website_news:2020211207

រថយន្តកងទ័ព ៧០គ្រឿង ចេញទាំងយប់ ទៅព្រំដែនអូរស្មាច់ ដូង និងប៉ោយប៉ែត

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៩:២៩ មុត ស្រីពៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រថយន្តកងទ័ព ៧០គ្រឿង នឹងចេញទៅព្រំដែនយប់នេះ ចំនួន ៣ច្រក ដើម្បីត្រៀមដឹកពលករខ្មែរ មកពីថៃ តាមច្រកព្រំដែនអូរស្មាច់ ដូង និងប៉ោយប៉ែត។ ក្នុងសារជាសំឡេង កាលពីព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ណែនាំឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ដើម្បីត្រៀមទទួលពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃនេះសម្តេច បានបញ្ចេញថវិកា៥០លានរៀល ក្នុង១ខេត្តៗ នៅខេត្តជាប់ព្រំដែន បន្ថែមលើថវិកាកន្លងមក ដើម្បីរៀបចំធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ ១៤ថ្ងៃ នៅតាមខេត្តជាប់ព្រំដែនទាំងនោះ ដោយមិនអាចបណ្តោយឲ្យចូលមកពេញផ្ទៃប្រទេសបានទេ។ ដូច្នេះនៅពេលបងប្អូនពលករយើង វិលត្រឡប់មកពីប្រទេសថៃ ចូលមកដល់ប្រទេសកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ក្នុងសភាពការណ៍ចំនួនមនុស្ស ចូលមកហួសការគ្រប់គ្រងយើងត្រូវបញ្ចេញកងទ័ព ទៅជួយអន្តរាគមន៍ ដើម្បីទៅដឹកជញ្ជូនមកខាងក្រោយ។ ដោយទទួលព័ត៌មានពីអគ្គបញ្ជាការកងទ័ព និងមេបញ្ជាការកងទ័ពជើងគោក គឺរថយន្តកងទ័ព ចំនួន ៧០គ្រឿង នឹងចេញទៅយប់នេះ ចំនួន ៣ច្រក ដែលបានត្រៀមទុក គឺនៅអូរស្មាច់ ដូង និងប៉ោយប៉ែត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនអនុញ្ញាតឲ្យបងប្អូន ដែលវិលត្រឡប់មកពីប្រទេសថៃ ធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬបែកខ្ញែក ដែលមិនអាចគ្រប់គ្រងបាន នាំទៅដល់ហានិភ័យនៃការឆ្លងចូលសហគមន៍ ដោយយើងមិនបានដឹងនោះទេ។ ដូច្នេះកងទ័ព នឹងត្រូវទទួលបន្ទុកក្នុងការដឹកជញ្ជូនបងប្អូនទាំងនេះ រាប់ទាំងការផ្គត់ផ្គង់ ដោយសហការជាមួយអាជ្ញាធរខេត្តព្រំដែន នគរបាល និងអាវុធហត្ថ នៅតាមច្រកព្រំដែនទាំងបីផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ដោយជ្រើសយកបទពិសោធន៍កាលពីខែមេសា ដែលមានពលករកម្ពុជា ចូលមកជាង ១២ម៉ឺននាក់ ដោយពេលនេះ យើងត្រូវបំព្រួញច្រកចេញចូល មកនៅត្រឹម ៣ច្រក គឺអូរស្មាច់ ដូង និងប៉ោយប៉ែត ដើម្បីងាយស្រួលគ្រប់គ្រង និងដឹកជញ្ជូន។ ចំណែកអ្នកចូលមកតាមច្រករបៀង ត្រូវធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែននោះ ហើយបើច្រើន ត្រូវទាក់ទងកងទ័ព ដើម្បីដឹកជញ្ជូនអ្នកទាំងនោះ។ សម្តេចតេជោ ក៏បានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់ និងម៉ាសធម្មតា ទៅតាមបណ្តាខេត្តជាប់ព្រំដែន ពិសេសនៅច្រកព្រំដែនទាំង ៣ អូរស្មាច់ ដូង និងនៅប៉ោយប៉ែត៕

website_news/2020211207.txt · Last modified: 2020/12/21 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki