website_news:202021.0406

ពលករចំណាកស្រុកពីប្រទេសថៃប្រឈមអត់ការងារធ្វើនិងជំពាក់បំណុលគេ ក្រោយវិលត្រឡប់មកស្រុកកំណើត

https://khmer.voanews.com/ 21 មេសា 2020 គង់ មេត្តា

ស្រុកបាទី ខេត្តតាកែវ៖ លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា ដែលត្រូវជាប្តីប្រពន្ធ បានមកដល់ច្រកអន្តរជាតិភូមិឡែម ខេត្តចាន់ថាបូរី ប្រទេសថៃ កាលពីថ្ងៃទី២ ខែមេសា ដើម្បីមកស្រុកកំណើតនៅខេត្តតាកែវ។ ពួកគាត់ត្រឡប់មកវិញក្នុងគោលបំណងទៅមើលម្តាយដែលកំពុងសម្រាកឈឺនៅផ្ទះ ប៉ុន្តែពួកគាត់មិនអាចឆ្លងតាមច្រកនេះបានទេ ដោយសារអាជ្ញាធរថៃបានបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា។ ដើម្បីឆ្លងមកបានពួកគាត់ត្រូវដើរក្នុងព្រៃ ប្រហែល៣គីឡូម៉ែត្រ ហើយត្រូវចំណាយថ្លៃការធ្វើដំណើរជាង៩០ដុល្លារ ដើម្បីទៅមកដល់ទឹកដីខ្មែរ។ លោក មិន សារុន បានថ្លែងប្រាប់ VOA នៅផ្ទះរបស់លោកក្នុងខេត្តតាកែវថា៖ «គេបិទផ្លូវ ប៉ុន្តែឡានគេជូនមកតាមផ្លូវកាត់។ អ៊ីចឹងយើងត្រូវចំណាយលុយច្រើនដែរ។ យើងដើរប្រហែល៣គីឡូម៉ែត្រ ចេញ១៥០០បាតក្នុងមួយនាក់»។ លោកបន្ថែម៖ «ទាហាននៅជាយដែនពិនិត្យខ្ញុំ៣ដងសរសេរក្រដាសពេទ្យ ពិនិត្យម៉ាស្អាតបានគេឲ្យមក ប្រហែលជា៣ម៉ោង ។ យើងជិះឡាន ។ ក្មួយទៅយក។ យើងជិះ៥នាក់ទាំងតៃកុងអត់យកពីណាមកចូលទៀតទេ សុទ្ធតែបងប្អូនឯង»។ លោក មិន សារុន និងអ្នកស្រី នាង ចន្ទ្រា ជាពលករក្នុងចំណោមពលករខ្មែរចំណាកស្រុកមកពីថៃ ប្រមាណ៩ម៉ឺននាក់ ដែលបានប្រញាប់វិលមកស្រុកកំណើតវិញ កាលពីចុងខែមីនា ដើម្បីចៀសវាងជាប់ក្នុងប្រទេសថៃ ដែលរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

កាលពីថ្ងៃទី៧ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា ពលករខ្មែររាប់ពាន់នាក់បានសម្រុកមកប្រទេសកម្ពុជាវិញ ហើយអាជ្ញាធរកម្ពុជានៅតាមច្រកមិនអាចពិនិត្យសុខភាពកម្មករទាំងអស់បានទេ។

ប្រជាពលរដ្ឋខ្មែរប្រមាណមួយលាន២០ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសមគឺជាពលករមិនស្របច្បាប់។

របាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ឆ្នាំ២០១៩ ឲ្យបានដឹងថា មួយភាគបីនៃពលករចំណាកស្រុក ដែលត្រូវបានគេសាកសួរព័ត៌មាន គឺពុំមានការងារធ្វើក្នុងស្រុកទេ មុនពេលពួកគេចេញពីកម្ពុជា ហើយជិតពាក់កណ្តាល គឺគ្មានចំណូលនិងប្រហែលពីរភាគបីបានសម្រេចចិត្តទៅប្រទេសថៃស្វែងរកការងារ ដោយសារពុំមានឱកាសការងារនៅក្នុងស្រុក និងដោយសារចង់បានចំណូលប្រសើរជាងមុន។ របាយការណ៍បង្ហាញថា ចំនួនពាក់កណ្តាលនៃអ្នកដែលត្រូវបានសម្ភាស បានផ្ញើប្រាក់ត្រឡប់ទៅស្រុកដល់ទៅ១២២៨ដុល្លារ ក្នុងមួយឆ្នាំ ហើយថាប្រាក់ទាំងនេះ គឺជាប្រាក់ចំណូលចម្បងសម្រាប់ទំនុកបម្រុងគ្រួសារនៅប្រទេសកម្ពុជា ឬក៏ដើម្បីប្រើប្រាស់ធ្វើឲ្យជីវភាពប្រសើរឡើង។ លោក មិន សារុន និង អ្នកស្រី នាង ចន្ទ្រា កំពុងអង្គុយនៅក្រោមផ្ទះពេលដែលអ្នកសារព័ត៌មានVOAបានចុះសម្ភាសជាមួយពួកគាត់នៅក្នុងស្រុកបាទី ខេត្តតាកែវហើយវាគឺជាថ្ងៃទីបីនៃការរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃរបស់ពួកគាត់។ ប្តីប្រពន្ធទាំងពីរមានផ្ទះសមរម្យ ផ្ទះពីរទន្ទឹមគ្នា។ ផ្ទះមួយធ្វើពីឈើ នៅចំកណ្តាលដីភូមិ។ ម្តាយរបស់ពួកគាត់និងកូនប្រុសរបស់ពួកគាត់បានទៅរស់នៅផ្ទះសាច់ញាតិបណ្តោះអាសន្ន។ ពួកគាត់សម្រាកនៅខាងក្រោមផ្ទះថ្មបែងចែកដាច់ពីគ្នាដោយកំណាត់វាំងនន។

អ្នកស្រី នាង ចន្ទ្រា ប្រាប់ឲ្យដឹងថា មន្ត្រីសុខាភិបាលបានចុះមកពិនិត្យសុខភាពនៅផ្ទះរបស់គាត់នៅថ្ងៃដំបូង ចំនួនបីដងដោយមន្ត្រីបានពិនិត្យមើល កំដៅឬនិងអាការៈទាក់ទងនឹងជំងឺកូវីដ១៩ហើយការណែនាំរបស់គេសង្កត់ធ្ងន់គឺឲ្យពួកគាត់នៅដាច់ដោយឡែកពីគ្នា។ អ្នកស្រី នាង ចន្ទ្រា បន្តថា៖ «យើងអត់បានជួបគាត់។ អ្នកភូមិគេអត់ហ៊ានសួរសុខទុក្ខយើង»។

សម្រាប់ លោក មិន សារុន ការធ្វើដំណើរដ៏ប្រថុយប្រថាន និងការចំណាយលើថ្លៃធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញគឺសំខាន់ ដោយសារត្រូវទៅថែទាំម្តាយកំពុងមានជំងឺ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ល្អ បើខ្ញុំនៅនោះមានលុយផ្ញើឲ្យគាត់ គឺល្អ។ ប៉ុន្តែដោយសារគាត់ឈឺ គ្មានអ្នកណាថែគាត់ គឺមិនល្អសម្រាប់ខ្ញុំទេ។ម្តាយខ្ញុំឈឺនៅផ្ទះគ្នានអ្នកណាថែគាត់ អ៊ីចឹងខ្ញុំត្រូវតែមកវិញដើម្បីថែគាត់ ។ទោះបីអត់លុយមានលុយក៏ដោយ ខ្ញុំត្រូវតែមក»។ពេលធ្វើការនៅរោងចក្រសាច់មាន់ នៅប្រទេសថៃតាំងពីចុងឆ្នាំ២០១៧មកនោះ ប្តីប្រពន្ធនេះរកប្រាក់ចំណូលបាន ប្រមាណ៤៣០ដុល្លារក្នុងមួយខែ។ ពួកគាត់ត្រូវផ្ញើទៅផ្ទះប្រមាណ១៥០ដុល្លារក្នុងមួយខែ និងបង់ការប្រាក់៦១ដុល្លារសម្រាប់បំណុលប្រមាណ២ពាន់ដុល្លារ ដែលពួកគាត់បានខ្ចីពីឈ្មួញចងការប្រាក់កាលពីពីរបីឆ្នាំមុន។ ពួកគាត់បានយកប្រាក់នោះដើម្បីចំណាយធ្វើលិខិតឆ្លងដែន និងការត្រៀមរៀបចំធ្វើដំណើរទៅប្រទេសថៃ។ បើទោះបីជាបានមកដល់ផ្ទះនិងបានជួបជុំគ្រួសារក៏ដោយ ក៏ពួកគាត់ទាំងពីរនាក់មានក្តីសង្ឈឹមបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ពីរបីខែខាងមុខនៅពេលពួកគេបញ្ចប់ការរស់នៅដាច់ដោយឡែករបស់ពួកគេ។ លោក មិន សារុន មានក្តីបារម្ភក្នុងការស្វែងរកការងារដែលជាមូលហេតុជំរុញឲ្យគាត់ធ្វើចំណាកស្រុក តាំងពីដំបូងមក។ លោក មិន សារុនបានសុំឲ្យបងប្រុសរបស់គាត់ជួយបង់ប្រាក់ជំពាក់គេក្នុងខែមេសា។ លោកមានប្រសាសន៍ថា៖ «ពិបាកដោយសារពេលយើងមកផ្ទះ វាអត់ទាន់មានការងារច្បាស់លាស់ ដែលយើងត្រូវធ្វើ ដោះស្រាយទៅមុខទៀតហើយមកបង្ខាំងអ៊ីចឹងទៀត វាពិបាកបណ្តោយ។ វារកដំណោះស្រាយមិនចេញ បើពីរបីខែទៀត»។ ឈ្មួញចងការប្រាក់ឯកជនក្នុងភូមិ ដែលមិនបានចុះឈ្មោះផ្លូវការត្រឹមត្រូវនិងគ្មានការត្រួតពិនិត្យតាមផ្លូវច្បាប់ គឺជាប្រភពកម្ចីដែលមានការប្រាក់ខ្ពស់សម្រាប់ប្រជាជនកម្ពុជាបើទោះបី មានការរីកដុះដាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ដោយ។

ខណៈពេលដែលឈ្មួញចងការប្រាក់ឯកជន គឺជាប្រភពកម្ចីនោះរបាយការណ៍ឆ្នាំ២០១៥ របស់អង្គការសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ បានចង្អុលបង្ហាញថា ប្រហែលជាប្រជាជនទៅខ្ចីលុយពីក្រុមឈ្មួញចងការប្រាក់ឯកជនដើម្បីយកទៅបង់ការប្រាក់បន្ថែមឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ ជាហេតុធ្វើឲ្យការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុស្ថិតក្នុងកម្រិតទាប។ កាលពីឆ្នាំមុនអង្គការលីកាដូ និងសមាគមធាងត្នោត បានបញ្ចេញរបាយការណ៍ដែលបានឆ្លុះបញ្ចាំងការរំលោភបំពានសិទ្ធិដែលពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេស សិទិ្ធកាន់កាប់ដី ការធ្វើចំណាកស្រុកដោយបង្ខំ និងការជួញដូរកម្លាំងពលកម្មកុមារ។ ករណីសិក្សានៅក្នុងរបាយការណ៍នេះក៏បានលើកឡើងផងដែរថា ពលរដ្ឋដែលត្រូវបានសម្ភាសបានប្រើប្រាស់កម្ចីពីឈ្មួញចងការប្រាក់ឯកជន ដើម្បីសងការប្រាក់តម្កល់របស់មីក្រូហិរញ្ញវត្ថុ។

ត្រឡប់ទៅស្រុកបាទី ខេត្តតាកែវវិញ ពលរដ្ឋផ្សេងទៀត ដូចជាអ្នកស្រី សៀង ណារ័ត្ន និងស្វាមីឈ្មោះសេង វ៉ា បានត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃ២៤ ខែមីនា ចំពេលដែលច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានបិទ។ ពួកគេនិងពលរដ្ឋខ្មែររាប់រយនាក់ទៀតដែលមានបំណងត្រឡប់ទៅស្រុកកំណើតបានជាប់នៅក្នុងប្រទេសថៃ។ ក្រោយពីការពិនិត្យសុខភាពជាច្រើនសាររបស់អាជ្ញាធរថៃ និងកម្ពុជា ប្តីប្រពន្ធទាំងពីរនាក់បានឆ្លងផុតព្រំប្រទល់ចូលមកកម្ពុជា ហើយបានជួលរថយន្តឈ្នួលជិះទៅផ្ទះភ្លាមៗ។ មកដល់ផ្ទះ អ្នកស្រីសៀង ណារ័តុ្ន បាននិយាយថា ប៉ូលិសរួមមានប្រធានភូមិ និងបុគ្គលិកសុខាភិបាលបានចុះមកចាំដល់ផ្ទះរបស់ស្រីធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើល។ អ្នកស្រីបញ្ជាក់ថា៖ «យើងមកដល់ផ្ទះប្រហែលម៉ោង៧។ គ្រាន់តែមកដល់ ទាំងប៉ូលិសទាំងប្រធានភូមិ អី គេមកពិនិត្យយើង។ ពេលព្រលឹមឡើងគេមកភ្លាមចូលផ្អើលពេញភូមិ។ គេផ្អើលគេខ្លាចយើង។ គេផ្អើលថា ខាងថៃ គេកើតច្រើន»។ ទើបតែបញ្ចប់ការរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ អ្នកស្រី សេង ណារ័ត្ន បានប្រាប់ថាគាត់និងស្វាមី មិនមែនត្រឡប់មក ដោយសារការខ្លាចវីរុសកូរ៉ូណានោះទេ។ ពួកគេមានបំណងមកលេងកូនប្រុសនិងមកលេងស្រុកកំណើត មុនចូលឆ្នាំខ្មែរ និងជួបជុំក្រុមគ្រួសារ មុនពេលត្រឡប់ទៅប្រទេសថៃវិញ នាចុងខែមេសា។

អ្នកស្រីធ្លាប់ធ្វើការងាររោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា មុនពេលធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយទទួលបានប្រាក់ខែ ប្រហែល២០០ដុល្លារ។ អ្នកស្រី សៀង ណារ័ត្ន ចង់បានជីវិតប្រសើរឲ្យកូនប្រុសអាយុបីឆ្នាំរបស់គាត់ ហេតុនេះហើយបានជាអ្នកស្រីបានសម្រេចចិត្តខ្ចីលុយពីឈ្មួញចងការ ដើម្បីចំណាយថ្លៃឯកសារ និងថ្លៃធ្វើដំណើរទៅប្រទេសថៃ។ កម្ចីនេះ អ្នកស្រីអាចយកបានដោយមិនចាំបាច់ដាក់ប្លង់ដីនោះទេ។ នៅក្នុងប្រទេសថៃ អ្នកស្រី សៀង ណារ័ត្ន និងស្វាមី អាចរកចំណូលរួមគ្នា បានប្រហែល៩២០ដុល្លារក្នុងមួយខែ ប៉ុន្តែត្រូវផ្ញើទៅផ្ទះសងលុយគេប្រហែល១០០ដុល្លារក្នុងមួយខែ ។

ស្វាមីរបស់អ្នកស្រី គឺលោក សេង វ៉ា ក៏បានប្រាប់ថា ពួកគេបានបង់សងគេរយៈពេលជិតពីរឆ្នាំមក ហើយ និងនៅជំពាក់ប្រាក់ឈ្មួញប្រហែល១០០០ដុល្លារទៀត។ ការត្រឡប់មកជួបកូននិងគ្រួសារក្នុង ឱកាសចូលឆ្នាំ បានធ្វើឲ្យប្តីប្រពន្ធទាំងពីរ ត្រូវជួបនូវសុបិនអាក្រក់ ទាក់ទងនឹងបញ្ហាថវិកា។ លោកបញ្ជាក់ថា៖ «យើងពិបាក។យើងមកដល់នេះ យើងទៅរកការងារធ្វើ ក៏វាពិបាក។យើងមកដល់នេះ អ្នកភូមិគេមិនហ៊ានមកក្បែរយើង។ អត់ទាន់ដឹងថា….ព្រោះអត់មានការងារធ្វើផង ថាទៅវិញហ្នឹង ថា ធ្វើការបានផ្ញើលុយទៅឲ្យគេ … មានលុយបង់ឲ្យគេ…. ព្រោះតែអត់មានការងារធ្វើ យើងបារម្ភ»។ ដោយមានទឹកមុខក្រៀមក្រំ ដោយមិនបាននៅស្និទ្ធស្នាលជាមួយកូនប្រុសរយៈពេល១៤ថ្ងៃ អ្នកស្រី សៀង ណារ័ត្ន មានប្រសាសន៍ថា៖« គ្រាន់ចុះមកវិញ បាញ់អាល់កុល ហើយលាងដៃ លាងជើង ហើយឱបកូនភ្លាមហ្មង»។

លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស(CENTRAL)បាននិយាយថា ដោយសារតែ ប្រឈមមុខនឹងបំណុលដ៏ច្រើន ពលករខ្មែរចំណាកស្រុក ពិតជាងាយរងគ្រោះ អំឡុងពេលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ដោយសារវីរុសកូរ៉ូណា។ លោកបានថ្លែងប្រាប់VOAថា នេះគឺធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ដោយសាររដ្ឋាភិបាលអសមត្ថភាពក្នុងការអនុវត្តគោលនយោបាយសារពើពន្ធ គោលនយោបាយគាំទ្រសង្គម ដូចជាទទួលបានអត្ថប្រយោជន៍ពេលកម្មករអត់ការងារ ដើម្បីប៉ះប៉ូវក្នុងគ្រាមានផលប៉ះពាល់ដោយសេដ្ឋកិច្ចដែលកម្មករជួបនៅអំឡុងប៉ុន្មានខែខាងមុខនេះ។ លោកបន្ថែមថា៖ «ពលករចំណាកស្រុកកម្ពុជាដែលបានត្រឡប់មកសហគមន៍របស់ពួកគេវិញ ឬក៏មានគម្រោងនឹងត្រឡប់មកវិញ ពួកគាត់ គឺមានភាពងាយរងគ្រោះខ្លួនឯងផ្ទាល់ប៉ះពាល់គ្រួសារគាត់ និងសហគមន៍ ហើយអត់មានសេវាសង្គមដើម្បីជួយពួកគេទេ»។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានជួយសម្រួលប្រជាពលរដ្ឋខ្មែរត្រឡប់មកពីថៃ ហើយបានចុះអប់រំពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ «យើងមានការបារម្ភ ដូច្នេះហើយបានយើងចុះអប់រំបងប្អូនកម្មករតាមរយៈការប្រើប្រាស់ផ្ទាំងរូបភាពសារ ការអប់រំ ប្រើប្រាស់វិទ្យុ និងការប្រើប្រាស់ឧបករណ៍មេក្រូចល័តចាក់ ដោយសារយើងឃើញថា គាត់នៅតែបន្តត្រឡប់មកពីថៃវិញ»។

ត្រឡប់មកលោក មិន សារុន នៅផ្ទះរបស់គាត់នៅស្រុកបាទី ខេត្តតាកែវ ។ ពួកគាត់កំពុងទន្ទឹងរង់ចាំការបញ្ចប់ការដាក់រស់នៅដាច់ដោយឡែក ដើម្បីបានរស់នៅជុំជាមួយគ្រួសារ និងកូន ហើយទោះបីជាយ៉ាងណាពួកគេរីករាយត្រឡប់មករស់នៅជុំគ្នាវិញទោះបីមានការរំខានក្តី។ ទោះជាយ៉ាងណា លោក មិន សារុន នៅតែបារម្ភពុំមានប្រាក់៦១ដុល្លារសម្រាប់សងគេ ដែលវាក៏អាចផ្តល់ការលំបាកដល់គ្រួសារគាត់ផងដែរ។ លោកបញ្ជាក់ថា៖«តិចច្រើនសំខាន់បាននៅជិតកូន នៅនេះក៏ល្អម្យ៉ាង។ សំខាន់យើងមានការងារចិញ្ចឹមកូនយើងបាន។យើងនៅនេះវិញ ល្អជាងតែបើសិនខ្ញុំនៅនេះ រកការងារអត់បាន….»។ លោកបន្ថែមថា៖ «ឈប់ទៅហើយ! ម៉ែពិបាកអ៊ីចឹងព្រោះថា ម៉ែកាន់តែចាស់ ។ ហើយកូនគាត់អត់មានអ្នកមើល»៕

website_news/202021.0406.txt · Last modified: 2020/04/21 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki