website_news:202021_0401

ពលករខ្មែរឆ្លងដែនពីថៃចូលមកកម្ពុជា ពី១៥០ទៅ៣០០នាក់ ក្នុង១ថ្ងៃៗ

http://kampucheathmey.com/ 20/4/2020 5:09 Pm

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ឲ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃ នៅតែបន្តឆ្លងដែនត្រឡប់ចូលមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់ ដោយក្នុង១ថ្ងៃៗមានពលករប្រមាណពី១៥០ ទៅ៣០០នាក់ ដែលឆ្លងដែនតាមច្រកព្រំដែនដូង ច្រកអូស្មាច់ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកស្រីបានបន្តថា «ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ យើងធ្វើការវាស់កម្ដៅដល់ពលករ ដែលមកពីប្រទេសថៃចំនួន២ដង គឺទី១យើងវាស់កម្ដៅនៅព្រំដែន និងទី២វាស់កម្ដៅនៅពេលដឹកជញ្ជូនពួកគាត់ពីព្រំដែនយកទៅដាក់នៅតាមខេត្ត។ ក្នុងករណី មានការសង្ស័យលើពលករណាម្នាក់នោះ យើងនឹងបញ្ជូនទៅធ្វើតេស្តនៅមន្ទីរពេទ្យ និងទុករយៈពេល១៤ថ្ងៃនៅទីតាំងខេត្តដែលបានត្រៀមទុករួចជាស្រេច។» លោកស្រីបានបន្តថា «ដោយឡែកពលករដែលមិនមានការសង្ស័យទេយើងបន្តបញ្ជូនទៅតាមភូមិរបស់គាត់ ប៉ុន្តែត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃដូចគ្នា។» លោកស្រីបានបន្ថែមថា ពលករដែលមកពីប្រទេសថៃ គឺភាគច្រើនយើងបញ្ជូនទៅកាន់ភូមិកំណើតរបស់គាត់រៀងៗខ្លួនវិញ ពោលគឺមានចំនួនតិចតួចទេដែលត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ១៩។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្នុងចំណោមពលករដែលវិលត្រឡប់មកពីប្រទេសថៃជាង ៩ ម៉ឺននាក់ មានករណីសង្ស័យជំងឺកូវីដ១៩ចំនួន ៤១០ នាក់ ហើយត្រូវបានយកសំណាកទៅធ្វើតេស្ត ប៉ុន្តែលទ្ធផលបង្ហាញថា គឺអវិជ្ជមានទាំងអស់៕»អត្ថបទ៖ សំអឿន

website_news/202021_0401.txt · Last modified: 2020/04/21 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki