website_news:2020200501

លោក អ៊ុំ រាត្រី ឲ្យមន្រ្តីពាក់ព័ន្ធ តាមចាប់ខ្លួនមេខ្យល់ នាំពលករខុសច្បាប់ទៅប្រទេសជិតខាង

http://kampucheathmey.com/ 19/5/2020 11:42 Am

បន្ទាយមានជ័យ ៖ ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានជំរុញអង្គភាពទាំង៣ និងមន្ទីរពាក់ព័ន្ធទទួលខុសត្រូវស្រាវជ្រាវតាមចាប់ខ្លួនមេខ្យល់ ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និងទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចំពោះករណីនេះ ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំអភិបាលខេត្តមានដូចជា៖ –ត្រូវអនុវត្តនូវវិធានការមួយចំនួនរួមមាន ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋ រដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ នៅតាមព្រំដែនឲ្យចូលរួមសហការគ្នា ដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់ តាមច្រករបៀងតាមបណ្ដោយព្រំដែន ជាមួយប្រទេសជិតខាង។

-ត្រូវស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា។ ក្នុងករណី ដែលសមត្ថកិច្ច នៃប្រទេសជិតខាង បានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងដែនខុសច្បាប់ចូលទៅជិតចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា រដ្ឋបាលខេត្ត ត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសជិតខាងចាប់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងខ្លួនឲ្យបានសមស្រប។ សព្វថ្ងៃប្រទេសជិតខាង នៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហេតុនេះរដ្ឋបាលខេត្ត។

–ត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាងក្នុងរយៈពេលនេះជាដាច់ខាត។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា វិធានការនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពលករខ្មែរមួយចំនួន ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ ត្រូវពួកមេខ្យល់បោកប្រាស់យកលុយ ហើយឆ្លងកាត់ច្រករបៀង តាមព្រំដែនដោយខុសច្បាប់ ដែលនាំឲ្យមានបញ្ហាផ្សេងៗជាដើម៕ អត្ថបទ៖ គង្គា

website_news/2020200501.txt · Last modified: 2020/05/20 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki