website_news:202021.0405

គិតដល់ថ្ងៃ២០ មេសា ប្រជាពលរដ្ឋខ្មែរ មកពីបរទេស ចូលតាមច្រកទាំងបីមានចំនួន ១២,០៦៧នាក់

http://nokorwatnews.com/ 20-04-2020

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីមានចំនួន ១២,០៦៧នាក់ ក្នុងនោះ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ អាជ្ញាធរបានឲ្យដឹងថា៖ ថ្ងៃនេះទទួលបានចំនួនសរុប ៤៨នាក់ ស្រីចំនួន ១៨នាក់ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

សូមបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១២,០៦៧នាក់ ស្រីចំនួន ៥,២២៤នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១២,០៦៧នាក់ ស្រី ៥,២២៤នាក់ គឺពិនិត្យសុខភាពបានទាំងអស់។

តាមរយៈការយកចិត្តទុកខ្ពស់ពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរ មកពីបរទេស បានដាក់អោយនៅដាច់ដោយឡែក រយៈពេល១៤ ថ្ងៃ តាមទីតាំងមូលដ្ឋាន ដែលគាត់រស់នៅ និងតាមដានពីសុខភាពពីក្រុមគ្រូពេទ្យ។

នៅរាជធានីភ្នំពេញ ក្រសួងការងារ បានរៀបចំកន្លែង មណ្ឌលចត្តាឡីស័ក១០កន្លែង អោយកម្មករស្នាក់នៅ រយៈពេល១៤ថ្ងៃ ក្រោយពីពួកគាត់ត្រឡប់មកពីចូលឆ្នាំនៅស្រុកកំណើត៕ សហការី

website_news/202021.0405.txt · Last modified: 2020/04/21 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki