website_news:2020211002

ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម បានស្នើ ឲ្យ ក្រុមជំនាញទាំង ៦ នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួបរួមគ្នាបញ្ចេញ សមត្ថភាពរបស់ខ្លួន

https://www.pdikampongcham.info/ ២០ ខែតុលា ២០២០ អត្ថបទ៖ លឹម ប៉ៃលិន

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ក្រុមការងារជំនាញទាំង៦ ឲ្យមានការរួបរួមគ្នា និងបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុង ការគោរពនូវផែនការព្រមទាំងគោរពតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈដែលមេខ្យល់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ព្រមជាមួយការរំដោះជនរងគ្រោះបានជាច្រើនរូបផងដែរ ។ ការស្នើឡើងយ៉ាង ដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំ ផែនការ សកម្មភាព របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស(គ ខ ប ជ ) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំបំពេញការងារ ជូនរដ្ឋបាលខេត្ត ពីសំណាក់ក្រុមការងារទាំង៦ និងលេខាធិការដ្ឋាន ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស និងទប់ស្កាត់ការធ្វើចំណាកស្រុក មិនស្របច្បាប់ រហូតឈានទៅដល់ការ ចាប់ខ្លួនមេខ្យល់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់ ក្នុងពេលអនុវត្តការងារ កន្លងមក ។ លោកជំទាវ បានបន្តថា ក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ការងារ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហេីយគាត់បានត្រលប់មកពីការធ្វើចំណាកស្រុកវិញជាបន្តបន្ទាប់ ចាប់ពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន អ្នកចំណូលស្រុកកើនដល់៤,៦២៥នាក់ ទន្ទឹមនេះដែរក្រុមការងារយើងក៏បាន ខិតខំបន្តកិច្ចសហការជាមួយ អ្នកពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូនានា ដើម្បីបន្តជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងកំឡុងពេលកូវីដ១៩ នេះផងដែរ ។

ជាមួយគ្នានោះ លោកជំទាវ ប៉ាង ដានី ក៏បានសំណូមពរឲ្យបណ្តាអង្គការពាក់ព័ន្ធនានាផ្សេងទៀត មេត្តាចូលរួមសហការ និងគាំទ្រដល់ក្រុមការងារយើងជាបន្តទៀត ដើម្បីទប់ស្កាត់ ការចំណាកស្រុកមិនស្របច្បាប់ និងប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ជាពិសេសគាំទ្រដល់សកម្មភាពដែលក្រុម ការងារទាំង៦ និងលើកឡើងជាផែនការសកម្មភាពរបស់ខ្លួនក្នុងកិច្ចប្រជុំនេះ។ ព្រមទាំងសូមឲ្យប្រធាន និងសមាជិកនៃក្រុមការងារទាំង៦ ត្រូវខិតខំលើកសកម្មភាពឆ្លើយតប ឲ្យបានច្បាស់លាស់ និងអនុវត្តន៏បាន ដើម្បីសម្រេចបានលទ្ធផលកាន់តែល្អប្រសើរក្នុងឆ្នាំ២០២១ខាងមុខនេះ ផងដែរ ៕

website_news/2020211002.txt · Last modified: 2020/10/21 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki