website_news:2020220403

ការត្រឡប់មកពីថៃរបស់ពលរដ្ឋខ្មែរ តាមច្រកនានាក្នុងខេត្តបាត់ដំបង មានការថយចុះ

http://btv.com.kh/nation-news/ 21/04/2020

បាត់ដំបង ៖ ការត្រឡប់មកស្រុកកំណើតវិញ របស់ប្រជាពលរដ្ឋ និងពលករខ្មែរ ពីប្រទេសថៃ ឆ្លងកាត់តាមច្រក នានា នៅក្នុងខេត្តបាត់ដំបង បានថយចុះជាបន្តបន្ទាប់ ក្រោយពីអាជ្ញាធរថៃ កាន់តែដាក់បម្រាមមិនឲ្យមាន ការធ្វើដំណើរដោយសេរីដូចពេលមុន ដោយសារបញ្ហាជំងឺកូវីដ១៩។ លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានឲ្យដឹងថា កាលពី មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពលករខ្មែរ មកពីថៃ ក្នុងមួយថ្ងៃ តាមច្រកនានា ក្នុងខេត្តបាត់ដំបង ជាប់ នឹងព្រំដែនថៃ មានប្រមាណជាង៣០០ទៅ៤០០នាក់ និងពេលខ្លះឡើងដល់ជាង៥០០នាក់ ប៉ុន្តែបច្ចុប្បន្ន បន្ទាប់ពីចូលឆ្នាំរួច ក្នុងមួយថ្ងៃៗ គឺថយចុះមកត្រឹមជាង១០០នាក់ ឬក្រោម១០០នាក់ ខណៈ រថយន្ត របស់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ប្រមាណ១៥គ្រឿង ត្រូវបានដាក់ពង្រាយចាំដឹកពលករ ទាំងនោះទៅស្រុក ដែលកាលពីមុនមានចំនួន៥០គ្រឿង។ លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ទោះបីនាពេលកន្លងមក នៅមិនទាន់មានបញ្ហាអសន្តិសុខអ្វី កើតឡើង នៅពេលមានពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ ក្នុងខណៈពេលពិភពលោក កំពុងជួប បញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងក៏ដោយ ក៏អាជ្ញាធរខេត្ត នៅតែសហការជាមួយមន្ទីរជំនាញ និងកងកម្លាំងពាក់ព័ន្ធ ត្រៀមបង្ការទប់ស្កាត់ជានិច្ច នូវបញ្ហាជំងឺកូវីដ និងបញ្ហាអសន្តិសុខ។ ពលករ ដែលមានទីលំនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ពីថៃ ចូលតាមច្រកក្នុងខេត្ត និងក្រៅ ខេត្ត ក្នុងថ្ងៃទី២០ ខែមេសា នេះ មានចំនួន៣០នាក់ ហើយពលករ ដែលមានទីលំនៅតាមបណ្តារាជធានី /ខេត្ត ដែលចូលមកវិញតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង ក្នុងថ្ងៃដូចគ្នានេះ មានចំនួន៥៨នាក់៕

website_news/2020220403.txt · Last modified: 2020/04/22 12:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki