website_news:2020200509

អតីតពលករចំណាកស្រុកទៅថៃ ប្តូរចិត្តបើកទីតាំងលាងរថយន្ត បានចំណូលខ្ទង់លានរៀលក្នុងមួយថ្ងៃ

http://kampucheathmey.com/ 19/5/2020 4:06 Pm

ភ្នំពេញ ៖ គួរឲ្យកោតសរសើរដល់យុវវ័យមួយ ដែលបាននាំគ្នាបើកកន្លែងលាងរថយន្ត ព្រោះមិនចង់ចំណាកស្រុក បើទោះជាជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងពិភពលោកក៏ដោយ។ យុវជន មឿន សុខ អាយុ២៥ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានប្រាប់កម្ពុជាថ្មីថា ពីមុនមក ខ្លួនក៏ដូចជាអ្នកភូមិ បាននាំគ្នាចាកចេញពីស្រុកកំណើតទៅប្រទេសថៃ ដើម្បីរកការងារធ្វើ។ ប៉ុន្តែក្រុមរបស់ប្អូនពុំមានលិខិតឆ្លងដែន គឺលួចចូលស្រុកគេដោយខុសច្បាប់ហើយវេទនាបំផុតពេលតម្រួតថៃមកធ្វើការឆែកឆេររកសំបុត្រស្នាម។ បើចំពេលស៊យ គេចាប់បាននឹងយកទៅប៉ុស្តិ៍តម្រួតផាកពិន័យទៀតផង។ សុខបន្តថា ខ្លួន និងមិត្តភ័ក្ដិ ដែលប្រថុយប្រថានចូលទៅប្រកបការងារក្នុងប្រទេសថៃ គឺដោយសារជឿតាមមេខ្យល់ រហូតដល់ទ្រាំមិនបាន ក៏រត់មកស្រុកកំណើតវិញនាដើមឆ្នាំ២០១៩។

លុះគិតសព្វគិតគ្រប់ គឺមានតែបបួលមិត្តភ័ក្ដិជួលទីតាំងលាងរថយន្ត និងប៉ូលារថយន្តម៉ូតូ ដែលមានទីតាំងនៅផ្លូវកុងស៊ីកាប់ជ្រូក ក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សុខបន្ថែមទៀតថា ចាប់តាំងពីបើកទីតាំងលាង និងប៉ូលារថយន្តមក គឺឃើញថា មានភ្ញៀវយករថយន្តនិងម៉ូតូឲ្យលាងយ៉ាងច្រើន ធ្វើឲ្យទាំងគ្នាសប្បាយចិត្ត ព្រោះមិនព្រួយបារម្ភដូចកាលទៅស៊ីឈ្នួលនៅប្រទេសថៃលំបាកបំផុតនោះ។ ចំពោះប្រាក់ចំណូលប្រចាំថ្ងៃ គឺមិនក្រោម១លានរៀល ដែលអាចទប់ទល់ក្នុងការចំណាយទៅលើការជួលទីតាំង ថ្លៃទឹក ថ្លៃភ្លើង រួមទាំងការហូបចុកបានគ្រប់គ្រាន់ទៀតផង។ នេះគឺជាការតស៊ូរបស់យុវវ័យមកពីបណ្ដាខេត្ត ដែលតាំងចិត្តមិនចំណាកស្រុក៕ អត្ថបទ ៖ នរា

website_news/2020200509.txt · Last modified: 2020/05/20 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki