការព្យាបាលអ្នកជំងឺកូវីដនិងមិនមានករណីថ្មីកើនឡើងនោះទេ៖ «ពួកគាត់ ទី១ អត់ការងារធ្វើ ទី២ អត់ប្រាក់ចំណូល ទី៣ គាត់ឈប់ជួលផ្ទះ ឬបន្ទប់គេហើយ និងត្រូវត្រឡប់ទៅរកបន្ទប់ជួលវិញ វាគឺជាឧបសគ្គ ទី៤ គាត់បានចំណាយលុយទិញសំបុត្រយន្តហោះអស់ហើយ ហើយអ្នកខ្លះមានបញ្ហាសុខភាពអីផ្សេងៗ ដូច្នេះខ្ញុំគិតថា នេះគឺជាបញ្ហាចាំបាច់បំផុតហើយសម្រាប់ជីវិតរបស់ពួកគាត់។ មែនទែន គោលការណ៍ នៅក្នុងពិភពលោក ប្រទេសដែលមានប្រជាពលរដ្ឋ ឬជាតិសាសន៍របស់ខ្លួនទៅរស់នៅកន្លែងណាក៏ដោយ នៅពេលដែលចង់ត្រឡប់ទៅប្រទេសគេវិញ គឺគេអត់ហាមឃាត់ទេ គេមានតែលើកទឹក ចិត្តត្រឡប់ទៅមាតុប្រទេសវិញ ដើម្បីរដ្ឋនៅពេលនឹង ការពារ និងថែទាំក្នុងនាមជាផ្ដល់សេវា បម្រើសេវាផង និងជាអាណាព្យាបាលផង»។

តួលេខផ្លូវការរបស់ក្រសួងការងារបង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីមានជាង ៣ ម៉ឺននាក់ ក្នុងឆ្នាំ២០១៩ ប៉ុន្តែតាមការប៉ាន់ស្មានក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ចំនួនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី មានមិនក្រោម ១០ម៉ឺននាក់នោះទេ ដោយរាប់ទាំងពលករស្របច្បាប់ និងមិនស្របច្បាប់។ ពួកគេភាគច្រើនធ្វើការងារតាមរោងចក្រ ធ្វើការងារតាមផ្ទះ និងខ្លះទៀតធ្វើការនៅលើទូកនេសាទ។

មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ចំណែកមាត្រា៣៥ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ដោយអង្គការរដ្ឋ៕

website_news/2020200408.txt · Last modified: 2020/04/20 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki