website_news:202021.0407

សិង្ហបុរីរកឃើញអ្នកផ្ទុកកូវីដ១៩ ១៤២៦នាក់បន្ថែមទៀត ក្នុងចំណោមពលករបរទេស

http://www.rfi.fr/km/ 20/04/2020 ដោយ៖ម៉ម ពិសី

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១៤២៦នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទទី២០មេសា ដែលសឹងតែទាំងអស់ គឺសុទ្ធតែជាពលករបរទេស។ នេះជាចំនួនរកឃើញដ៏ច្រើនបំផុត ក្នុងតែមួយថ្ងៃ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅសិង្ហបុរី មានចំនួន៨០១៤នាក់។ អាជ្ញាធរសិង្ហបុរីកំពុងព្រួយបារម្ភជាខ្លាំង អំពីការឆ្លងរាលដាលនៃមេរោគនេះ ក្នុងចំណោមពលករបរទេស ដែលរស់នៅកកកុញ តាមមណ្ឌលស្នាក់នៅជិត២០ទីតាំង។ ល្បឿននៃការឆ្លងមេរោគកូវីដ១៩ នៅសិង្ហបុរី កំពុងតែស្ទុះឡើងខ្លាំង ធ្វើឲ្យអាជ្ញាធរប្រទេសនេះ មានការព្រួយបារម្ភបំផុត។ នៅថ្ងៃចន្ទទី២០មេសា គេបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៤២៦នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី គឺមាន១៦នាក់ ជាជនជាតិសឹង្ហបុរី ឬអ្នកមានបណ្ណរស់នៅអចិន្ត្រៃយ៍។ ក្រៅពីនោះ គឺ១៤១០នាក់ទៀត សុទ្ធសឹងតែជាពលករបរទេស។ នេះបើយោងតាមការប្រកាស របស់ក្រសួងសុខាភិបាលសិង្ហបុរី។ អាជ្ញាធរសិង្ហបុរី បានចេញបញ្ជាបិទការចេញចូល មណ្ឌលស្នាក់នៅរបស់ពលករបរទេស ចំនួន១៨ទីតាំង។ មណ្ឌលស្នាក់នៅខ្លះ ដែលមានមនុស្សរស់នៅច្រើនជ្រុល អាជ្ញាធរបានរំលែក បញ្ជូនទៅនៅទីតាំងផ្សេងបណ្តោះអាសន្នសិន។ ក្រសួងសុខាភិបាល ដែលសហការជាមួយក្រសួងការងារ បានចេញប្រកាស ឲ្យកម្មករពលករបរទេស ទាំងអស់សំងំនៅតាមមណ្ឌលស្នាក់នៅរៀងៗខ្លួន រហូតដល់ថ្ងៃទី៤ខែឧសភា។ បើផ្អែកតាមក្រសួងការងារ និងអាជ្ញាធរគ្រប់គ្រងសំណងសិង្ហបុរី បានឲ្យដឹងថា ករណីឆ្លងថ្មីបានផ្ទុះឡើងខ្លាំង នាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺសុទ្ធសឹងតែពលករបរទេស ដែលធ្វើការក្នុងវិស័យសំណង់។

សូបបញ្ជាក់ថា សិង្ហបុរី មានពលករ កម្មករបរទេស ចំនួនប្រមាណ២សែននាក់ ដែលភាគច្រើនជាជនជាតិចិន និងបងក្លាដែស។ ជាមួយនឹងប្រាក់ខែប្រមាណ៥០០ដុល្លារក្នុងមួយខែ ពលករបរទេស ត្រូវបង្ខំចិត្តស្នាក់នៅជុំគ្នាក្នុងបន្ទប់តូចៗ នៅតាមមណ្ឌលស្នាក់នៅធំៗ ដែលគេសាងសង់សម្រាប់កម្មករបរទេស។ សូមរំលឹកដែរថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងកាលពីចុងសប្តាហ៍មុននេះ ថាចំនួនអ្នកឆ្លងមេរោគកូវីដ១៩ ក្នុងចំណោមពលករបរទេស ពិតជាអាចកើនឡើងលើសនេះទៀត ព្រោះអាជ្ញាធរសុខាភិបាល កំពុងតែបន្ថែមល្បឿនធ្វើតេស្តរកមេរោគ ឲ្យបានច្រើនបំផុត ដើម្បីយកអ្នកឆ្លងចេញពីមណ្ឌលស្នាក់នៅទាំងនោះ។ តែយ៉ាងណា អាជ្ញាធរសិង្ហបុរី អះអាងថាជាទូទៅ ពលករបរទេសដែលមានផ្ទុកមេរោគកូវីដ១៩ គឺពួកគេមានសុខភាពល្អទេ ព្រោះពួកគេមានវ័យក្មេងពេញកម្លាំង។

ជាមួយតួលេខថ្មីនេះ សិង្ហបុរី ជាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងមេរោគកូវីដ១៩ ច្រើនជាងគេបំផុត។ រដ្ឋាភិបាលសិង្ហបុរី បានចាត់វិធានាការ ដោយប្រុងប្រយ័ត្នបំផុត។ ព្រំដែនទាំងស្រុងត្រូវបិទ សូម្បីតែជើងហោះហើរយន្តហោះ ដែលត្រូវឆ្លងកាត់ ព្រលានយន្តហោះក៏ត្រូវហាមឃាត់។ ចាប់ពីដើមខែមេសានេះ សាលារៀន ហាងទំនិញ និងសកម្មភាពការងារដែលមិនចាំបាច់ ត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្ន៕

website_news/202021.0407.txt · Last modified: 2020/04/21 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki