website_news:2020201104

កម្ពុជាចាប់ផ្តើមបញ្ជូនពលករ ទៅធ្វើការនៅប្រទេសជប៉ុនជាបណ្តើរៗហើយ

http://kampucheathmey.com/ November 20, 2020 By Sorn Phanit

កម្ពុជាបានចាប់ផ្តើមបញ្ជូនកម្មសិក្សាការី និងពលករជំនាញពី៥០០ ទៅ៦០០នាក់ ក្នុង១ខែៗ ទៅធ្វើការ លើវិស័យផ្សេងៗនៅប្រទេសជប៉ុនជាបណ្តើរៗហើយ បន្ទាប់ពីបានផ្អាកកាលពីខែមេសាកន្លងទៅ ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ វិច្ឆិកាថា កម្មសិក្សាការីនិងពលករជំនាញ ដែលបញ្ជូនទៅធ្វើការនៅជប៉ុន គឺធ្វើទៅលើផ្នែកកសិកម្ម វេចខ្ចប់ សេវាកម្ម សណ្ឋាគារ និងសំណង់។ លោកបានបន្តថា«ប្រសិនបើមិនមានការហាមប្រាមការធ្វើដំណើរឬមានបញ្ហា ដោយសារជំងឺកូវីដ១៩នោះ យើងនឹងបន្តបញ្ជូនពលករជាបន្តបន្ទាប់រហូតដល់គ្រប់ចំនួន ព្រោះជប៉ុនត្រូវការពលករខ្មែរប្រមាណ១ម៉ឺននាក់ ក្នុងមួយឆ្នាំប៉ុន្តែដោយសារកូវីដ១៩ ទើបយើងមិនអាចបញ្ជូនទៅគ្រប់ចំនួនបាន»។ លោកបានបន្តទៀតថា តាមផែនការនៅឆ្នាំ២០២០នេះ កម្ពុជាគ្រោងនឹងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ២០ម៉ឺននាក់ ក្នុងនោះរួមមានប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុងនិងម៉ាឡេស៊ី ប៉ុន្តែ រហូតមកដល់ពេលនេះ បញ្ជូនបានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសារប្រទេសទាំងនោះ មានបញ្ហាជំងឺកូវីដ១៩។ លោកបានបន្ថែមទៀតថា ក្នុងចំណោមប្រទេសទាំងនោះ មានតែប្រទេសជប៉ុនទេ ដែលកម្ពុជាបានបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការ។ ក្រៅពីនោះនៅមិនទាន់បានបញ្ជូននៅឡើយទេ ដោយសារមានបញ្ហាជំងឺកូវីដ១៩។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនប្រមាណជិត១៥,០០០នាក់ ដោយធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត។ គួរបញ្ជាក់ ថាកម្ពុជាបានបញ្ជូនពលករទៅ ធ្វើការងារនៅក្រៅប្រទេសប្រមាណ១លាន២សែននាក់ នៅតាមបណ្តាប្រទេសមួយចំនួនដូចជាថៃ ជប៉ុន សឹង្ហបុរី ហុងកុង កូរ៉េខាងត្បូងនិងម៉ាឡេស៊ី ដោយបានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារវិញ ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕ អត្ថបទ៖ សំអឿន

website_news/2020201104.txt · Last modified: 2020/11/20 15:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki