website_news:2020210505

កម្មករចាញ់បោកមេខ្យល់៣៤នាក់ ត្រូវយកមកដាក់មណ្ឌលចត្តាឡីស័ក

http://kampucheathmey.com/ 21/5/2020 11:50 Am

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងកងយោធភូមិភាគ៥ ទទួលទិសទី១បន្ទាយមានជ័យ បានទទួលយកកម្មករ ដែលចាញ់បោកមេខ្យល់ចំនួន៣៤នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ហើយ យកមកប្រគល់ឲ្យសមត្ថកិច្ចខ្មែរ តាមច្រកបឹងត្រកួន នៅព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ យកមកដាក់មណ្ឌលចត្តាឡីស័កមណ្ឌលថ្មពួក ពិនិត្យសុខភាព និង ដាក់ដោយឡែក រយៈពេល១៤ថ្ងៃ និងឲ្យធ្វើកិច្ចសន្យា កុំចាញ់បោកមេខ្យល់បន្ត។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានប្រាប់ពលករ ដែលចាញ់បោកគេថ្មីៗនេះថា មានប្រជាពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ ពេលដែលប្រទេសជិតខាងកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ចំពោះករណីនេះ ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែន ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ នៅតាមព្រំដែនឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ ការចេញចូលឆ្លងដែនខុសច្បាប់តាមច្រករបៀងតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។ លោកក៏បានបន្តទៀតថា សព្វថ្ងៃប្រទេសជាច្រើននៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ហេតុនេះ សមត្ថកិច្ចត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំឲ្យធ្វើដំណើរក្នុងរយៈពេលនេះជាដាច់ខាត ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

website_news/2020210505.txt · Last modified: 2020/05/21 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki