website_news:2020220404

រដ្ឋមន្ត្រី៖ មិនទាន់រកឃើញវិជ្ជមានកូវីដ ១៩ ក្នុងពលករ ៩ ម៉ឺននាក់ដែលមកពីថៃទេ

https://www.postkhmer.com/ នៀម ឆេង | Publication date 21 April 2020 | 10:24 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងថា រហូតមកដល់ពេលនេះពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃមានប្រមាណ ៩ ម៉ឺននាក់។ ប៉ុន្តែក្រសួងមិនទាន់រកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ លើពលករណាម្នាក់ទេ។ ក្រសួងសុខាភិបាលបានចំណាយថវិកាសរុបជាង ១០ លានដុល្លារ ដើម្បីការប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងសន្និសីទប្រចាំសប្ដាហ៍នៅទីស្ដីការក្រសួងសុខាភិបាលកាលពីម្សិលមិញ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីការវិវត្តនៃជំងឺកូវីដ ១៩។ លោក ប៊ុនហេង ថ្លែងថាក្នុងចំណោមពលករមានតែអ្នកដែលគួរឲ្យសង្ស័យតែតាមការធ្វើតេស្តពួកគេមិនមានផ្ទុកមេរោគនេះទេ។ ទោះយ៉ាងណាហានិភ័យអាចនឹងកើតមានពីសំណាក់ពួកគេ។ លោក ប៊ុនហេង បានថ្លែងថា៖ «ពលករពីថៃ ៩ ម៉ឺននាក់ យើងកំពុងតាមដានដល់ពេលនេះមិនទាន់មានអ្នកផ្ទុកទេ យើងគិតថានឹងអាចមានហានិភ័យ សភាពការណ៍យើងនៅផុយស្រួយ»។

លោក លី សុវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានថ្លែងក្នុងសន្និសីទដែរថា ក្នុងចំណោមពលករដែលមកពីប្រទេសថៃចំនួនប្រមាណ ៩ ម៉ឺននាក់ មាន ៤១០ នាក់ត្រូវបានធ្វើតេស្ត តែលទ្ធផលអវិជ្ជមានទាំងអស់។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងបានរៀបចំធ្វើការពិនិត្យសុខភាពពលករត្រឡប់ពីប្រទេស ថៃ តាមច្រកចំនួន ៣ រួមមាន ច្រកប៉ោយប៉ែត ច្រកដូង និងច្រកអូរស្មាច់។ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ ១៩ បានរៀបចំតង់នៅតាមច្រក រៀបចំថវិកាដល់មន្ត្រីពេទ្យ និងអាហារសម្រាប់ពលករពេលរង់ចាំ។ ក្រៅពីនេះខាងកងទ័ពក៏បានរៀបចំការដឹកជញ្ជូនពលករពីច្រកព្រំដែនទាំងនោះទៅកាន់ខេត្តក្រុងទាំង២៥។

ស្របពេលជាមួយគ្នានេះលោកស្រី យក់ សម្បត្តិ បានធ្វើបច្ចុប្បន្នភាពថវិកា និងការចំណាយដើម្បីប្រយុទ្ធនឹងជំងឺនេះដោយលោកស្រីថ្លែងថា ថវិកាដែលទទួលបានពីសប្បុរសជនមានសរុប ១៣ លានដុល្លារ។ ក្នុងចំនួននេះក្រសួងបានដកចំនួន ៥ លានដុល្លារសម្រាប់ទិញសម្ភារផ្សេងៗជាពិសេសម៉ាស់។ ថវិកាចំនួន ១ លានដុល្លារដែលនឹងត្រូវផ្ទេរទៅក្រសួងការងារនឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ទ្រទ្រង់ និងព្យាបាល ធ្វើតេស្តដល់កម្មករដែលត្រឡប់មកពីស្រុកក្នុងពេលបុណ្យចូលឆ្នាំ។

ចំណែកថវិការដ្ឋដែលបានគ្រោងទុកសរុបចំនួន ៣០ លានដុល្លារ ក្រសួងបានចំណាយអស់ ៤,៥ លានដុល្លារ ហើយទៅលើការទិញសម្ភារផ្គត់ផ្គង់ទៅគ្រប់ខេត្តក្រុង និងមន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យចាក់អង្រែ។លោកស្រីបានពន្យល់ថា ការចំណាយសម្រាប់ព្យាបាលអ្នកជំងឺម្នាក់ៗមានចន្លោះពី ២ ០០០ ទៅ ២ ៥០០ ដុល្លារ សម្រាប់ការស្នាក់នៅមន្ទីរពេទ្យចាប់ពី ១០ ថ្ងៃឡើងទៅ។ លោកស្រីបញ្ជាក់ថា៖ «នៅប៉ាស្ទ័រ តេស្តមួយតម្លៃប្រហែលជា ១០០ ទៅ ១២០ ដុល្លារ តាមបទពិសោធពី Westerdam។ ដូច្នេះតេស្តមាន ២ យ៉ាងគឺតេស្តខ្លះអ្នកជំងឺមានរោគសញ្ញា តេស្តខ្លះលើអ្នកជំងឺគ្មានរោគសញ្ញា។ ដូច្នេះប្រែប្រួលពី ២០ ទៅ ៣០ ដុល្លារក្នុងតេស្តមួយ។ ជាសរុបតេស្តមួយពី ១០០ ទៅ ១២០ ដុល្លារ ហើយប្រសិនបើគាត់ស្នាក់នៅរយៈពេល ១០ ថ្ងៃ យើងឃើញថា គ្រាន់តែតេស្តនៅមន្ទីរពិសោធន៍គឺ ១ ០០០ ដុល្លារ»។ លោកស្រីបន្តថា៖ «បើគិតដល់ការព្យាបាល ថ្នាំ បើគាត់អស់កម្លាំងត្រូវដាក់សេរ៉ូមត្រូវបំប៉នវីតាមីនផ្សេងៗទៀត ថ្នាំព្យាបាលទៅតាមរោគសញ្ញាផ្សេងៗទៀត គិតជាមធ្យមសម្រាប់បរទេស និងអាហារហូបចុករបស់គាត់ទៀត។ ដូច្នេះខ្ញុំគិតជាមធ្យមសម្រាប់អ្នកដែលសម្រាកចាប់ពី ១០ ថ្ងៃឡើងទៅ ប្រហែលពី ២ ០០០ ទៅ ២ ៥០០ ដុល្លារអាមេរិក ក្នុង ១ ករណី»។

ក្រៅពីថវិកានេះលោកស្រីថា មានដៃគូអភិវឌ្ឍន៍ពីប្រទេសផ្សេងៗដែលផ្ដល់ថវិកាតាមរយៈគម្រោងមានសរុប ២០ លានដុល្លារ។ ការផ្ដល់ជំនួយនេះមានក្នុងរូបភាពផ្សេងៗដូចជា រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង និងម៉ាស៊ីនជំនួយដល់ការដកដង្ហើម (វ៉ង់ទីឡាទ័រ)។ លោកស្រីថា សព្វថ្ងៃកម្ពុជាមាន វ៉ង់ទីឡាទ័រចំនួន ១២៤ គ្រឿងនៅតាមមន្ទីរពេទ្យនានា ហើយថ្មីៗកម្ពុជាបានទទួល វ៉ង់ទីឡាទ័រថ្មី ចំនួន ២៥ គ្រឿង។ នៅចុងខែនេះ វ៉ង់ទីឡាទ័រចំនួន ៣៥ ទៀតនឹងមកដល់។ ធនាគារពិភពលោកក៏នឹងផ្ដល់ជូនបន្ថែមប្រមាណ ៥០ គ្រឿងទៀត៕

website_news/2020220404.txt · Last modified: 2020/04/22 12:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki