website_news:2020200512

ក្រសួងការងារបានបញ្ជូនពលករខ្មែរ ធ្លាប់មានកិច្ចសន្យាការងារឲ្យត្រឡប់ទៅធ្វើការ នៅកូរ៉េឡើងវិញហើយ

http://kampucheathmey.com/ 19/5/2020 2:47 Pm

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងបានបញ្ជូនពលករខ្មែរ ដែលធ្លាប់ទៅធ្វើការ និងមានកិច្ចសន្យាការងារជាមួយថៅកែចាស់របស់កូរ៉េឲ្យត្រឡប់ទៅធ្វើការឡើងវិញ បន្ទាប់ពីប្រទេសកូរ៉េមានស្ថានភាពជំងឺកូវីដ-១៩ ភាពធូរស្រាល។ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ ខែឧសភាថា ពលករដែលបានបញ្ជូនទៅធ្វើការនៅកូរ៉េឡើងវិញនេះ លោកមិនបានដឹងថា មានចំនួនប៉ុន្មានពិតប្រាកដនោះដែរ ពីព្រោះវាអាស្រ័យលើថៅកែចាស់របស់កូរ៉េ ដែលជូនដំណឹងដល់ពលករ ម្នាក់ៗប៉ុណ្ណោះ។ លោក ក៏ធ្លាប់បានបញ្ជាក់ថា ក្នុងចំណោមពលករបរទេស ធ្វើការនៅកូរ៉េខាងត្បូងចំនួន១៦ ប្រទេស ពលករខ្មែរ ត្រូវបានថៅកែកូរ៉េមានការកោតសរសើរថា មានចរិតស្លូតបូត រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាមក្នុងបំពេញការងារ ដែលធ្វើឲ្យថៅកែកូរ៉េទទួលយកពលករខ្មែរទៅធ្វើការជាបន្តបន្ទាប់។

លោកហេង សួរ ធ្លាប់បានណែនាំឲ្យពលករខ្មែរ ធ្វើការនៅកូរ៉េត្រូវរក្សាឲ្យបាននូវភាពថ្លៃថ្នូរ ថែរក្សាសុខភាព ឲ្យបានល្អនិងខិតខំធ្វើការងារប្រកបដោយទទួលខុសត្រូវ ដើម្បីកសាងកេរ្តិ៍ឈ្មោះដ៏ល្អមួយសម្រាប់ពលករកម្ពុជា និងបង្កើតក្តីស្រលាញ់ពីភាគីនិយោជកកូរ៉េបន្ថែមទៀត។ លោកក៏បានបន្ថែមថា ក្នុងករណីចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ព្រោះថាបើផ្លាស់ប្ដូរការងារ ដោយចិត្តឯងអាចប្រឈមនឹងបញ្ហានានាផងដែរ។

បន្ថែមពីនេះលោកក៏បញ្ជាក់ថា ពលករធ្វើការនៅកូរ៉េទទួលបានការគាំពារយ៉ាងខ្លាំងពីសំណាក់ភាគីកូរ៉េ ព្រោះនៅកូរ៉េមានកន្លែងគាំពារពលករបរទេសមិនតិចជាង៤០កន្លែងទេ ដែលនៅតាមកន្លែងនីមួយៗ មានអ្នកចេះភាសាទៅតាមប្រទេសនីមួយៗរួមទាំងភាសាខ្មែរផង នៅពេលដែលពលករមានបញ្ហាអ្វីមួយ។ ក្រៅពីនេះក្រសួង ក៏បានដាក់មន្ត្រីចំនួន២នាក់ ដោយមានភ្ជាប់ទំនាក់ទំនងលេខទូរស័ព្ទ នៅស្ថានទួតកម្ពុជាប្រចាំនៅប្រទេសកូរ៉េផងដែរ ដើម្បីរង់ចាំជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពលករ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជា មានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង៤ម៉ឺននាក់ ទៅលើវិស័យឧស្សាហកម្មកសិកម្មនិងសំណង់ ដែលបានជួយលើកស្ទួយដល់ជីវភាពគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិ ឲ្យកាន់តែប្រសើរផងដែរ៕ អត្ថបទ៖ សំអឿន

website_news/2020200512.txt · Last modified: 2020/05/20 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki