website_news:2020201003

នគរបាល ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជាពិសេសបទល្មើសបំពារបំពានលើស្ត្រី និងកុមារ

https://www.cen.com.kh/ October 19, 2020

ភ្នំពេញ ៖ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បានថ្លែងថា នគរបាល គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយដែលនៅតែបន្តកើតមាន ជាពិសេសបទល្មើសបំពារបំពានលើស្ត្រី និងកុមារ ដែលជាជនងាយរងគ្រោះ។ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី កិច្ចការពារកុមាររបស់នគរបាល នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ លោកជំទាវ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងបន្តទៀតថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងសមត្ថភាពរបស់នគរបាលថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ស្រុក ក្នុងការចូលរួមបង្ការទប់ស្កាត់កុមារឲ្យរួចផុសពីអំពើហិង្សាគ្រប់ប្រភេទ និងបង្ការទប់ស្កាត់កុមារកុំឲ្យប្រព្រឹត្តបទល្មើស និងពង្រឹងសមត្ថភាពរបស់នគរបាល ដើម្បីឲ្យពួកគាត់អាចបណ្តុះបណ្តាលមន្ត្រីនគរបាលនៅក្នុងឃុំ-សង្កាត់ផ្សេងទៀត ក្នុងគោលបំណងឈានទៅធ្វើជាជនបង្គោល ទទួលបន្ទុកកិច្ចការពារកុមារ ចំនួន២រូប នៅក្នុងឃុំ-សង្កាត់ និងស្រុកនីមួយៗនៃខេត្តគោលដៅទាំង៥។

លោកជំទាវ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា “ក្នុងនាមកងកម្លាំងនគរបាលជាតិនិយាយជារួម ហើយនិយាយដោយឡែកក្នុងនាមយើងទាំងអស់គ្នាដែលជាមន្ត្រីនគរបាល ដែលមានវត្តមាននៅទីនេះ សុទ្ធសឹងជាមន្ត្រីជំនាញផ្នែកយុត្តិធម៌ ហើយការងារស្នូលរបស់យើង គោលបំណងសំខាន់ គឺកិច្ចការពារសង្គ្រោះជនរងគ្រោះ ជាពិសេសគឺកុមារ និងការស្វែងរកចាប់ខ្លួនជនល្មើសយកមកកាត់ទោសតាមច្បាប់ ក្នុងគោលដៅដើម្បីធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាព ហើយប្រជាពលរដ្ឋបានរស់នៅដោយភាពសុខដុមរមនា និងសុវត្ថិភាព ដែលកិច្ចការទាំងនេះ ទាមទារឲ្យមានការឆ្លើយតបឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព”។ លោកជំទាវ បន្តថា កងកម្លាំងយើងដែលបានសិក្សានៅទីនេះ នឹងក្លាយជាគ្រូបង្គោល ព្រោះកិច្ចការទាំងអស់នេះ មិនមែនយើងធ្វើតែមន្ត្រីដែលចូលរួមនេះទេ អ៊ីចឹងហើយបានជាគោលការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បង្កើតឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីឲ្យគ្រូបង្គោលយកទៅផ្សព្វផ្សាយបន្ត ពង្រីកការងារ និងចំណេះដឹងបន្តដល់អង្គភាពជំនាញនៅតាមមូលដ្ឋានបានយល់ដូចៗគ្នា ដើម្បីឲ្យការអនុវត្តច្បាប់ ត្រូវតាមនីតិវិធីច្បាប់។ វគ្គបណ្តុះបណ្តាល និងបំប៉នគ្រូបង្គោលនាពេលនេះ មានគោលបំណងសំខាន់ គឺពង្រឹង បំប៉ន សមត្ថភាពមន្ត្រីជំនាញ ដែលពាន់ព័ន្ធទៅលើកុមារទាំងអស់ សម្រាប់បង្ហាត់បង្ហាញបន្តដល់មន្ត្រីនគរបាលទាំងថ្នាក់ជាតិ និងថ្នាក់ស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ ដែលកំពុងប្រតិបត្តិការលើកិច្ចការពារកុមារនេះ។

ក្នុងឱកាសនោះដែរ លោកស្រី លូសៀ សូលីទី Lucia Soleti ប្រធានកម្មវិធីកិច្ចការពារកុមារ បានមានប្រសាសន៍ថា «លោកស្រី សូមចូលរួមអបអរសាទរចំពោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធកិច្ចការពារកុមារសម្រាប់កម្ពុជា ។ ការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងការតែងតាំងជនបង្គោលទទួលបន្ទុកខាងកិច្ចការពារកុមារ នៅក្នុងឃុំ-សង្កាត់ និងស្រុកនីមួយៗ គឺជាសមាសភាពមួយយ៉ាងសំខាន់ នៃប្រព័ន្ធកិច្ចការពារកុមារនេះ ។ ប្រព័ន្ធកិច្ចការពារកុមារ ដែលអាចដំណើរការទៅបានល្អ គឺទាមទារឲ្យមានកម្លាំងការងារប្រកបដោយវិជ្ជាជីវៈ និងមានសមត្ថភាពពេញលេញក្នុងការកំណត់អត្តសញ្ញាណការពារ និងផ្តល់សេវាដល់កុមារគ្រប់រូប ជាពិសេសកុមារដែលប្រឈមនឹងអំពីហិង្សា ការកេងប្រវញ្ចន៍និងការរំលោភបំពាន »។ លោកស្រីប្រធានកម្មវិធីកិច្ចការពារកុមារ បានបន្តថា អង្គការយូនីសេហ្វ រីករាយនឹងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកំណត់តួនាទីជាក់លាក់សម្រាប់នគរបាលទទួលបន្ទុកកិច្ចការពារកុមារ ហើយឈានទៅធ្វើការផ្សព្វផ្សាយជាផ្លូវការនូវតួនាទីនេះឲ្យយល់ជ្រាបជាទូទៅនៅថ្នាក់ខេត្ត»។

សូមជម្រាបថា វគ្គសិក្សាលើកទី២នេះ មាន១១មេរៀន ដែលមានគ្រូឧទ្ទេសនាមមកពី ស្ថាប័នពាក់ព័ន្ធរួមមាន ៖ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍១រូប, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន៣រូប, មេធាវី នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា១រូប, សាស្ត្រាចារ្យរង នៃបណ្ឌិត្យសភានគរបាលកម្ពុជា ១រូប, និងមន្ត្រីសម្របសម្រួលនៃអង្គការ Unicerf ១រូប ដែលមានសិក្ខាកាមចូលរួម ចំនួន៣៩នាក់ (ស្រី៤នាក់) មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបាត់ដំបង ៕ដោយ៖បញ្ញាស័ក្តិ

website_news/2020201003.txt · Last modified: 2020/10/20 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki