website_news:2020200701

មានក្តីបារម្ភពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ប្រើទូរស័ព្ទសិក្សាតាមប្រព័ន្ធអនឡាញ

https://m.postkhmer.com/ សុទ្ធ គឹមសឿន 17 July 2020 | 13:37 ICT

ភ្នំពេញៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ លោកស្រី ញ៉េប សុភាព បង្ហាញក្ដីបារម្ភចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ដោយសារមួយរយៈចុងក្រោយកុមារភាគច្រើនកាន់ទូរស័ព្ទ ឬនៅជាមួយអ៊ីនធឺណិត ដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ ប៉ុន្ដែក្រៅពីសិក្សាមិនដឹងកុមារបានប្រព្រឹត្តអ្វីខ្លះតាមប្រព័ន្ធអ៊ីធឺណិត។

លោកស្រី ញ៉េប សុភាព ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា លោកស្រីមានការបារម្ភចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត ព្រោះកុមារភាគច្រើនបានកាន់ទូរស័ព្ទស្មាតហ្វូន ដើម្បីធ្វើការសិក្សាតាមប្រព័ន្ធអ៊ីធឺណិត។ ប៉ុន្ដែគេមិនដឹងច្បាស់ថា ក្រៅពីការរៀនសូត្រពួកគាត់បានប្រព្រឹត្តអ្វីដែលងាយចាញ់បោកជនខិលខូចមួយចំនួន។ លោកស្រីបន្តថា ក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារដែលមានសមាសភាពជំនាញពីអន្តរក្រសួងបាន និងកំពុងពិភាក្សាដាក់ចេញនូវផែនការមួយចំនួន ដើម្បីទប់ស្កាត់រាល់អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ។ ក្នុងនោះក្រុមការងារបានដាក់ចេញផែនការសំខាន់ៗមួយចំនួន ដើម្បីយកទៅអនុវត្តសម្រាប់ទប់ស្កាត់បទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្រី ញ៉េប សុភាព បានបញ្ជាក់ថា៖ «ចំណុចសំខាន់ដែលយើងកំពុងគិតពិចារណានេះគឺពង្រឹងអភិបាលកិច្ចមូលដ្ឋានដោយធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ទាំងអស់នេះឲ្យអាណាព្យាបាល ឬឪពុកម្ដាយគាត់បានដឹង ហើយតាមដានសកម្មភាពកូនឲ្យបានច្រើនជាងមុន»។ លោកស្រីបានបន្តថា៖ «ជាក់ស្ដែងក្នុងអំឡុងពេលជំងឺកូវីដនេះគឺក្មេងៗរៀនតាមអនឡាញ ហើយប្រព័ន្ធវាទូលំទូលាយណាស់។ បើយើងសិក្សាស្រាវជ្រាវតាមមេរៀន គឺវាផ្ដល់ផលប្រយោជន៍ច្រើនប៉ុន្ដែយើងខ្លាចគាត់មិនរៀនសូត្រ ហើយបែរទៅជាប្រព្រឹត្តរឿងផ្សេងដែលពាក់ព័ន្ធអំពើកេងប្រវ័ញ្ចផ្លូវភេទ។ ដូច្នេះបញ្ហានេះគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់បន្ទាន់»។

លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានថ្លែងពីម្សិលមិញថា ជាវិធានការដើម្បីទប់ស្កាត់អំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ អាណាព្យាបាលត្រូវតែតាមដានពីសកម្មភាពកូនៗរបស់ខ្លួនតាមរយៈការសង្កេតសកម្មភាពប្លែកៗរបស់ពួកគាត់។ ប៉ុន្ដែប្រសិនមានបញ្ហាអ្វីដែលគួរឲ្យកត់សម្គាល់ ឪពុកម្ដាយត្រូវតែប្រញាប់រាយការណ៍ ឬប្ដឹងសមត្ថកិច្ចជំនាញដែលនៅជិតបំផុត។ លោកបន្តថា ក្មេងៗភាគច្រើនដឹងពីរបៀបប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធអនឡាញ។ ដូច្នេះពួកគេងាយស្រួលនឹងចាញ់កលល្បិចជនខិលខូចមួយចំនួន ហើយសមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធត្រូវដឹងឲ្យបានច្បាស់ពីសកម្មភាពកូនៗ និងល្បិចកលរបស់ជនខិលខូចដែលមានបំណងមិនល្អមកលើអនីតិជន។ ពិសេសអាណាព្យាបាលត្រូវតែធ្វើការសហការជាមួយ មន្ត្រីជំនាញឲ្យបានជិតស្និទ្ធ ដើម្បីបង្ក្រាបបទល្មើសទាំងអស់នេះ។ លោកបានបញ្ជាក់ទៀតថា៖«CPUមានមោទនភាពដែលបានក្លាយជាដៃគូយ៉ាងជិតស្និទ្ធជាមួយនគរបាលកម្ពុជា ដើម្បីការពារកុមារ និងស្រាវជ្រាវលើបទល្មើសទាក់ទងកុមារ។ ជាពិសេសបទល្មើសអនឡាញទៅលើកុមារយើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពរបស់កុមារ។ បទល្មើសដែលកើតឡើងមកលើកុមារមានទំហំធំធេងនៅលើសកលលោក ប៉ុន្ដែសម្រាប់ CPU ដែលកំពុងធ្វើការនៅកម្ពុជា គឺឆ្នាំនេះយើងរកឃើញចំនួន៩ករណី ដែលបានកើតឡើងលើកុមារតាមប្រព័ន្ធអនឡាញ»៕

website_news/2020200701.txt · Last modified: 2020/07/20 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki