website_news:2020220502

លោក ឈុន ម៉ៅ ទទួលយកពលករចាញ់បោកមេខ្យល់៣៤នាក់មកដាក់មណ្ឌលចត្តាឡីស័ក

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 21/05/2020

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារងយោធភូមិភាគ៥ ទទួលទិសទី១ខេត្តបន្ទាយមានជ័យ និងកូនចៅបានទទួលយកពលករដែលចាញ់បោកមេខ្យល់ចំនួន៣៤នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ហើយយកមកប្រគល់ឲ្យសមត្ថកិច្ចខ្មែរតាមច្រកបឹងត្រកួនកាលពីព្រឹកថ្ងៃ ទី២០ ខែ ឧសភា ឆ្នាំ ២០២០ យកមកដាក់មណ្ឌលចត្តាឡីស័កមណ្ឌលថ្មពួកពិនិត្យសុខភាព និង ដាក់ដោយឡែក រយៈពេល១៤ថ្ងៃ និងឲ្យធ្វើកិច្ចសន្យា កុំចាញ់បោកមេខ្យល់បន្ត។ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានប្រាប់ថា៖ ពលករដែលចាញ់បោកគេត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ពេលដែលប្រទេសថៃកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ចំពោះករណីនេះ ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ថកិច្ចទាំងអស់នៅតាមព្រំដែនឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់ តាមច្រករបៀងតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។ លោកបានបន្តថាត្រូវស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមច្រករបៀងនានា ក្នុងករណីដែលសមត្ថកិច្ច នៃប្រទេសថៃបានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនខុសច្បាប់ចូលត្រូវបានសមត្ថកិច្ច ត្រូវធ្វើការទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ច នៃប្រទេសថៃដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យចាប់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងខ្លួនឲ្យបានសមស្រប។

លោកបានបន្តថាសព្វថ្ងៃប្រទេសថៃនៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ហេតុនេះសមត្ថកិច្ចត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃក្នុងរយៈពេលនេះជាដាច់ខាត។អង្គភាពលោកនៅតែបន្តយកចិត្តទុកដាក់អនុវត្តវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ៕

website_news/2020220502.txt · Last modified: 2020/05/25 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki