website_news:2020211205

កូវីដ១៩៖ រដ្ឋាភិបាលកម្ពុជា ដាក់ចេញចំណាត់ការបន្ទាន់ពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនថៃ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 20/12/2020 - 11:19 ដោយ៖អោ ស្រីពេជ្រ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ បានចាត់វិធានការពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ នៅតាមព្រំដែនថៃ ក្នុងខេត្តចំនួន៧ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ វិធានការបន្ទាន់នេះ ធ្វើឡើងស្របពេលដែលមានការផ្ទុះករណីវិជ្ជមានកូវិដ១៩ដែលមិនធ្លាប់មាន ក្នុងខេត្តសាមុតសាខនរបស់ប្រទេសថៃ ក្បែរខាងកម្ពុជា ដែលបានរកឃើញករណីវិជ្ជមានកូវីដ១៩ជាង ៥០០ករណី ក្នុង១ថ្ងៃ កាលពីម្សឹលមិញនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ធ្នូនេះ បានដាក់ចេញចំណាត់ការបន្ទាន់ ទៅអាជ្ញាធរ ខេត្តទាំង ៧ជាប់ព្រំដែននៃប្រទេសថៃ ឲ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករ ដែលត្រឡប់មកពីប្រទេសថៃ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ចូលកម្ពុជា ស្របពេលដែរ អាជ្ញាធរថៃ នៅថ្ងៃម្សិលមិញ បានប្រកាសពីករណីវិជ្ជមានកូវីដ១៩ថ្មី ទ្រង់ទ្រាយធំលើមនុស្សចំនួន ៥៤៨នាក់ ក្នុងខេត្តសាមុតសាខន រហូតដល់មានការបិទខ្ទប់ខេត្តមួយនេះទាំងស្រុងចំនួន១៤ថ្ងៃ ដែលនេះពុំធ្លាប់កើតមានឡើងនោះទេ រាប់ចាប់តាំងពីមានការផ្ទុះករណីដំបូងនៅក្នុងប្រទេសថៃ កាលពីដើមខែមករាឆ្នាំ២០២០កន្លងទៅ។ តាមរយៈក្រសួងសុខាភិបាល បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបរិច្ចាគទឹកប្រាក់ចំនួន ៣៥០លានរៀលដល់ខេត្តចំនួន៧នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ដោយអាជ្ញាធរខេត្តនិមួយៗនឹងទទួលបានប្រាក់ចំនួន ៥០លានរៀល ដើម្បីរៀបចំដោះស្រាយនូវបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ពីប្រទេសថៃនៅពេលនេះ។ បើតាមក្រសួងមហាផ្ទៃ ពលករខ្មែរជាង៩ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរជាង១លាននាក់ដែលធ្វើការនៅប្រទេសថៃ បានធ្វើដំណើរមកកម្ពុជាវិញ នៅគ្រាដែលថៃបិទប្រទេសខ្លួនដោយសារជំងឺកូវីដ១៩ កាលពីខែមិនាកន្លងទៅនេះ។

សូមជម្រាបជូនថា រដ្ឋាភិបាលថៃ គិតត្រឹមថ្ងៃនេះ បានធ្វើតេស្តទៅលើមនុស្សជិត១៥០០នាក់ នៅក្នុងខេត្តសាមុតសាខននេះ លទ្ធផលវិជ្ជមាន៥៧៦ ដែលភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសភូមា ដែលក្នុងនោះ មាន១៩ករណីជាករណីឆ្លងចូលសហគមន៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាំងកកប៉ុស្តិ៍ចុះផ្សាយនៅរសៀលថ្ងៃទី២០នេះ៕

website_news/2020211205.txt · Last modified: 2020/12/21 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki