website_news:2020210506

អង្គការសេរីភាពកម្ពុជាអូស្ដ្រាលី បង្កើនលទ្ធភាពជួយយុវតីចៀសផុតពីអំពើរំលោភបំពានពេលបិទសាលារៀន

https://www.postkhmer.com/ ហុង រស្មី | Publication date 21 May 2020 | 11:06 ICT

ភ្នំពេញ៖ ទើបតែសហការជាមួយសាលារដ្ឋចំនួន ៥ និងសាលាឯកជន ២ នៅខណ្ឌចំការមន ដង្កោ និងស្ទឹងមានជ័យ នៃរាជធានីភ្នំពេញ អង្គការសេរីភាពកម្ពុជាអូស្ដ្រាលី ដែលមានបេសកកម្មទប់ស្កាត់អំពើជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទក្មេងស្រីបាន និងកំពុងផ្ដោតការយកចិត្ដទុកដាក់លើយុវតី និងក្រុមគ្រួសារពួកគេជាមួយកម្មវិធី «ឆ្លើយតបបន្ទាន់» តាមរយៈការផ្ដល់កញ្ចប់ជំនួយបន្ទាន់ ជាស្បៀងអាហារ និងសម្ភារវេជ្ជសាស្ដ្រអំឡុងពេលរោគរាតត្បាត។

អ្នកស្រី Julie Dowse ស្ថាបនិក អង្គការសេរីភាពកម្ពុជាអូស្ដ្រាលីបាននិយាយថា៖ «អ្វីដែលផ្ដើមពីកិច្ចខិតខំប្រឹងជាង ៤០ ថ្ងៃមុន បានប្រែក្លាយជាប្រតិបត្ដិការសង្គ្រោះយុវតីពីអំពើជួញដូរ ភាពអត់ឃ្លាន និងកត្ដាហានិភ័យផ្សេងៗ។ កញ្ចប់ជំនួយ រួមមាន សម្ភារអនាម័យបញ្ចៀសការឆ្លងជំងឺកូវីដ ១៩ ព័ត៌មានអំពីគន្លឹះសុវត្ថិភាព និងស្បៀងអាហារមូលដ្ឋាន»។ អ្នកស្រីបានលើកឡើងថា អ្នកម្ដាយកូនម្នាក់ ដែលទទួលសេវាកម្មពីអង្គការ បានបាត់បង់ប្រាក់ចំណូលមួយផ្នែកធំដោយលែងបានលក់ដូរអំឡុងពេលនេះ។ កញ្ចប់ជំនួយបានជួយកាត់បន្ថយការចំណាយលើគ្រឿងទេស ដើម្បីយកមកបង់ថ្លៃជួលផ្ទះ វិក្កយបត្រអគ្គិសនី និងទឹក។ និស្សិតម្នាក់ទៀត ដែលធ្វើការងារជាគ្រូបង្រៀនក្រៅម៉ោង ដើម្បីយកលុយរៀនបន្ដ ត្រូវរ៉ាប់រងបន្ទុកដ៏ធ្ងន់ដោយម្ដាយរបស់នាងមានបញ្ហាជំងឺក្រលៀន និងតម្រូវឲ្យមានការប្រើប្រាស់ឱសថរៀងរាល់ថ្ងៃ។ ដោយសារវិបត្ដិកូវីដ សាលារៀនត្រូវបិទទ្វារ ធ្វើឲ្យនាងបាត់បង់ចំណូល។ អ្នកស្រី Julie ក៏ជានាយិកាកម្មវិធីអន្ដរជាតិបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «បុគ្គលិករបស់យើងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារមួយនេះ និងជួយនាំម្ដាយទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល»។ កម្មវិធី «ឆ្លើយតបបន្ទាន់» គឺជាគម្រោងមួយរបស់អង្គការសេរីភាពកម្ពុជាអូស្ដ្រាលី ដែលបំពេញការងារទប់ស្កាត់អំពើជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទលើក្មេងស្រីជំទង់ (អាយុពី ១២ ទៅ ២៥ ឆ្នាំ) មុនពេលហេតុការណ៍កើតឡើង។

អ្នកស្រី Julie រួមជាមួយស្វាមី Geoff Dowse បានបង្កើតអង្គការនេះឡើង ខណៈពួកគេរស់នៅ និងធ្វើការនៅក្រុងភ្នំពេញ។ ត្រឡប់មកពីទីក្រុងស៊ីដនី អ្នកស្រី Julie បានចំណាយពេល ៤ ឆ្នាំនៅកម្ពុជាកសាងក្រុមកម្ពុជាអូស្ដ្រាលី (AusCam's National Team) មុនពេលវិលទៅ កាន់អូស្ដ្រាលី ដើម្បីកៀរគរ រៃអង្គាសប្រាក់ និងអភិវឌ្ឍដៃគូយុទ្ធសាស្ដ្របង្កើតជាអង្គការក្នុងឆ្នាំ ២០១២។ អង្គការសេរីភាពកម្ពុជាអូស្ដ្រាលី ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការផ្ទះអន្ដរកាលឲ្យក្មេងស្រីជ្រកកោន ក្រោយពេលត្រូវបានសង្គ្រោះ។ អ្នកស្រីបានឲ្យដឹងថា៖ «កិច្ចការនេះ គឺជាជំហានបន្ទាប់ តែអ្វីដែលសំខាន់យើងផ្ដោតចម្បងលើការអប់រំ បំណិនជីវិត និងការបណ្ដុះបណ្ដាល ដើម្បីកសាងសមត្ថភាពឲ្យពួកគេវិលទៅកាន់សហគមន៍វិញ»។ កម្មវិធីចំនួន ២ ដែលបាននិងកំពុងអនុវត្ដក្រោមបេសកកម្មរបស់អង្គការ គឺ SHINE ផ្ដោតលើការជួយក្មេងស្រីឲ្យបានចូលរៀន និង SHE ផ្ដល់តម្លៃដល់ក្មេងស្រីតាមរយៈការបណ្ដុះបណ្ដាលជំនាញដឹកនាំជាដើម។ អំឡុងពេលរោគរាតត្បាត កុមារជាជនងាយរងគ្រោះពីការបិទទ្វារសាលា ខណៈសេវាកម្មនានាទាក់ទងការអប់រំត្រូវបានកាត់ផ្ដាច់ រួមនឹងការអន្ដរាគមន៍ផ្សេងៗសម្រាប់អ្នកអាចប្រឈមហានិភ័យ។ ជាមួយកញ្ចប់ជំនួយក្នុងគ្រាលំបាកនេះ ខ្សែទូរស័ព្ទហតឡាញមួយត្រូវបានដាក់ឲ្យដំណើរការ ហើយក្មេងស្រីរាប់រយនាក់បានទទួលប្រាក់បញ្ចូលទូរស័ព្ទស្រួលទាក់ទងគ្រប់ពេលវេលាទៅកាន់បុគ្គលិកសង្គម ដែលផ្ដល់កិច្ចអន្ដរាគមន៍ភ្លាមៗចំពោះក្រុមគ្រួសារប្រឈមគ្រោះថ្នាក់បំផុត។

អ្នកស្រី Julie បានឲ្យដឹងថា៖ «យើងដាក់ឲ្យដំណើរការខ្សែទូរស័ព្ទ ០១១ ៤៤៤ ០៨០ សម្រាប់ផ្ដល់កិច្ចអន្ដរាគមន៍ចំពោះវិបត្ដិផ្សេងៗ និងចែកស្បៀង សម្ភារសុខភាព និងសុវត្ថិភាពដល់ពួកគេ។ អ្នកខលទូរស័ព្ទដំបូងរបស់យើង គឺជាអ្នកម្ដាយមានកូនស្រីអាយុ ១៥ ឆ្នាំ និងកូនតូចម្នាក់ ដែលបានរត់គេចពីផ្ទះ ពេលប្ដីទី ២ របស់ខ្លួនព្យាយាមបំពានផ្លូវភេទលើកូនស្រី ខណៈខ្លួនទៅធ្វើការ»។ អ្នកស្រីពន្យល់ថា ការពិតក្មេងស្រីនោះមិនបានចូលរៀន និងត្រូវបានទុកនៅផ្ទះជាមួយឪពុកចុង។ ក្នុងស្ថានភាពនេះ ក្មេងស្រីងាយនឹងទទួលនូវអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ខណៈបុគ្គលអាចជាជនល្មើសយកនាងទៅលក់។ ស្ថាបនិករូបនេះបានបន្ថែមថា៖ «បច្ចុប្បន្ន យើងមានក្មេងស្រីចុះឈ្មោះទទួលអាហារូបករណ៍ ១៦៥ នាក់ ដែលទទួលបានការគាំទ្រផ្នែកផ្លូវចិត្ដសង្គម និងសម្ភារសិក្សា។ កាលពីឆ្នាំមុន អង្គការក៏បានឧបត្ថម្ភក្មេងស្រីជាង ៧០០ នាក់ ជាមួយកម្មវិធីអប់រំ បំណិនជីវិត ការប្រឹក្សាអាជីពការងារ ក្លិបស្ដ្រី និងជំនួយផ្សេងៗ»។ មិនខុសពីអាជីវកម្មដទៃ ចំណូល និងប្រាក់បរិច្ចាគមកកាន់អង្គការសេរីភាពកម្ពុជាអូស្ត្រាលី រងប៉ះពាល់យ៉ាងខ្លាំងដោយសារតែកូវីដ ១៩។ អ្នកស្រីស្ថាបនិកបានពន្យល់ថា៖ «យើងចង់ឲ្យម្ចាស់ជំនួយគិតគូរពីការជួយយើងកសាងចីរភាពសេដ្ឋកិច្ច ដើម្បីធានាថា កម្មវិធីរបស់យើងអាចបន្ដដំណើរយ៉ាងរលូនពេលអ្វីៗវិលទៅកាន់សភាពដើម។ ជំនួយហិរញ្ញវត្ថុរបស់លោកអ្នកពិតជាសំខាន់ចំពោះកិច្ចការនេះ និងកសាងកម្ពុជាកាន់តែរឹងមាំ ក្រោយបញ្ចប់កូវីដ១៩។ទឹកប្រាក់៤៩ដុល្លារ អាចជួយផ្គត់ផ្គង់ស្បៀង១គ្រួសាររយៈពេល១ខែ»។

website_news/2020210506.txt · Last modified: 2020/05/21 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki