website_news:2020201002

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកថែទាំ ប្រញាប់ដាក់ពាក្យធ្វើតេស្ត ឆាប់បានទៅធ្វើការនៅជប៉ុន

http://kampucheathmey.com/ 17/10/2020 12:44 Pm

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរ ជំនាញផ្នែកថែទាំទាំងអស់ ត្រូវប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសាជប៉ុន។ ក្នុងនោះដើម្បីឆាប់បានទៅធ្វើការនៅប្រទេសជប៉ុន នាពេលខាងមុខ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងការងារដែលទទួលបាននៅថ្ងៃនេះ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ផ្នែកថែទាំចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ តទៅ។ លោករដ្ឋមន្ត្រី បានបន្តថា ការធ្វើតេស្តជំនាញ និងភាសាជប៉ុន សម្រាប់ផ្នែកថែទាំនេះ គឺធ្វើចំនួនពីរទីតាំង ដែលទីតាំងទី១ ធ្វើនៅមណ្ឌលសាកលវិទ្យាល័យប៊ែលធី សាខាទួលស្លែង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ និងថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ និងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ លោកបានបន្ថែមទៀតថា ចំពោះទីតាំងទី២ នៅមណ្ឌលវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ទី២០ និង២១ខែវិច្ឆិកា ឆ្នាំ២០២០ និង នៅថ្ងៃទី១៨ និង ទី១៩ ខែធ្នូ ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចំពោះវិញ្ញាសាធ្វើតេស្តជំនាញ និងភាសាជប៉ុន ចែកជា២ផ្នែក គឺទី១.តេស្តជំនាញថែទាំ មានរយៈពេល៦០នាទី និងមាន៤៥សំណួរ ការប្រឡងវិញ្ញាសាសរសេរមាន ៤០សំណួរ មូលដ្ឋានគ្រឹះ នៃការថែទាំ មាន១០សំណួរ ការយល់ដឹងផ្នែកអារម្មណ៍ និងរូបរាងកាយ មាន៦សំណួរ ជំនាញទំនាក់ទំនង មាន៤សំណួរ ការថែទាំផ្នែករាងកាយ មាន២០សំណួរ និងការប្រឡងអនុវត្ត មាន៥សំណួរ។ ដោយឡែក ផ្នែកទី២ វិញ មានការធ្វើតេស្តភាសាជប៉ុនសម្រាប់ជំនាញថែទាំ មានរយៈពេល៣០នាទី និងមាន១៥សំណួរ ពាក្យបច្ចេកទេស នៃការថែទាំមាន៥សំណួរ ការសន្ទនាសម្រាប់ផ្នែកថែទាំមាន ៥សំណួរ និងការអានអត្ថបទទាក់ទងការថែទាំមាន៥សំណួរ។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ចំពោះពិន្ទុជាប់ គឺចាប់ពី៦០% នៃពិន្ទុសរុប សម្រាប់តេស្តនីមួយៗដែលការធ្វើតេស្តជំនាញ និងភាសាជប៉ុន ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT Method) ហើយ លទ្ធផល នឹងត្រូវជូនដំណឹងមួយខែក្រោយ នៃការប្រឡង។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើតេស្តជំនាញ និងភាសាជប៉ុននេះ បេក្ខជន ត្រូវបង់ថ្លៃចំនួន២០ដុល្លារ សម្រាប់ទទួលបានសិទ្ធិធ្វើតេស្ត ដែលបេក្ខជនីមួយៗ ត្រូវមានអាយុចាប់ពី១៧ឆ្នាំ ឡើងទៅដោយមិនគិតពីកម្រិតវប្បធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕ អត្ថបទ ៖ សំអឿន

website_news/2020201002.txt · Last modified: 2020/10/20 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki