website_news:2020200510

រយៈពេល ៤ថ្ងៃ ពលករខ្មែរប្រមាណជាងបួនពាន់ នាក់ បានត្រឡប់មកពីប្រទេសថៃ

http://btv.com.kh/ 19/05/2020

ឧត្តរមានជ័យ៖ បើទោះបីកាលពីថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសឱ្យប្រជាពលរដ្ឋខ្លួនផ្ដើមដំណើរការអាជីវកម្ម និងកែសម្រួលការបន្ធូរបន្ថយពេលវេលាធ្វើដំណើនៃគោចររបស់ខ្លួនក្តី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្លែងថា រយៈពេល៤ថ្ងៃកន្លងសប្តាហ៍មុននេះមានពលករខ្មែរត្រឡប់មកពីថៃជាបន្តបន្ទាប់ប្រមាណជាងបួនពាន់នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីវឌ្ឍនភាព និងទិសដៅបន្តការងាររបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរថៃបានផ្អាកការធ្វើដំណើរចេញចូលតាមបណ្តាច្រកព្រំដែន ទាំង៣ក្នុងឧត្តរមានជ័យ ដោយហេតុផលទប់ស្កាត់កររាតត្បាតវីរុសកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ មកទល់ពេលនេះគឺមានពលករខ្មែរបានវិលត្រឡប់មកវិញជាហូរហែរ ដោយគិតត្រឹមថ្ងៃទី១៤ ខែឧសភានេះ មានចំនួន ១៥,៥៥៤ នាក់ ក្នុងនោះស្រីមានចំនួន ៧,០២៤នាក់។ ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់ថា បច្ចុប្បន្ននេះសង្កេតឃើញថា ពលករខ្មែរនៅតែបន្តវិលត្រឡប់មកកម្ពុជាវិញជាហូរហែរ ដោយគិតត្រឹមរយះពេល៤ថ្ងៃ ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែឧសភានេះ មានពលករខ្មែរចំនួន ៤,៤១៨នាក់។ ឯកឧត្តម ប៉ែន កុសល្យ បានបន្តថា ការវិលត្រឡប់ភាគច្រើនរបស់ពលករខ្មែរមកពីប្រទេសថៃ គឺតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខណៈច្រកព្រំដែនដ៏ទៃ២ទៀត គឺច្រកព្រំដែនជប់គគីរ និងច្រកព្រំដែនអន្តរជាតិជាំ បានកំពុងដំណើរការតែផ្នែកដោះដូរទំនិញ ឬបម្រើវិស័យដឹកជញ្ជូនតែប៉ុណ្ណោះ។

បន្ថែមលើសពីនេះ ឯកឧត្តម ប៉ែន កុសល្យ បានឱ្យដឹងទៀតថា បច្ចុប្បន្នមានពលករកំពុងបន្តធ្វើចត្តាឡីស័កមានចំនួន ៣០ នាក់ ក្នុងចំណោមចំនួនសរុប ៣០៩ នៅទីតាំងនៃក្រុង-ស្រុកចំនួន៥ រួម មាន ក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង ស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ។ ដើម្បីរកដោះស្រាយពីបញ្ហាជីវភាពចំពោះពលករមួយចំនួនដែលបានពុំទាន់អនុញ្ញាតិឱ្យចូលប្រទេសថៃ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញ និងលើកទឹកចិត្តសល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃដល់ឱងាកទៅកាន់វិស័យកសិកម្មផងដែរ៕

website_news/2020200510.txt · Last modified: 2020/05/20 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki