website_news:2020220504

ពលរដ្ឋខ្មែរពី៦០ទៅ៧៥ភាគរយ ចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ខណៈពេលប្រទេសទាំងពីរនៅបិទព្រំដែន

http://kampucheathmey.com/ 21/5/2020 8:44 Pm

សៀមរាប ៖ មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

មន្ត្រីបានឲ្យដឹងទៀតថា រយៈកាលកន្លងមក ដោយសារការចាញ់បោកមេខ្យល់ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួន បានធ្វើដំណើរទាំងប្រថុយប្រថានត្រឡប់ចូលទៅប្រទេសថៃវិញ តាមច្រកព្រំដែនចំនួន ០៣ គឺច្រកដូង , ច្រកម៉ាល័យ និង ច្រកប៉ោយប៉ែត ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំនៅតាមច្រកនិមួយៗឃាត់ទុក ព្រមទាំងបានធ្វើការអប់រំ និងណែនាំឲ្យពួកគាត់ ត្រឡប់មកលំនៅឋានវិញ ដើម្បីរង់ចាំនៅពេលក្រោយក្នុងខណៈពេលដែលជំងឺកូវីដ១៩ មានភាពធូរស្បើយ ឬក៏មានការសម្រេចពីរដ្ឋាភិបាលនៃប្រទេសពីរ ដែលបានឯកភាពគ្នាអនុញ្ញាតឲ្យបើកច្រកព្រំដែនឡើងវិញ។ មន្ត្រីបានឲ្យដឹងបន្ថែមទៀតថា តាមការសាកសួរព័ត៌មានពីបងប្អូនប្រជាពលរដ្ឋទាំងអស់នោះ ពួកគាត់និយាយថា ពួកគាត់ត្រូវបានមេខ្យល់មកធ្វើការអូសទាញ ដោយសន្យាជូនទៅដល់កន្លែងធ្វើការនៅក្នុងប្រទេសថៃ ដែលតម្រូវឲ្យពួកគាត់បង់ប្រាក់ថៃពីចំនួន ២.៥០០ ទៅ ៣.៥០០ បាត ក្នុងមួយនាក់ ទៅតាមទីកន្លែងជិតឆ្ងាយ ប៉ុន្តែពេលមកដល់ព្រំដែន ពួកគាត់ត្រូវគេទុកចោល ហើយគេនិយាយថា មានគេមកទទួលពួកគាត់នាំចូលទៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចប្រចាំនៅតាមច្រកនិមួយៗឃាត់ទុកតែម្ដង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារមួយ ឈ្មោះថា ក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ជាប្រធានក្រុម និង មានថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមទាំងអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទាំងអស់ក្នុងខេត្ត ជាសមាជិក ហើយក្រុមការងារនេះ បានដាក់មន្ត្រីនៅប្រចាំការរៀងរាល់ថ្ងៃនៅតាមច្រកព្រំដែនកម្ពុជា ថៃ។

ក្នុងឱកាសចុះត្រួតពិនិត្យ និង សួរសុខទុក្ខដល់មន្ត្រីប្រចាំការតាមច្រកព្រំដែន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្លាប់បានធ្វើការនៅក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនោះ គួរកុំធ្វើការប្រថុយប្រថាន និង កុំចាញ់បោកតាមការញុះញង់របស់មេខ្យល់ ដែលសន្យានាំបងប្អូនទៅកន្លែងធ្វើការនៅក្នុងប្រទេសថៃវិញនោះ ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរ កម្ពុជា-ថៃ នៅមិនទាន់បើកច្រកព្រំដែនសម្រាប់ការចេញចូលនៅឡើយទេ ដែលការបិទព្រំដែននេះ គឺដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រង់ចាំនៅពេលក្រោយ ក្នុងខណៈពេលដែលជំងឺកូវីដ១៩ មានភាពធូរស្បើយ ឬក៏មានការសម្រេចពីរដ្ឋាភិបាលនៃប្រទេសពីរ ដែលបានឯកភាពគ្នាអនុញ្ញាតឲ្យបើកច្រកព្រំដែនឡើងវិញ។

គួររំលឹកថា ជារៀងរាល់ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកប្រទេសយើយវិញ មានចំនួនក្នុងចន្លោះពី២០០ទៅ៣០០នាក់ ក្នុងនោះចូលមកក្នុងខេត្តសៀមរាប ក្នុងចន្លោះចំនួនពី១០ទៅ២០នាក់៕ គឿនវេត

website_news/2020220504.txt · Last modified: 2020/05/25 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki