website_news:2020210401

អាជ្ញាធរខេត្តកណ្ដាល ពង្រឹងក្រុមការងារ ទទួលខុសត្រូវ និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរវិលត្រលប់ពីថៃ

http://kampucheathmey.com/ 31/3/2020 12:01 Pm

កណ្ដាល ៖ លោក នៃ ចារី អភិបាលរង ខេត្តកណ្ដាល បានរំលឹកឲ្យ អភិបាលស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រលប់មកពីប្រទេសថៃ ពីព្រំដែនមកកាន់លំនៅឋានរៀងៗខ្លួន។ លោករំលឹកបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារ ដើម្បីទទួលខុសត្រូវ ទទួល និងដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។ លោកអភិបាលរងខេត្ត បានបន្តថា ដោយអនុវត្តតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ១០០៧ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ និងតាមការណែនាំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ខេត្តបានសម្រេចបង្កើតក្រុមការងារ ដើម្បីទទួលខុសត្រូវ ទទួល និងដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីប្រទេសថៃ។

លោកបញ្ជាក់ថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ហើយបានធ្វើការបិទព្រំដែនមក បងប្អូនខ្មែររស់នៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមច្រកព្រំដែននានា ដែលតម្រូវឲ្យអាជ្ញាធរត្រូវធ្វើការត្រៀម មធ្យោបាយដឹកជញ្ជូនគាត់មកកាន់លំនៅឋានរៀងៗខ្លួន។ លោក បានស្នើដល់ដល់អាជ្ញាធរស្រុក ក្រុង និងមន្ទីរពាក់ព័ន្ធ ត្រូវទំនាក់ទំនង និងចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដើម្បីជួយឧបត្ថម្ភដោះស្រាយដល់ការដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីព្រំដែនទៅកាន់ទៅកាន់លំនៅឋានរបស់ពួកគាត់។ ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ អំពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់និងរបៀបរាបរយសាធារណៈ ពិសេសត្រូវជួយឧបត្ថម្ភនូវម្ហូបអាហារ ទឹក សម្ភារៈ និងថ្នាំពេទ្យ ជាងនេះអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ តាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ អនុវត្តវិធានការណ៍ដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បានត្រឹមត្រូវស្របតាមនីតិវិធីដែលកំណត់ដោយក្រសួងសុខាភិបាល ព្រមទាំងធ្វើការណែនាំដល់ក្រុមគ្រួសារ អំពីវិធីការការពារឆ្លងជំងឺកូវីដ១៩៕ មុនី

website_news/2020210401.txt · Last modified: 2020/04/01 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki