website_news:2020211206

ពលករខ្មែរមកពីថៃ ត្រូវធ្វើចត្តាឡីស័កនៅព្រំដែនភ្លាមៗ សម្ដេចបញ្ជាឱ្យអាជ្ញាធរទាំង ៧ ខេត្តរឹតបន្តឹងបំផុត

https://news.sabay.com.kh/ 20-12-2020 ម៉ោង 16:17

តាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន រាល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ ពេលនេះត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេញពេលចូលមកកម្ពុជា ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអភិបាលខេត្តទាំង ៧ ដែលនៅជាប់ព្រំដែនថៃ រឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល ១៤ ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង ។

គួរឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា ៥០លានរៀល ក្នុង១ខេត្ត សម្រាប់ខេត្តដែលជាប់ព្រំដែនប្រទេសថៃ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ។

សូមបញ្ជាក់ថា ខេត្តសាមុតសាខន ដែលមានចម្ងាយប្រមាណតែ ៣០០ គីឡូម៉ែត្រពីកម្ពុជា កំពុងផ្ទុះកូវីដ ១៩ ជាថ្មី ដោយក្នុងនោះត្រឹមថ្ងៃទី ១៩ ធ្នូ ២០២០ រកឃើញមានករណីឆ្លងកូវីដ ១៩ ជាង ៥០០ នាក់ឯណោះ ៕

website_news/2020211206.txt · Last modified: 2020/12/21 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki