website_news:2020220503

បិទមណ្ឌលចត្តាឡីស័ក ពិនិត្យសុខភាព ព្រោះពលករ មកពីក្រៅប្រទេស កាន់តែស្បើយទៅៗ ប៉ុន្តែខេត្តបាត់ដំបង ត្រៀមមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកបន្តទៀត

https://www.cen.com.kh/ May 21, 2020

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចបិទមណ្ឌលចត្តាឡីស័ក នៅតាមសាលារៀន ប្រគល់ឲ្យខាងគណៈគ្រប់គ្រង់សាលាវិញ ដើម្បីត្រៀមរៀបចំបើកបវេសនកាលឡើងវិញ នៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារការវិលត្រឡប់ របស់ពលករខ្មែរចេញពីប្រទេសថៃ តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង មានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ការរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ត្រួតពិនិត្យសុខភាព ពលករមកពីប្រទេសថៃ នៅវិទ្យាល័យព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបងនោះ ត្រូវបានសម្រេចបិទត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយសារពុំមានពលករចូលមកធ្វើចត្តាឡីស័កទៀតទេ ហើយការចូលពីប្រទេសថៃមក កាន់តែស្បើយទៅៗនិងពួកគេ (ពលករ) តម្រង់ទៅគោលដៅខេត្ត ស្រុកដែលពួកគេរស់នៅតែម្តង។ ប៉ុន្តែបើមានពលករមកច្រើន ខេត្តក៏បានត្រៀមមណ្ឌលចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបន្តទៀត។ ចំពោះការបិទធ្វើចត្តាឡីស័ក នៅតាមសាលារៀននេះ ដើម្បីឲ្យសិស្សដែលត្រូវដាក់ពាក្យប្រឡងនាពេលខាងមុខ ស្របតាមការណែនាំក្រសួងអប់រំ យុវជននិងកីឡា ហើយការប្រគល់សាលាជូនគណៈគ្រប់គ្រងវិញនេះ ក៏មានការបោសសម្អាត បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីកុំឲ្យមានមន្ទិលដល់លោកគ្រូ អ្នកគ្រូ សិស្សនិងអាណាព្យាបាលសិស្សផងដែរ ។

ចំពោះរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលត្រៀមដឹកពលករចេញពីប្រទេសថៃ ក៏បានបិទបញ្ចប់ដែរ តាំងពីចុងខែមេសា ដោយបច្ចុប្បន្នពលករដែលឆ្លង មកពីថៃគឺត្រូវជិះរថយន្តឈ្នួលដោយខ្លួនឯង ប៉ុន្តែសមត្ថកិច្ចនិងមន្ត្រីសុខាភិបាល ក៏បានត្រួតពិនិត្យសុខភាពពួកគាត់ មុននឹងអនុញ្ញាតឲ្យទៅស្រុកកំណើតវិញផងដែរ។ ក្នុងគោលបំណងទប់ស្កាត់ កុំឲ្យមានរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តបាត់ដំបង ក៏បានចេញសេចក្តីណែនាំ ទៅតាមទីកន្លែងអាហារដ្ឋាន ភោជនីយដ្ឋានក្នុងខេត្ត មុននឹងឲ្យភ្ញៀវចូលបរិភោគអាហារ ក្នុងកន្លែងរបស់ខ្លួន ត្រូវវាស់កម្តៅ បាញ់ទឹកអាល់កុល ឬជែលលាងដៃ ឲ្យត្រឹមត្រូវ ទើបអនុញ្ញាតឲ្យចូល ហើយនៅតាមតុអាហារ ត្រូវរក្សាគម្លាតពីគ្នាផងដែរ។

យោងតាមរបាយការណ៍សាលាលខេតេ្តបាត់ដំបង បានបង្ហាញថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ពលករខ្មែរមានទីលំនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ពីថៃ ចូលតាមច្រកក្នុងខេត្ត និងក្រៅខេត្ត ចំនួន៥២នាក់ ស្រី២៣នាក់ ពលករមានទីលំនៅតាមបណ្តារាជធានី ខេត្ត ចូលមកវិញតាមច្រកទ្វារព្រំដែន ក្នុងខេត្តបាត់ដំបង ចំនួន១៦នាក់ ស្រី៥នាក់ ហើយពលរដ្ឋ និងពលកររស់នៅក្នុងខេត្តបាត់ដំបង ធ្វើដំណើរមកពីក្រៅប្រទេស ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ មានចំនួន ១៧ ៤៣១នាក់៕ ដោយ៖ អ៊ុងសារុំ

website_news/2020220503.txt · Last modified: 2020/05/25 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki