website_news:2020200507

ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ត្រូវទាហានថៃបាញ់បង្អើលរត់ចូលបន្លាលួស១៦នាក់

http://www.rasmeinews.com/ May 19, 2020, 10:59 PM

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរចំនួន ១៦នាក់ ឆ្លងដែនចូលទឹកដីថៃ ត្រូវទាហានថៃបាញ់បង្អើលដោយភ័យខ្លាំងពេកពួកគាត់រត់ចូលបន្លាលួសដែលរាយតាមបណ្តោយព្រំដែនបណ្តាលឲ្យរងរបួស។ ករណីនេះ កើតនៅចំណុចដើមស្រល់(ប៉ោយប៉ែត)ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង៥ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង ១៦នាក់ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា។ ចំពោះការផ្ទុះអាវុធនេះ គឺទាហានឈុតខ្មៅថៃបាញ់ឡើងលើ ។ បន្ទាប់ពីលឺសំឡេងផ្ទុះពួកគាត់ភ័យក៏នាំគ្នារត់ទាក់នឹងបន្លាលួស។

ទាក់ទងករណីនេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មិនមានករណីទាហានថៃបាញ់ប្រជាពលរដ្ឋខ្មែរនោះទេ។ ដោយមានប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅទឹកដីថៃ ទាហានថៃបានបាញ់ឡើងលើ តែពួកគាត់ភ័យរត់ជាប់លួសបន្លា សរុប១៦នាក់។ គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាឲ្យស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឱ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និងបញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែន ដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។ សម្តេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងតាមលិខិតផ្លូវការកាលពីថ្ងៃទី១៣ ខែឧសភា ថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕ srn/Ha

website_news/2020200507.txt · Last modified: 2020/05/20 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki