website_news:2020211202

ខណៈខេត្តសាមុតសាខន ផ្ទុះជំងឺកូវីដ , សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ

https://www.cen.com.kh/ December 20, 2020

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។ នេះបើតាមលោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ លោកជំទាវយក់ សម្បត្តិ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។ លោកជំទាវ យក់ សម្បត្តិ បានបន្តទៀតថា តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន, រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ដល់ទៅជាង៥០០ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួនករណីឆ្លងដ៏ច្រើនបំផុតដែលត្រូវបានរាយការណ៍ក្នុងរយៈពេលត្រឹម១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2020211202.txt · Last modified: 2020/12/21 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki