website_news:2020210903

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤បានទទួលពលរដ្ឋខ្មែរចំនួន ២០៥ ដែលអាជ្ញាធរថៃបញ្ជូនមក ឲ្យអាជ្ញាធរកម្ពុជាវិញ

https://www.cen.com.kh/ September 18, 2020

ព្រំដែន៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមក មានចំនួន ១៥នាក់ ស្រី ០៥នាក់ និងកុមារ ០២នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឱ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានសហការជាមួយ មន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យ វាស់កំដៅ និងសម្រួលបែបបទចូលប្រទេស ជូនពលរដ្ឋខ្មែរចំនួន ០២នាក់ ដើម្បីធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានវិញ ស្ថិតនៅរាជធានីភ្នំពេញ និងជនបរទេសចំនួន ០៣នាក់ ដើម្បីធ្វើដំណើរចេញទៅ ប្រទេសឡាវ។ ដោយយោងតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍បានប្រគល់ពលរដ្ឋខ្មែរខាងលើ ជូនមន្ត្រីចត្តាឡីស័ក ប្រចាំច្រកទ្វារ ដើម្បីគ្រប់គ្រង និងអនុវត្តន៍នីតិវិធីបន្ត។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។ ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ៥១នាក់ ស្រី ២០នាក់ និងកុមារ ០៨នាក់។ ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១៣០នាក់ ស្រី ៥០នាក់។

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពលករខ្មែរចំនួន ០៤នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៤នាក់នេះ មាន ១-ឈ្មោះ សុខ មុំ ភេទស្រី អាយុ ៤០ឆ្នាំ, ២-ឈ្មោះ តុប សុភី ភេទស្រី អាយុ ៣២ឆ្នាំ, ៣-ឈ្មោះ ឯក រីម ភេទស្រី អាយុ ៤២ឆ្នាំ, ៤-អោក ស្រីឡេង ភេទស្រី អាយុៈ១៨ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្ត្រីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕ ដោយ៖កូឡាប

website_news/2020210903.txt · Last modified: 2020/09/21 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki