website_news:2020200511

គ្រោះថ្នាក់ណាស់បងប្អូន...លួចឆ្លងដែនខុសច្បាប់ជួបទាហានឈុតខ្មៅថៃ រត់ចុះរត់ឡើងទាក់ជើងបន្លាលួសរងរបួសម្នាក់ ខណៈមនុស្ស៤០នាក់ផ្សេងទៀត ចាញ់បោកមេខ្យល់ លួចឆ្លងដែន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

https://khmernews.news/ ស៊ីហៀង 20-05-2020

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ពលករខ្មែរចំនួន២នាក់ បានឆ្លងដែនពីទឹកដីថៃមកកម្ពុជា ត្រង់ចំណុចទល់មុខទឹកដីខ្មែរម្ដុំដើមស្រល់ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលទៅដល់ចំណុចកើតហេតុ បានប្រទះជាមួយទាហានឈុតខ្មៅថៃ ហើយព្យាយាមរត់គេចពីការចាប់ខ្លួនរបស់ទាហានថៃ ពេលនោះទាហានថៃឈុតខ្មៅបានបាញ់ឡើងលើ ធ្វើឲ្យពលករខ្មែរម្នាក់ភ័យហើយរត់ទៅទាក់ជាមួយបន្លាលួសរបស់ថៃ បណ្ដាលឱ្យរបួសជើងខាងឆ្វេង ជនរងគ្រោះត្រូវបានទាហានឈុតខ្មៅថៃ បញ្ជូនទៅព្យាបាលនៅពេទ្យអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីកើតហេតុថៃ បានរកឃើញពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន១៦នាក់បន្ថែមទៀត។ ក្នុងចំណោមពលករទាំង១៦នាក់ នោះ មានម្នាក់ជាមេខ្យល់ ឈ្មោះ ឃាន ភៀន ហៅអ៊ូខុង ប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិក្តីស្វិត ឃុំស្រែក្តុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ពេលនេះលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ បានកំពុងធ្វើការសាកសួរមេខ្យល់រូបនេះនៅច្រកអូបីជាន់ រួចបញ្ជូនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ហើយពលករទាំង ១៦នាក់ នឹងរៀបចំបញ្ជូនមកធ្វើចត្តាឡីស័កនៅស្រុកអូរជ្រៅ ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានឲ្យដឹងថា នៅក្នុងយប់នោះផងដែរ ទាហានការពារព្រំដែនខាងកើតច្រកបឹងត្រកួន ក៏បានធ្វើការឃាត់ខ្លួនពលករខ្មែរ ដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន២៤នាក់ ចំណែកនៅច្រកភ្នំឆត្រ បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃចំនួន ២៦នាក់ហើយអ្នក ទាំងនេះត្រូវបានបញ្ជូនទៅធ្វើចត្តាឡឺស័កចំនួនពីរគោលដៅ ទី១ចត្តាឡីស័កនៅស្រុកថ្មពួក ទី២ចត្តាឡីស័កនៅស្រុកស្វាយចេក ។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាកុំចាញ់បោកមេខ្យល់ដោយធានានាំឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងដំណាក់កាលនេះ ខណៈដែលប្រទេសថៃនឹងប្រទេសកម្ពុជាកំពុងតែរឹតបន្តឹងច្រកព្រំដែនមិនឱ្យប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទឹកដីថៃទេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនូវរលកទីពីរនៃជំងឺកូវីត-១៩ ។

សារព័ត៌មាន បន្ទាយមានជ័យ កូវិដ១៩

website_news/2020200511.txt · Last modified: 2020/05/20 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki