website_news:2020210501

ឃាត់ខ្លួនពលរដ្ឋខ្មែរ ៨២ នាក់ ករណីលួចឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 20 May 2020 | 17:18 ICT

បន្ទាយមានជ័យៈ ពលរដ្ឋខ្មែរ ៨២ នាក់ ដែលមានកុមារ ៣ នាក់ផង ត្រូវបានទាហានកម្ពុជានៅតាមព្រំដែនជាប់ថៃឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ខណៈពួកគេកំពុងព្យាយាមលួចឆ្លងដែនចូលប្រទេសថៃ ខុសច្បាប់តាមច្រករបៀងតូចៗនៅជួរបន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តអារញ្ញប្រទេសថៃ។

លោក ឈុន ម៉ៅ មេបញ្ជាការរងភូមិភាគ ៥ និងជាមេបញ្ជាការទិសទី១ នៃខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធនេះថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង ៨២ នាក់នោះ មានស្រី ៣៣នាក់និងកុមារ៥នាក់។ ពួកគេត្រូវបានឃាត់ខ្លួន ខណៈកំពុងព្យាយាមលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់តាមច្រករបៀងតូចៗជិតច្រកអូរ ៣ ជាន់ ស្រុកអូរជ្រៅ ច្រកតាខ្លឹង ស្រុកស្វាយចេក ច្រកបន្ទាយរិទ្ធ ស្រុកថ្មពួក និងច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា៖ «ក្រោយការត្រួតពិនិត្យមិនឃើញមានរោគសញ្ញាជំងឺឆ្លងកូវីដ ១៩ ពួកគេត្រូវបានធ្វើការអប់រំណែនាំ និងបញ្ជូនទៅកាន់មូលដ្ឋានរបស់ពួកគេវិញ»។

លោក ម៉ៅ បានឲ្យដឹងដែរថាកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ កម្លាំងទាហានព្រំដែនកម្ពុជាបានទប់ស្កាត់ពលរដ្ឋខ្មែរ ៣៨ នាក់ ខណៈពួកគេកំពុងព្យាយាមលួចឆ្លងដែនចូលដីថៃខុសច្បាប់នៅខាងកើតច្រកបឹងត្រកួន និងច្រកភ្នំឆត្រ។ ពួកគេត្រូវបានបញ្ជូនទៅមណ្ឌលសំចតក្នុងស្រុកអូរជ្រៅនិងមណ្ឌលសំចតស្រុកស្វាយចេកដើម្បីអនុវត្តចត្តាឡីស័ក្ត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលលើកលែងតែបុរសម្នាក់ដែលសង្ស័យថាជាមេខ្យល់នាំផ្លូវឆ្លងដែន ។ លោកបានបញ្ជាក់ថា៖ «បុរសសង្ស័យជាមេខ្យល់នោះឈ្មោះ ឃាន ភៀន អាយុ ៣០ ឆ្នាំ មានលំនៅភូមិក្តីស្វិត ឃុំស្រែស្ដុកស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ គាត់ត្រូវបានក្រុមជនរងគ្រោះអះអាងថា បានយកលុយពីពួកគេក្នុងម្នាក់ៗ ៣ ០០០ បាត ជាថ្នូរនឹងការនាំផ្លូវពួកគេឆ្លងដែនទៅក្នុងទឹកដីថៃ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអូជ្រៅដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់»។

ប៉ុន្មានខែចុងក្រោយនេះបើទោះកងកម្លាំងយោធានិងនគរបាលកាពារព្រំដែនកម្ពុជា-ថៃ បានសហការគ្នាទប់ស្កាត់សកម្មភាពឆ្លងដែនទៅរកការងារធ្វើនៅថៃក្ដីក៏មានពលរដ្ឋមួយចំនួននៅតែលួចឆ្លងដែន រហូតត្រូវបានភាគីថៃចាប់បញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់។ លោក ម៉ៅ បានថ្លែងថា៖ «ទោះយ៉ាងណាយើងក៏មានការសោកស្ដាយផងដែរ ខណៈពលរដ្ឋខ្មែរយើង ១៦ នាក់ បានលួចឆ្លងដែនចូលទៅថៃដោយខុសច្បាប់ហើយត្រូវទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួននៅចំណុចភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ កាលពីទៀបភ្លឺចូលថ្ងៃទី ១៩ ខែឧសភា។ក្នុងចំណោមពលរដ្ឋខ្មែរទាំង ១៦ នាក់នោះ មានម្នាក់បានរងរបួសជើងម្ខាង ដោយសារមុតបន្លាលួសខណៈគាត់បានព្យាយាមរត់គេចពីការហ៊ុមព័ទ្ធនិងបាញ់គំរាមជាច្រើនគ្រាប់ដោយក្រុមទាហានឈុតខ្មៅថៃ»។

បើតាម លោក ម៉ៅ បុរសដែលរងរបួសនោះមានឈ្មោះ ផាត់ ថៃ អាយុ ៣៦ ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់-ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជ័យ។ ក្រោយឃាត់ខ្លួនជនរងគ្រោះត្រូវបានក្រុមទាហានឈុតខ្មៅថៃបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដុងអារញ្ញហើយធ្វើការសួរនាំមួយចំនួនទើបដឹងថាបុរសរងគ្រោះគឺជាមេខ្យល់ក្នុងការនាំពលករចំណាកស្រុកឆ្លងដែនចូលទៅរកការងារធ្វើក្នុងប្រទេសថៃដោយខុសច្បាប់។ លោក ម៉ៅ បានថ្លែងបន្តថា ពលរដ្ឋខ្មែរ ទាំង ១៦ នាក់នោះ ត្រូវបានភាគីថៃចាប់បញ្ជូនមកឲ្យភាគីកម្ពុជាវិញនៅព្រឹកថ្ងៃទី ២០ ខែឧសភា។ បច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅមណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីធ្វើចត្តាឡីស័ក្តិលើកលែងតែបុរសដែលរងរបួសឈ្មោះ ផាត់ ថៃ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ បានបញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ត្រូវទប់ស្កាត់ពលរដ្ឋកុំឲ្យឆ្លងដែនទៅប្រទេសជិតខាងខុសច្បាប់ ខណៈប្រទេសជិតខាងទាំងនោះកំពុងដាក់ក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ ១៩៕

website_news/2020210501.txt · Last modified: 2020/05/21 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki