website_news:2020200504

ខេត្តបន្ទាយមានជ័យ បន្តរឹតច្រកព្រំដែន ច្រករបៀងនានា ទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់ការឆ្លងរីករាលដាលពី ជម្ងឺកូវីដ -១៩

https://gdlf-kh.com/ 2020/05/19/ Kim Sopha

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តដាក់ផែនការរឹតបន្តឹតតាមច្រកព្រំដែន ច្រករបៀងដែលមាននៅក្នុងខេត្ត ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីស្វែករកការងារធ្វើ ពិសេសផ្តោតសំខាន់ទប់ស្កាត់ការរីរាលដាល់ជម្ងឺកូវីដ-១៩ ក៏ដូចជាពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នៅកម្ពុជា។ ការដាក់ចេញផែនរឹតបន្តឹងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំង៣ប្រភេទបានចូលរួម នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ប្រធានអង្គប្រជុំ ក៏បានធ្វើជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសកងកម្លាំងពាក់ព័ន្ធ តាមបន្ទាត់ព្រំដែន ត្រូវសហការគ្នា ទប់ស្កាត់ពលករលួចឆ្លងដែន ដោយខុសច្បាប់ និងស្រាវជ្រាវរកមុខមេខ្យល់ដែលបំផុសចលនាលួចឆ្លង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ចំនុចនេះអភិបាលខេត្ត សំណូមពរ និងណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវចុះអប់រំណែនាំដល់បងប្អូនពលរដ្ឋ ដែលចង់ទៅធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីឲ្យពួកគាត់យល់ដឹងពីបញ្ហាដែលយើងកំពុងជួបប្រទះ ពិសេសប្រទេសជិតខាងយើងដូចជា ប្រទេសថៃ កំពុងតែប្រឈមនឹងការរាត់ត្បាតពីជម្ងឺកូវីដ-១៩ ។ ឯកឧត្តមបានបញ្ជាក់ថា ៖ ចំពោះបងប្អូនពលករដែលបានធ្វើការឆ្លងដែលដោយខុសច្បាប់ ពេលឃាត់និងអប់រំណែនាំរួច ត្រូវដាក់ឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការពិនិត្យតាមដានមើលសុខភាព រកមើលជម្ងឺកូវីដ១៩ នៅក្នុងករណីមានការសង្ស័យ។

មួយរយៈ ចុងក្រោយនេះសង្កេតឃើញថាមានបងប្អូនពលរដ្ឋរាប់រយនាក់បានចាញ់បោកមេខ្យល់នាំលួចឆ្លងដែនដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើតាមច្រករបៀងផ្សេង ដែលវាមានហានីភ័យខ្ពស់ពីការឆ្លងជម្ងឺកូវីដ-១៩ ក៏ដូចជាបន្តរួមគ្នាទប់ស្កាត់ការរាតត្បាតពីជម្ងឺនេះ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការឲ្យគ្រប់បណ្តាខេត្តជាប់ព្រំដែនប្រទេសជិតខាង ត្រូវទប់ស្កាត់ឲ្យបានបងប្អូនពលករខ្មែរ ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនទៅធ្វើការនៅប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។ ក្នុងនោះគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវស្រាវជ្រាវរកមុខមេក្លោងឬមេខ្យល់ ដែលអូសទាញពលករលួចឆ្លងដែន ត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ឲ្យខានតែបាន។ ពិសេសត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំនានារបស់រាជដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ-១៩ នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទូទាំងខេត្ត ត្រូវគោរពឲ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយត្រូវរៀបចំទឹកអាល់កុល ឬជែល ឧបករណ៍ វាស់កំដៅ និងត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

website_news/2020200504.txt · Last modified: 2020/05/20 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki