website_news:2020200711

ត្រឹមតែ1ថ្ងៃ ថៃចាប់ពលករលួចឆ្លងដែនដោយមិនខ្លាចបន្លាលួស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១៧:៤០ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ យោងការចុះផ្សាយដាច់ដោយឡែក របស់គេហទំព័រក្នុងស្រុកថៃចំនួន២បានឲ្យដឹងថា ត្រឹមរយៈពេល១ថ្ងៃចុងក្រោយនៃខែកក្កដា ២០២០ នេះ ពលករខ្មែរជាង៤០នាក់ ត្រូវសមត្ថកិច្ចចម្រុះថៃក្នុងខេត្តស្រះកែវ ចាប់ខ្លួនក្រោយលួចឆ្លងព្រំដែនចូលទឹកដីថៃ និងមួយចំនួនកំពុងធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ ។

គេហទំព័រមួយបានឲ្យដឹងថា កាលពីថ្ងៃទី១៦ កក្កដា ពលករខ្មែរចំនួន១៤នាក់ ស្រី២នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃធ្វើការឃាត់ខ្លួន នៅចំណុចភូមិ១ ឃុំថាខាម ស្រុកអារញ្ញ ឈមនឹងទឹកដីកម្ពុជា ក្រុងប៉ោយប៉ែត(ខាងត្បូងផ្លូវជាតិលេខ៥) ក្រោយពេលឆ្លងព្រំដែន បំណងទៅរកការងារធ្វើលើទឹកដីថៃ ។

ដោយឡែកគេហទំព័រមួយផ្សេងទៀតបានឲ្យដឹងថា នៅថ្ងៃដដែល១៦ កក្កដា ២០២០ សមត្ថកិច្ចចម្រុះថៃក្នុងស្រុកគោកធ្យូង និងស្រុកតាប្រាយ៉ា រួមជាមួយកម្លាំងជំនាញខេត្តស្រះកែវ បានធ្វើការឃាត់ខ្លួនពលករខ្មែរទើបវិលត្រឡប់ពីថៃ និងទើបឆ្លងព្រំដែនពីកម្ពុជាចំនួន២៨នាក់ ស្រី១៣នាក់ ។ ប្រភពថា ពលករខ្មែរ១៦នាក់ ស្រី៦នាក់ និងមេខ្យល់ថៃ២នាក់ ឡាវម្នាក់ ត្រូវបានឃាត់ខ្លួននៅភូមិគោកសាវ៉ាង ឃុំណងមួង ស្រុកគោកធ្យូង ជាមួយរថយន្តពាក់ស្លាកលេខថៃ៣គ្រឿង ដែលកំពុងដឹកពលករមកពីខេត្តឆាក់ឆឺនសៅ ប្រុងឲ្យឆ្លងដែនចូលកម្ពុជាវិញ ។

ចំណែកពលករខ្មែរ១២នាក់ ស្រី៦នាក់ និងមេខ្យល់ថៃ២នាក់ រថយន្តផ្លាកលេខថៃ១គ្រឿង ត្រូវបានគេឃាត់នៅចំណុចភូមិគោកវៀន ឃុំនិង ស្រុកតាប្រាយ៉ា ខណៈមេខ្យល់ថៃកំពុងយករថយន្តដឹកពលករទាំងនេះ ទៅរកការងារធ្វើនៅក្រុងបាងកក ។ សរុបពលករទាំង៣ទីតាំង ដែលសមត្ថកិច្ចចម្រុះថៃចាប់នៅក្នុងខេត្តស្រះកែវ មានចំនួន៤២នាក់ ស្រី១៥នាក់ មិនបានគិតរួមជាមួយមេខ្យល់ថៃឡាវ៥នាក់ទេ ។

គួរបញ្ជាក់ថា ករណីពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ទៅមកប្រទេសថៃមួយរយៈចុងក្រោយនេះ ស្ទើរក្លាយជារឿងសាមញ្ញ និងដដែលទៅហើយ ព្រោះជំនាញពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ មិនសាកសួរលម្អិតពីពលករដើម្បីដឹងថា ពួកគេឆ្លងតាមច្រកណា ហើយមន្ត្រី ឬសមត្ថកិច្ចណាខ្លះ ដែលជាប់ពាក់ព័ន្ធនឹងរឿងផលប្រយោជន៍ ខណៈប្រទេសថៃនៅពេលនេះមានប្រភពថា កំពុងរឹតបណ្តឹងយ៉ាងខ្លាំងនោះឡើយ ។ រហូតចំណុចខ្លះនៅបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវមានប្រភពថា សមត្ថកិច្ចថៃដាក់បន្លាលួស៣ជាន់ និងដាក់សញ្ញាបន្លឺសម្លេងពេលណាមានមនុស្សលួចឆ្លងដែនទៀតផង ។ មិនតែប៉ុណ្ណោះចំពោះមន្ត្រី ឬសមត្ថកិច្ចរបស់គេណាមួយ រកឃើញពាក់ព័ន្ធនឹងពលករឆ្លងដែនខុសច្បាប់ នឹងដកហូតតំណែងហើយដាក់ទោសទណ្ឌថែមទៀត ខុសពីសមត្ថកិច្ចខ្មែរបានរួចខ្លួនយ៉ាងរំភើយ ៕

website_news/2020200711.txt · Last modified: 2020/07/20 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki