website_news:2020210504

ថៃគ្រោងបើកព្រំដែនឡើងវិញនៅពេលឆាប់ៗខាងមុខនេះ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២០ ម៉ោង ១៤:១៦ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃគ្រោងបើកច្រកព្រំដែនកម្ពុជា-ថៃ អោយដំណើរការឡើងវិញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នេះបើតាមការឱ្យដឹងពីលោកអភិបាលរងខេត្តបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បើតាមព័ត៌មានដែលទទួលបានពីភាគីថៃគ្រោងបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ បើសិនជាភាគីថៃមិនបន្តប្រកាសអាសន្ន ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រោយពីភាគីថៃបានបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩ ហើយពលករខ្មែរដែលខុសច្បាប់ ត្រូវភាគីថៃចាប់បញ្ជូនតាមច្រករបៀងក្នុង១ថ្ងៃមិនតិចជា១៥០ទៅ២០០នាក់ស្ទើររាល់ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទឹសទី១បន្ទាយមានជ័យបានលើកឡើងថា ភាគីថៃបិទច្រកព្រំដែន គឺពលករខ្មែរសម្រុកចូលមកកម្ពុជាវិញ១ថ្ងៃរាប់រយនាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅពេលនេះពលករចំណាកស្រុកខុសច្បាប់ដែលចូលតាមច្រករបៀងខុសច្បាប់តាមរយៈមេខ្យល់ត្រូវបានចាប់បញ្ជូនមកវិញរាល់ថ្ងៃ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរស្រុក-ក្រុងជាប់ព្រំដែន និងកងកម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់ឱ្យបានចំពោះពលករចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលលួចចូលទៅរកការងារធ្វើ។ លោកអភិបាលខេត្តបានដាក់វិធានការដល់កម្លាំងមានសមត្ថកិច្ចត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការយល់ដឹងពីបញ្ហាចំណាកស្រុកខុសច្បាប់ ហើយត្រូវស្រាវជ្រាវរកចាប់ខ្លួនអោយបានចំពោះមេខ្យល់ដែលបានបោកប្រាស់ប្រជាពលរដ្ឋនាំទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដើម្បីចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020210504.txt · Last modified: 2020/05/21 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki