website_news:2020200502

លោក ស្វាយ សំអ៊ាង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារលិខិតក្រសួងមហាផ្ទៃ និងការងារបង្ការទប់ស្កាត់កូវីដ១៩

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ May 19, 2020

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចផ្សព្វផ្សាយសារលិខិតលេខ១៣៩៦ សជណ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ និងការងារបង្ការ ទប់ស្កាត់កូវីដ១៩ និងផ្សព្វផ្សាយសារលិខិតលេខ ៧០៤ ធទឧ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការ បង្ការ ទប់ស្កាត់ ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដោយអនុវត្តតាមសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ លោកអភិបាលខេត្តបានណែនាំដល់គណបញ្ជាការឯកភាពក្រុង/ស្រុក និងកងកម្លាំងមានសមត្ថកិច្ចនៅតាមតំបន់ព្រំដែនទាំងអស់ ឱ្យចូលរួមសហការការគ្នា ក្នុងការទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់តាមច្រករបៀង នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តនូវវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងៗខ្លួន។

បន្ថែមលើសនេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់សមត្ថកិច្ចនៅតាមតំបន់ព្រំដែន ត្រូវអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កុំឱ្យធ្វើដំណើរទៅប្រទេសជិតខាង ក្នុងរយៈពេលនេះជាដាច់ខាត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង/ស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវមានវិធានការសមស្រប ដើម្បីជួយទប់ស្កាត់ ការំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្តបានកំណត់៕ ដោយ ៖ ជឹម ទូច

website_news/2020200502.txt · Last modified: 2020/05/20 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki